នាយករដ្ឋមន្ត្រី​ឡាវ​៖ ឡាវ​បន្ត​ការសង់​ទំនប់ទឹក បន្ទាប់ពី​ការ​បែកធ្លាយ​ទំនប់ទឹក បង្ក​មហន្តរាយ​

2716
ចែករម្លែក

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith កាលពីថ្ងៃពុធទី១២កញ្ញាបាននិយាយថា ប្រទេសឡាវនឹងបន្តយុទ្ធសាស្ត្រវារីអគ្គិសនីដ៏មហិច្ឆតារបស់ខ្លួនបន្ទាប់ពីការបាក់ទំនប់ទឹកបង្កជំនន់សម្លាប់មនុស្សរាប់សិបនាក់ ប៉ុន្តែលោក បានប្តេជ្ញាថានឹងធ្វើគម្រោងទំនប់ទឹកវារីអគ្គិសនីឱ្យកាន់តែល្អឡើង។

ការធ្វើអត្ថាធិប្បាយពីនាយករដ្ឋមន្ត្រីឡាវរូបនេះ បានកើតឡើងនៅអំឡុងវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទំនប់ទឹកនេះបានបាក់ធ្លាយកាលពីខែកក្កដានៅខេត្តអត្តពឺ ។

តាមតួលេខជាផ្លូវការពីរដ្ឋាភិបាលឡាវ បានឱ្យដឹងថាមនុស្សចំនួន៣៥នាក់បានស្លាប់ក្នុងការបាក់ធ្លាយទំនប់ទឹក Xe Pian Xe Namnoy នេះ។

លោក Thongloun Sisoulith បាននិយាយថា ចាប់តាំងពីមហន្តរាយនេះមកឡាវបានផ្អាកគម្រោងកសាងទំនប់ទឹកថ្មីទាំងអស់ប៉ុន្តែគម្រោងទំនប់ទឹកវារីអគ្គិសដែលចាប់ផ្តើមនៅពេលនេះ នឹងត្រូវបានពិនិត្យមើល។

លោកបាននិយាយថា “ការកសាងគម្រោងវារីអគ្គិសនីគឺជាមធ្យោបាយល្អក្នុងការបង្កើតប្រាក់ចំណូល។ផលប៉ះពាល់នៃឧបទ្ទវហេតុនេះកាលពីខែកក្កដាគឺជាអ្វីដែលយើងនឹងបន្តយកទៅពិចារណានៅពេលដែលកំពុងដំណើរការទៅមុខទាក់ទងនឹងការផលិតវារីអគ្គិសនីរបស់យើង”។

លោកបានបន្ថែមថា “ទំនប់ទឹកទំាងអស់ត្រូវផ្អែកលើការរៀបចំផែនការដោយប្រុងប្រយ័ត្ននិងការគូរប្លង់ដ៏ល្អ” ៕ដោយ:សុខា/sn

ទាហានឡាវធ្វើដំណើរតាមគោយន្តក្រោយការបាក់ទំនប់ទឹកនៅខេត្តអត្តពឺ

#