នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ជួប​ការ​ប្រជែង​យក​តំណែង​ដឹកនាំ​លើក​ទី​២

767
ចែករម្លែក

នាយករដ្ឋមន្រ្តីម៉ាល់ខូម ធឺនប៊ុល ដែលកំពុងមានបញ្ហាប្រឈមការប្រជែងរក្សាតំណែងដឹកនាំជាលើកទី២នៅថ្ងៃព្រហស្បតិ៍ទី២៣សីហា ជាមួយបុរសដែលកំពុងទាមទារអោយមានកិច្ចប្រជុំគណបក្សសេរីនិយមដើម្បីបោះឆ្នោតលើបញ្ហានេះ។

លោកផេធឺ ឌុតថុន

អតីតរដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោកផេធឺ ឌុតថុន(Peter Dutton)ដែលត្រូវបានគេមើលឃើញថាជនអភិរក្សប្រកាន់តឹងម្នាក់ បាននិយាយថាលោកមានជំនឿថាឥឡូវលោកមានចំនួនគាំទ្រគ្រប់គ្រាន់ដើម្បីដណ្តើមតំណែងដឹកនាំពីលោក ម៉ាល់ខូម ធឺនប៊ុល។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា” នៅព្រឹកនេះ ខ្ញុំបានទូរស័ព្ទទៅលោកនាយករដ្ឋមន្រ្តីដោយប្រាប់លោកថា សមាជិកបក្សភាគច្រើនលែងគាំទ្រភាពជាមេដឹកនាំរបស់លោកទៀតហើយ។ដូច្នេះ ខ្ញុំបានស្នើអោយលោកបើកកិច្ចប្រជុំមួយឡើងរបស់គណបក្សសេរីនិយមដែលខ្ញុំអាចប្រជែងយកតំណែងមេដឹកនាំរបស់បក្ស”។

នាយករដ្ឋមន្រ្តីម៉ាល់ខូម ធឺនប៊ុល (កណ្តាល)ដែលកំពុងមានបញ្ហាប្រឈមការប្រជែងរក្សាតំណែងដឹកនាំជាលើកទី២នៅថ្ងៃព្រហស្បតិ៍ទី២៣សីហា

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោកធឺនប៊ុលបានគេចផុតពីការធ្លាក់ពីតំណែងមេដឹកនាំ ក្រោយការបោះឆ្នោតដែលលោកទទួលបានការគាំទ្រ៤៨សម្លេងទល់នឹង៣៥។លោកនៅមិនទាន់ឆ្លើយតបចំពោះការគំរាមចុងក្រោយនេះទេចំពោះការគ្រប់គ្រងដឹកនាំបក្សរបស់លោក ទោះជាយ៉ាងណាសារព័ត៌មានABCបានរាយការណ៍ថាលោកបានច្រានចោលការទាមទារអោយមានកិច្ចប្រជុំមួយទៀត។

ដើម្បីបង្ខំរឿងនេះ លោកឌុតថុន ត្រូវតែធ្វើញត្តិមួយមានការចុះហត្ថលេខាដោយរដ្ឋមន្រ្តីភាគច្រើន ដោយបញ្ជាក់ថាពួកគេលែងមានជំនឿចិត្តលោកការដឹកនាំរបស់ធឺនប៊ុល។

នៅថ្ងៃ២៣សីហានេះដែរ រដ្ឋមន្រ្តីជាន់ខ្ពស់៣នាក់ក្នុងគណៈរដ្ឋមន្រ្តីអូស្រ្តាលី បានប្រាប់លោកធឺនប៊ុលថា លោកបានបាត់បង់ការគាំទ្ររបស់រដ្ឋាភិបាលរបស់លោកនិងត្រូវតែធ្វើកិច្ចប្រជុំផ្ទៃក្នុងបក្សដើម្បីរើសមេដឹកនាំម្នាក់ជាបន្ទាន់។

ចលាចលផ្ទៃក្នុងបក្សនេះ ជាវគ្គចុងក្រោយមួយនៅក្នុងនយោបាយព្យុះភ្លៀងអស់ពេលមួយទសវត្សរ៍មកនេះរបស់អូស្រ្តាលី ដោយគ្មានមេដឹកនាំណាម្នាក់អាចកាន់តំណែងបានចប់មួយអាណត្តិទេចាប់តាំងពីលោក ចន ហូវឺត ចាញ់ឆ្នោតនៅឆ្នាំ២០០៧៕ដោយ៖វាសនា