នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទូចថា​ចក្រភព​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​តុលា បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា ការផ្អាក​ប្រជុំ​សភា​ជា “​រឿង​ខុសច្បាប់​”

540
ចែករម្លែក

​តុលាការ​កំពូល​របស់​ចក្រភព​អង់គ្លេស​បានចេញ​សេចក្តីសម្រេច​កាលពី​ថ្ងៃ​អង្គារ​ទី ២៤ កញ្ញា​ថា លោកនាយក​រដ្ឋមន្ត្រី​បូរី​ស ច​ន​សុន បានធ្វើ​សកម្មភាព​ខុសច្បាប់​នៅពេល​គាត់​បានស្នើ​ដល់​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​ត​ឱ្យ​ផ្អាក​សភា គឺ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ហើយ​ដូច្នេះ​អង្គនីតិបញ្ញត្តិ​មិនអាច​ត្រូវ​ផ្អាក​បានទេ​។​

​ប្រធាន​តុលាការ​កំពូល​លោកស្រី ប្រេន​ដា ហ៊ែ​ល (Brenda Hale) បាន​និយាយថា “​ការស្នើ​ដល់​ព្រះមហា​ក្សត្រិយានី​ឱ្យ​ផ្អាក​សភា​គឺ​ខុសច្បាប់ ពីព្រោះ​វា​មាន​ឥទ្ធិពល​រារាំង​ឬ​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​សភា​ក្នុងការ​អនុវត្ត​មុខងារ​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​”​។​

​សេចក្តីសម្រេច​នេះ​គឺជា​ការសម្រេច​ចិត្តជា​ឯកច្ឆន្ទ​ដោយ​ចៅក្រម ១១ រូប​របស់​តុលាការ​។​

​ប្រធាន​តុលាការ​កំពូល​លោកស្រី​ហ៊ែ​ល​និយាយថា “​សភា​មិនអាច​ត្រូវ​ផ្អាក​បានទេ​។ នេះ​គឺជា​សេចក្តីសម្រេច​ជា​ឯកច្ឆន្ទ​ដោយ​ចៅក្រម​ទាំង ១១ រូប​។ វា​គឺ​សម្រាប់​សភា ជាពិសេស ប្រធានសភា ដើម្បី​សម្រេច​ថា​ត្រូវធ្វើ​អ្វី​បន្ទាប់​ទៀត​”​។​

​សភា​ត្រូវបាន​ផ្អាក​ឬ​ពន្យារពេល​ចាប់ពី​ថ្ងៃទី ១០ កញ្ញា​ដល់​ថ្ងៃទី ១៤ តុលា​។​

​ការផ្អាក​នេះ​ត្រូវបាន​អនុម័ត​ដោយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​ត ដែលជា​ប្រមុខរដ្ឋ​អព្យាក្រឹត​ខាង​នយោបាយ​របស់​ចក្រភព​អង់គ្លេស ដែល​ធ្វើតាម​សំណើ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី ព្រោះ​ទ្រង់​ត្រូវបាន​តម្រូវឱ្យធ្វើ​ដូច្នេះ នៅក្រោម​រដ្ឋធម្មនុញ្ញ​ដ៏​ស្មុគស្មាញ​និង​មិន​ច្បាស់លាស់​របស់​អង់គ្លេស​។​

​លោក​ច​ន​សុន​បាន​និយាយថា សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ប្រឆាំងនឹង​រូបគាត់​បាន​រារាំង​ការប៉ុនប៉ង​របស់គាត់​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ពី Brexit ប៉ុន្តែ​ថា​ដើម្បី​អនុលោម​តាមច្បាប់ ចក្រភព​អង់គ្លេស​នឹងត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ៣១ តុលា​។​

​លោក​ច​ន​សុន​និយាយថា “​ដូចដែល​ច្បាប់​បានចែង យើង​នឹង​ចាកចេញ​នៅ​ថ្ងៃទី ៣១ តុលា ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹង​ទទួលបាន​កិច្ចព្រមព្រៀង​មួយ ហើយ​ខ្ញុំ​គិតថា​អ្វីដែល​ប្រជាជន​នៃ​ប្រទេស​នេះ​ចង់បាន​គឺ​ចង់ឃើញ​សមាជិកសភា​មក​ធ្វើការ​រួមគ្នា​ដើម្បី​ផលប្រយោជន៍​ជាតិ​ដើម្បី​សម្រេច​រឿងនេះ ហើយ​នោះ​គឺជា​អ្វីដែល​យើង​នឹងធ្វើ​”​។​

​លោក ច​ន បឺ​ខៅ (John Bercow) ប្រធានសភា​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សភា​អង់គ្លេស​ត្រូវតែ​កោះប្រជុំ​ដោយ​គ្មាន​ការពន្យារពេល​នោះឡើយ​។​

​លោក​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់គាត់​ថា “​ក្នុងនាម​ជា​តំណាង​នៃ​លទ្ធិប្រជាធិបតេយ្យ​សភារ​បស់​យើង សភា​ត្រូវតែ​កោះប្រជុំ​ដោយ​គ្មាន​ការពន្យារពេល​។ នៅ​ទីបញ្ចប់​នេះ ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​បណ្តា​មេដឹកនាំ​គណបក្ស​នានា​ជាបន្ទាន់​”៕ ដោយ៖ កញ្ញាដាលីស

លោកនាយក​រដ្ឋមន្ត្រី​បូរី​ស ច​ន​សុន