នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ត្រូវបាន​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក ក្លែងបន្លំ​យកប្រាក់​និង​បំពាន​លើ​សេចក្តីទុកចិត្ត​

231
ចែករម្លែក

​ក្រសួង​យុត្តិធម៌​អ៊ីស្រាអែល​បានប្រកាសថា អគ្គ​រដ្ឋ​អាជ្ញា​បាន​ចោទប្រកាន់​ជាច្រើន​ករណី​ដោយ​រាប់​ទាំង​ការព្រឹ​ត្ត​អំពើ​ពុលរលួយ​ប្រឆាំង លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​ដែល​អាច​បញ្ចប់​អាជីព​នយោបាយ​ដែល​មាន​រយៈពេល​រាប់​ទសវត្សរ៍​របស់​នា​យក​រដ្ឋមន្ត្រី​នេះ​។​

​លោក អា​វី​ឆាយ ម៉ាន់​ឌែ​ល​លី​ត អគ្គ​រដ្ឋអាជ្ញា បាន​សម្រេច​ដាក់​បណ្តឹង​ចោទប្រកាន់​ប្រឆាំង លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ពី​បទ​ទទួល​ប្រាក់​សំណូក ក្លែងបន្លំ​យកប្រាក់​​និង​រំលោភ​លើ​សេចក្តីទុកចិត្ត​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​នេះ​។​

​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដែល​បាន​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការចោទប្រកាន់​ទាំងអស់នោះ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូង​គេ​ដែល​ត្រូវបាន​ចោទ​​ប្រកាន់​នៅក្នុងពេល​កាន់អំណាច​។​

​លោក អា​វី​ឆាយ ម៉ាន់​ឌែ​ល​លី​ត គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ហើយ​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ត្រូវបាន​រំពឹងថា​នឹង​ឆ្លើយតប​។​

​តាមច្បាប់ លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ មិន​ត្រូវបាន​តម្រូវ​ឱ្យ​លាលែង​ពី​តំណែង​ទេ ទាល់តែ​គ្រប់​បណ្តឹង​ទាំងអស់​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ទោស​ដោយ​សាលាឧទ្ធរណ៍​​ប៉ុន្តែ​សម្ពាធ​នយោបាយ​ទំនងជា​មាន​សភាព​ខ្លាំង​ក្លា​។​

​ឥឡូវនេះ លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ អាច​ស្នើសុំ​ឱ្យ​សភា​អ៊ីស្រាអែល ឱ្យ​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​លោក​ដើម្បី​ការពារ​ពី​ការកាត់ទោស​នេះ​៕​ដោយ​៖​សុខា​/sn

លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សំណូក​ក្លែងបន្លំ​យក​ប្រាក់​និង បំពាន​លើ​សេចក្តីទុកចិត្ត​