នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​សារ​ព័​ត៌​មាន​ជៀសវាង​នូវ​ការផ្សព្វផ្សាយ​ព័​ត៌មាន​មិន​ពិត

549
ចែករម្លែក
  • 48
    Shares

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នក​សារ​ព័​ត៍​មាន​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ តាម​ក្រមសីល​ធម៌​វិជ្ជាជីវៈ​សារ​ព័​ត៌​មាន គោរព​ច្បាប់​រដ្ឋ និង​ជៀសវាង​នូវ​ការផ្សព្វផ្សាយ​ព័​ត៌​មាន​មិន​ពិត ឬ​ព័​ត៌មាន​តែមួយ​ជ្រុង ឬ​ដោយសារតែ​គំនុំ ដោយ​ពុំ​គិត​អំពី​ក្បួនខ្នាត​ក្រឹត្យក្រម​នៃ​សារ​ព័​ត៌​មាន ហើយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផ្សព្វផ្សាយ​ព័​ត៌​មាន​ក្លែងក្លាយ​បំប៉ោង​សភាព​​ការណ៍ ញុះញង់​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ ឬ​បង្ក​ឲ្យ​មា​​ន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ប្រទេសជិតខាង ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ ដែលជា​អំពើ​ខុសច្បាប់​មិន​អត់ឱន​ឲ្យ​ជា​​ដាច់ខាត​។​

​ការអំពាវនាវ​នេះ តាមរយៈ​សា​រល​លិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារ​ព័​ត៌​មាន​កម្ពុជា​ស្តីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័​ត៌​មាន​ក្លែងក្លាយ​” នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​។

នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា វេទិកា​និពន្ធ​នាយក​សារ​ព័​ត៌​មាន​កម្ពុជា​ឆ្នាំ​២០១៨ បាន​លើកយក​ប្រធានបទ​ស្តីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័​ត៌​មាន​ក្លែងក្លាយ​” គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​សាកល​លោក​ទាំងមូល​កំពុង​ប្រឈម​និង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅ​និង​ការប្រើប្រាស់​ព័​ត៌​មាន​ក្លែងក្លាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​តាម​បណ្តាញ​​ទំនាក់ទំនង​សង្គម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន បានធ្វើអោយ​ពិភពលោក​មាន​ភាពចលាចល ច្របូកច្របល់ និង​កំពុង​ជួបប្រទះ​បញ្ហា​អសន្តិសុខ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​។


សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កម្ពុជា​បាន​កំពុង​ប្រឈម​យ៉ាង​ក្តៅគគុក​ទៅ​និង​ការប្រើប្រាស់​ព័​ត៌មាន​ក្លែងក្លាយ​បំពុលបរិយាកាស​សង្គម ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង និង​ពួក​ឱកាសនិយម​ក្នុង​គោលដៅ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​។ រាជរដ្ឋាភិបាល​កម្ពុជា​​ត្រូវការ​សារ​ព័​ត៌​មាន​ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ គឺ​ទាមទារ​ឲ្យ​អ្នក​សារ​ព័​ត៍​មាន​របស់​យើង​ស្តាប់​គ្រប់​សម្លេង ហ៊ាន​និយាយ​ការពិត ហ៊ាន​និយាយ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័​ត៌​មាន​របស់ខ្លួន​ក្លាយជា​ព័​ត៍​មាន​ពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​គ្រប់​តថភាព​សង្គម និង​ជៀសវាង​ការផ្សព្វផ្សាយ​ព័​ត៌មាន​តែមួយ​ជ្រុង ឬ​ព័​ត៌​មាន​ក្លែងក្លាយ ដើម្បី​ចូលរួមចំណែក​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​សង្គម ការកែទម្រង់រដ្ឋបាល​សាធារណៈ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការកសាង​សង្គម​មួយ​ប្រកបដោយ​ភាពយុត្តិធម៌ សុខសន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង ដែលជា​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​៕​B/