នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប្តេជ្ញា​ដាក់​វេស​ប៊ែង​ជា​ឧបសម្ពន្ធ បើ​លោក​ជាប់​ឆ្នោត​ជាថ្មី​

367
ចែករម្លែក
  • 14
    Shares

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​សៅរ៍​ទី​៦​មេសា បាន​សន្យាថា​នឹង​ដាក់​និគម​ន​ជន​ជ្វី​ហ្វនៅ​តំបន់​វេស​ប៊ែង​ដែល​អ៊ីស្រាអែល​កំពុង​កាន់កាប់​​ជា​ឧបសម្ពន្ធ បើសិនជា​លោក​ជាប់​ឆ្នោត​ជាថ្មី ដែល​នេះ​ជា​ការផ្លាស់ប្តូរ​គោលនយោបាយ​យ៉ាងគំហុគ​មួយ​ក្នុង​បំណង​កៀរគរ​កម្លាំង​ជាតិនិយម​នៅ​មុន​ការបោះឆ្នោត​។​

ណេតាន់យ៉ាហ៊ូ កំពុងស្វះស្វែងរកអាណត្តិថ្មី ដោយបញ្ចេញគោលនយោបាយជាតិនិយមស្តីពីវេសប៊ែង

​លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​ជំរុញ​អោយ​មាន​ការពង្រីក​និគមជន​នេះ​ក្នុង​អាណត្តិ​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក តែ​រហូត​ដល់​ឥឡូវ​លោក​មិន​បាន​បញ្ចេញ​ទស្សនវិស័យ​លម្អិត​អំពី​​តំបន់​វេស​ប៊ែង ដែល​ជន​ប៉ាឡេ​ស្ទីន​ចាត់ទុក​ជា​ស្នូល​នៃ​រដ្ឋ​នាពេល​អនាគត​របស់​ខ្លួន​។​

​ការពង្រីក​និគម​ន​ជន​នៅ​វេស​ប៊ែង មុខ​ជា​នឹង​សម្លាប់​ក្តី​សង្ឃឹម​អំពី​កិច្ចព្រមព្រៀង​អ៊ី​ស្រា​អ៊ែល​-​ប៉ាឡេ​ស្ទីន​មួយ ស្តី​ពី​រដ្ឋ​ប៉ាឡេ​ស្ទីននៅលើ​ទឹកដី​ដែល​អ៊ីស្រាអែល​បាន​ដណ្តើម​កាន់​​កាប់​នៅ​ឆ្នាំ​១៩៦៧​។​

​ការលើកឡើង​អំពី​ការបញ្ចូល​ទឹកដី​វេស​ប៊ែង​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​នេះ​បាន​កើតឡើង​៣​ថ្ងៃ​គត់​នៅ​មុន​ការបោះឆ្នោត​ថ្ងៃ​៩​មេសា និង​ត្រូវបាន​គេ​ជឿ​ថា​ជា​ការទាក់ទាញ​​អ្នកបោះឆ្នោត​ក្រុម​ស្តាំ​ដែល​មិន​ជឿ​លើ​ការ​អាច​កើត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ប៉ាឡេ​ស្ទីន​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា លោក​បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា​លោក​នឹង​មិន​រើ​និគមជន​ឬ ប្រជាជន ​ចេញពី​វេស​ប៊ែង ជា​ផ្នែក​នៃ​ផែនការ​សន្តិភាព​ផ្តួចផ្តើម​ដោយ​អាមេរិក​នា​ពេល​អនាគត​ទេ​។​

​អាមេរិក​ត្រូវ​រំពឹងថា​នឹង​បញ្ចេញ​សំណើ​សំរាប់​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន នៅពេល​ណា​មួយ​បន្ទាប់​ពី​ការបោះឆ្នោត​អ៊ី​ស្រា​អេល ដែល​លោក​ណេ​តាន់​យ៉ា​ហ៊ូ កំពុង​ស្វះ​​ស្វែងរក​អាណត្តិ​ថ្មី​។​

​សូមបញ្ជាក់​ថា ជនជាតិ​អ៊ីស្រាអែល​ជាង​៤​សែន​នាក់​កំពុង​រស់នៅ​វេស​ប៊ែង ជា​ផ្នែក​នៃ​ការកាន់កាប់​យោធា​របស់​ខ្លួន​លើ​ទឹកដី​នេះ ខណៈ​ជាង​២​សែន​នាក់​ទៀត​រស់នៅក្នុង​និគម​​ជន​នៅ​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​៕​ដោយ​៖​វាសនា​