នាយករដ្ឋមន្ត្រី​អា​ឌឺ​ន ៖ ជន​វាយប្រហារ​នៅ​ក្រៃ​ឈឺ​ច​មានបំណង​បន្ត​ការសម្លាប់​រង្គាល​ថែមទៀត នៅពេល​ត្រូវបាន​ចាប់ខ្លួន​

209
ចែករម្លែក
  • 19
    Shares

​នាយករដ្ឋមន្ត្រី​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន (Jacinda Ardern) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​មីនា​ថា ជនសង្ស័យ​សំខាន់​នៅក្នុង​ការបាញ់ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​សម័យកាល​សន្តិភាព​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ មានបំណង​បន្ត​ការសម្លាប់​រង្គាល​ថែមទៀត មុនពេល​រូបគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​។​

​លោកស្រី​អា​ឌឺ​ន​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ក្រៃ​ឈឺ​ច​ថា “​ជនល្មើស​កំពុង​ធ្វើ​ចល័ត​ទី មាន​អាវុធ​ពីរ​ដើម​ទៀត​នៅក្នុង​រថយន្ត ដែល​ជនល្មើស​កំពុង​នៅក្នុង ហើយ​វា​ជា​បំណង​របស់​ជនល្មើស​ដើម្បី​បន្ត​ការវាយប្រហារ​”​។​

​ជនសង្ស័យ ដែលមាន​ឈ្មោះថា ប្រេន​តុ​ន ហារី​ស​សុន ថា​រ៉ា​ន់ (Brenton Harrison Tarrant) ជា​ពលរដ្ឋ​អូស្ត្រាលី​អាយុ​២៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ប៉ុន្តែ​លោកស្រី​អា​ឌឺ​ន​បាន​បន្ថែមថា ការចោទប្រកាន់​បន្ថែម​ទៀត​ទំនងជា​នឹង​កើតឡើង​។​

​លោកស្រី​បាន​និយាយ​ទាក់ទិន​នឹង​ជនរងគ្រោះ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មិនមាន​ឯកសិទ្ធិ​ត្រូវ​ខូចចិត្ត​ទាំងស្រុង​នៅ​ចំណុច​នេះ​ទេ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា ក្មេង​តូចៗ​បាន​ជាប់​នៅក្នុង​ការវាយប្រហារ​ដ៏​រន្ធត់​នេះ​”​។​

​ថា​រ៉ា​ន់​បាន​បង្ហាញខ្លួន​នៅក្នុង​តុលាការក្រុង​ក្រៃ​ឈឺ​ច​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ និង​មិនទាន់បាន​សារភាព​ទោសកំហុស​នៅឡើយ​ទេ រហូតដល់​ការបង្ហាញ​ខ្លួន​លើក​ក្រោយ​នៅឯ​តុលាការ​ជាន់ខ្ពស់​នៅ​កោះ​ខាងត្បូង​របស់​ទីក្រុង​នេះ​នៅ​ថ្ងៃទី ៥ ខែមេសា​ខាងមុខ​។​

​ដៃ​ជាប់​ខ្នោះ​និង​ស្លៀកពាក់​ឈុត​ស​របស់​អ្នកទោស ថា​រ៉ា​ន់​មិនបាន​និយាយ​អ្វី​ទាំងអស់​។​

​មេធាវី​តែងតាំង​ដោយ​តុលាការ​សម្រាប់​ថា​រ៉ា​ន់​មិនបាន​ស្នើសុំ​ការបង់ប្រាក់​ធានា​ក្រៅ​ឃុំ​ទេ​។​

​ការវាយប្រហារ ដែល​លោកស្រី​អា​ឌឺ​ន​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម​នេះ គឺជា​ការសម្លាប់​រង្គាល​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​សម័យកាល​សន្តិភាព​នៅ​នូ​វែ​ល​សេ​ឡង់ ហើយ​ប្រទេស​នេះ​បាន​បង្កើន​កម្រិត​គំរាមកំហែង​សន្តិសុខ​ដល់​កម្រិត​ខ្ពស់បំផុត​។​

​ថា​រ៉ា​ន់​ត្រូវ​បានកំណត់​មុខសញ្ញា​ជា​អ្នក​សង្ស័យ​គាំទ្រ​ពួក​ស្បែ​កស​ជ្រុលនិយម​ម្នាក់ ដោយ​ផ្អែកលើ​សកម្មភាព​លើ​បណ្តាញ​សង្គម​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន