នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ អបអរ​ជ័យ​ជ​ន្នះ​របស់​កងទ័ព​លើ​ក្រុម​អាយ​ស៊ី​ស នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល

1096
ចែករម្លែក

លោក ហាយ​ឌ័​រ អាល់ អា​បា​ឌី (Haider al-Abadi) នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បានធ្វើ​ទស្សនកិច្ច​កាលពី​ថ្ងៃអាទិត្យ ទី​៩ កក្កដា នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល (Mosul) ប្រទេស​អ៊ីរ៉ាក់ ដើម្បី​អបអរ​កងទ័ព​អ៊ីរ៉ាក់​ចំពោះ​ជ័យជម្នះ​របស់​ពួកគេ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម (ISIS) នៅ​ទីក្រុង​នេះ​។​

ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា លោក ហាយ​ឌ័​រ អាល់​បា​ឌី បានមក​ដល់ទី​នេះ ដើម្បី​ប្រកាស​អំពី​ការរំដោះ​បាន​ទាំងស្រុង​នៃ​ទីក្រុង​នេះ ។​

កងទ័ព​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​ការវាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អាមេរិក​នោះ បាន​វាយ​ប្រយុទ្ធ​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​មកវិញ ចាប់តាំងពី​ថ្ងៃទី​១៧​ខែតុលា ឆ្នាំមុន​មក​។​

ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម បាន​ចូល​កាន់កាប់​ទីក្រុង​នេះ កាលពី​ខែមិថុនា​ឆ្នាំ​២០១៤ នៅ​មុនពេល​កាន់កាប់​ទីក្រុង​ដែលមាន​ជន​អារ៉ាប់​នី​កាយ​ស៊ុន​នី រស់នៅ​ច្រើន​នេះ និង​ប្រកាស​មេដឹកនាំ​សាសនា​អ៊ីស្លាម​ម្នាក់​ដែល​ដឹកនាំ​ចលនា​តស៊ូ​នៅ​អ៊ីរ៉ាក និង នៅ​ស៊ី​រី​។​

​ក្រុម​យុទ្ធជន​ឃឺ​ត ក្រុម​កុលសម្ព័ន្ធ​អារ៉ាប់​នី​កាយ​ស៊ុន​នី និង​ក្រុម​ជន​សកម្មប្រយុទ្ធ​នី​កាយ​ស៊ី​អ៊ី​ត បាន​ចូល​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​ដ៏​ខ្លាំង​នេះ​។​

កងទ័ព​អ៊ីរ៉ាក់ បាន​កំពុង​វាយប្រហារ​លើ​ក្រុម​តូចៗ​នៃ​ពួក​ជន​សក​មម្ម​ប្រយុទ្ធ​ជី​ហា​ដដែល​នៅ​សេសសល់​នៅ​តំបន់​តូចៗ​នៅ​ជិត​ទីក្រុង​នេះ ។ ការវាយប្រហារ​តាម​អាកាស​និង​ការបាញ់​ដាក់គ្នា​អាច​ឭ​សំឡេង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅឡើយ កាលពី​ថ្ងៃអាទិត្យ​និង​មាន​ផ្សែង​ជាច្រើន​បាន​ហុយ​ឡើងលើ​។​

​លោក សា​អាដ អាល់ ហា​ឌី​ធី អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​និយាយថា ជ័យជម្នះ នឹងមិន​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ទេ លុះត្រាតែ ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​នៅសល់​តិចតួច​ទាំងនោះ ត្រូវបាន​វាយ​កម្ចាត់​បាន​ទាំងស្រុង ចេញពី​ទីក្រុង​នេះ​។​

កាលពីពេល​មុននេះ ក្រុម​យុទ្ធជន​អាយ​ស៊ី​ស​ចំនួន​៣០​នាក់ ត្រូវបាន​សម្លាប់ នៅពេលដែល​ពួកគេ​បាន​ព្យាយាម​រត់​ភៀសខ្លួន​ចេញពី​ការវាយលុក​ចូល​របស់​កងទ័ព​អ៊ីរ៉ាក់​នៅ​ទីក្រុង​នេះ ៕ ដោយ ៖សុខា

លោក ហាយ​ឌ័​រ អាល់ អា​បា​ឌី នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បានធ្វើ​ទស្សនកិច្ច កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល
ជន​ស៊ីវិល​រាប់ពាន់នាក់​ដែលជា​ប់​ខ្លួន​នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល បាន​រត់​ភ្លៀស​ខ្លួ​ចរួច កាលពីពេល​ថ្មីៗ​នេះ