នាយករដ្ឋមន្ត្រី​អញ្ជើញ​បើក​ការដ្ឋាន​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​នៅ​ព្រឹក​នេះ​

504

(​ភ្នំពេញ)៖​នៅ​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កំពុងអញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម​ត្រង់​ស្រុក​ស្ទឹងត្រង់​ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​ត្រង់​ស្រុក​ក្រូចឆ្មា​។​

គម្រោង​សាងសង់​ស្ពាន​និង​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​ជិត៥៧ លាន​ដុល្លារ​អាមេរិក​ដែលជា​កម្ចីសម្បទាន​រប​ស់​ប្រទេស​ចិន ។​

បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​សង់ស្ពាន​នេះ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ស្ពាន​មាន​ប្រវែង​សរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០​ម៉ែត្រ​ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក (Continues Box Girder bridge)​។​

​ក្រៅពី​ការសាងសង់​ស្ពាន​ក៏មាន​ការសាងសង់​កំណាត់​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​សរុប​ប្រវែង៨.៣២៣ ម៉ែត្រ​ផងដែរ ។ ក្នុងនោះ​ផ្លូវ​មេ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ ៧១​សេ មាន​ប្រវែង៣.៨៦៩​ម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង៤.៤៥៤​ម៉ែត្រ ក្រាល​ថ្ម​ចាក់​កៅស៊ូ ២​ជាន់ (DBST) ។ សរុប​ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង ៩.៤៥៤​ម៉ែត្រ​។​

​គម្រោង​សាងសង់​ស្ពាន​និង​ផ្លូវ​នេះ ត្រូវបាន​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (Shanghai Construction Group) និងត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន ដែល​ប្រើ​រយៈពេល​សាងសង់ ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ហើយ​គ្រោង​បញ្ចប់​នា​នៅ​ដើមឆ្នាំ​២០២១​។​

​ការសាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ យ៉ាងសំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ​ឲ្យ​បាន​ងាយស្រួល និង​ឆាប់រហ័ស​។

​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ​គឺជា​ស្ពាន​ទី​៨​ហើយ ដែល​សាងសង់​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ។ ស្ពាន​ចំនួន ៧ ដែល​សាងសង់​រួចរាល់​កន្លងមក​រួមមាន ស្ពាន​មិត្តភាព​កម្ពុជា​ចិន​កោះធំ ,​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ពាន​ជ្រោយចង្វា​២, ស្ពាន​មិត្តភាព​កម្ពុជា ចិន សេកុង​ខេត្តស្ទឹងត្រែង ,​ស្ពាន​មិត្តភាព​កម្ពុជា ចិន ព្រែក​ក្តាម​,​ស្ពាន​មិត្តភាព​កម្ពុជា ចិន ព្រែ​តា​មាក់ ,​ស្ពាន​មិត្តភាព​កម្ពុជា ចិន មេគង្គ​ស្ទឹងត្រែង និង​ស្ពាន​មិត្តភាព​កម្ពុជា ចិន​តាខ្មៅ​។​​ដោយៈ​តារា​រិ​ទ្ធ​/sn