នាយករដ្ឋមន្ត្រី​អង់គ្លេស​ឈ្នះ​ការបោះឆ្នោត​សភា​ក្នុង​សំឡេង​ភាគច្រើន​ដាច់ខាត ដូច្នេះ​នឹង​អាច​យក​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​បាន​ក្នុងពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ

282
ចែករម្លែក

​បក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានឈ្នះ​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា ដែល​នឹង​អនុញ្ញាតឱ្យ​គាត់​យក​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។​

​លទ្ធផល​បោះឆ្នោត​បានបង្ហាញ​ថា បក្ស​អភិរក្សនិយម​បានឈ្នះ ៣២៦ អាសនៈ​ក្នុងចំណោម ៦៥០ អាសនៈ នៅក្នុង​សភា​ជាន់​ទាប ដូច្នេះ​មានន័យថា​ពួកគេ​គ្មាន​អ្នកណា​អាច​ផ្តួល​បានឡើយ​។ ការស្ទង់មតិ​អំពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ​បាន​បង្ហាញថា បក្ស​អភិរក្សនិយម​អាចនឹងទទួល​បាន​កៅអី​សរុប ៣៦៨ អាសនៈ​។​

​បន្ទាប់ពី​ឈ្នះឆ្នោត លោក​ច​ន​សុន​និយាយ “​ខ្ញុំ​គិតថា​នេះ​នឹង​ក្លាយជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ផ្តល់ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​យើង​នូវ​ឱកាស​ក្នុង​ការគោរព​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​អង់គ្លេស​”​។​

​លោក​និយាយថា​បក្ស​អភិរក្សនិយម​ហាក់ដូច​ជា​បានឈ្នះ “​អាណត្តិ​ថ្មី​ដ៏​មាន​ឥទ្ធិពល​ដើម្បី​សម្រេច​ឱ្យបាន​នូវ Brexit”​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​និយាយថា​វា​មើល​ទៅជា “​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​លោក​បូរី​ស​”​។​

​បក្ស​ការងារ​ត្រូវគេ​ព្យាករណ៍​ថា​នឹង​ទទួលបាន ២០៣ អាសនៈ ដែលជា​លទ្ធផល​អាក្រក់​បំផុត​សម្រាប់​គណបក្ស​នេះ​ចាប់តាំងពី​ឆ្នាំ ១៩៣៥៕ ដោយ៖ កញ្ញាដាលីស

បក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានឈ្នះ​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា