នាយករដ្ឋមន្ត្រី​ឡាវ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​

105
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន​:​ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ១២ – ១៣ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​ក្នុងអំឡុង​ទស្សនកិច្ច​នេះ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូលជួប​សំដែង​ការគួរសមដាច់ដោយឡែក​ពីគ្នា ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ដែល​ផ្តោត​ការពិភាក្សាលើ​ទិដ្ឋភាព​ផ្សេងៗ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ព្រំដែន​។ ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំងពីរនឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន និង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កានៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មណ្ឌប​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់​ឯកឧត្តម បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀតនូវ​ចំណងមិត្តភាព ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា រវាង​កម្ពុជា និង​ឡាវ ៕​V/Ha

#