នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រឈម​ការអំពាវនាវ​អោយ​ចុះ​ចេញពី​តំណែង ដោយសារ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​បារាំង​

1464

នាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី ប្រឈមនឹងការអំពាវនាវអោយលាឈប់ពីតំណែងដោយសារតែការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ នៅក្នុងកិច្ចព្រមព្រៀងទិញយន្តហោះយោធាមួយជាមួយបារាំង បន្ទាប់ពីអតីតប្រធានាធិបតីបារាំងលោកហ្រ្វង់ស័រ ហូឡង់ ត្រូវបានស្រង់សម្តីដែលបាននិយាយថា រដ្ឋាភិបាលក្រុងញូវដេល្លីបានមានឥទ្ធិពលលើការជ្រើសយកដៃគូក្នុងស្រុកមួយ។

បណ្តាបក្សនយោបាយបានវាយប្រហាររិះគន់លោកម៉ូឌី ចំពោះការទិញយន្តហោះRafale ចំនួន៣៦គ្រឿងកាលពីឆ្នាំ២០១៦ ពីក្រុមហ៊ុនDassault Aviationតំលៃប្រមាណ៨,៧ពាន់លានដុល្លារ ដោយពួកគេថាលោកបានចំណាយហួសសម្រាប់យន្តហោះទាំងនេះ និងមិនមានតម្លាភាព។

នៅប៉ុន្មានខែមកនេះ ក្រុមប្រឆាំងបានសួររដ្ឋាភិបាលអំពីការជ្រើសយកក្រុមហ៊ុនReliance Defence របស់មហាសេដ្ឋីជំនួញឥណ្ឌា លោកអានីល អាំបានី អោយធ្វើជាដៃគូក្នុងស្រុកដើម្បីសហការជាមួយDassaultជាជាងយកក្រុមហ៊ុនរដ្ឋ ដែលមានបទពិសោធន៍រាប់ទសវត្សរ៍សំរាប់ផលិតយន្តហោះទាំងនេះ។

កាលពីថ្ងៃសុក្រ ទី២១កញ្ញា លោកហូឡង់ ត្រូវបានស្រង់សម្តីដែលបាននិយាយថា រដ្ឋាភិបាលក្រុងញូវដេល្លី បានដាក់សម្ពាធលើDassault អោយជ្រើសយកReliance។”យើងគ្មានជំរើស”។

សម្តីរបស់លោកបានបង្កព្យុះនយោបាយនៅឥណ្ឌា។

រ៉ាហ៊ូល គន្ធីរ ប្រធានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសមាជ បាននិយាយថា” នាយករដ្ឋមន្រ្តីបានចរចាដោយផ្ទាល់និងបានផ្លាស់ប្តូរកិច្ចព្រមព្រៀងRafaleនៅពីក្រោយទ្វារបិទជិត។អរគុណលោកហ្វ្រង់ស័រ ហូឡង់ ឥឡូវយើងដឹងថាគាត់បង្កើតកិច្ចព្រមព្រៀងតំលៃរាប់ពាន់លានដោយខ្លួនឯងទៅអោយ…អានីល អាំបានី។នាយករដ្ឋមន្រ្តីក្បត់ឥណ្ឌា”។

ចំណែកមេដឹកនាំបក្សសមាជម្នាក់បាននិយាយថា ម៉ូឌី ដែលបានចូលកាន់អំណាចនៅឆ្នាំ២០១៤ ជាមួយការសន្យាកំចាត់អំពើពុករលួយ មិនមានសិទ្ធិអំណាចសីលធម៌ដើម្បីនៅក្នុងអំណាចទៀតទេក្រោយការបញ្ចេញអោយដឹងពីលោកហូឡង់។

បណ្តាគណបក្សតូចៗក៏បានចូលរួមវាយប្រហារលោកម៉ូឌី ដែលបានស្ថិតក្រោយសម្ពាធរួចជាស្រេចអោយពង្រឹងមូលដ្ឋាននយោបាយរបស់លោក នៅមុនការបោះឆ្នោតតាមរដ្ឋជាបន្តបន្ទាប់នៅឆ្នាំនេះ និងបន្ទាប់មកការបោះឆ្នោតជាតិនៅឆ្នាំ២០១៩។

ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបារាំងមិនពាក់ព័ន្ធនឹងការសំរេចជ្រើសរើសដៃគូឧស្សាហកម្មឥណ្ឌាទេ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងយន្តហោះRafale ។

ឥណ្ឌាបានជ្រើសយកយន្តហោះបារាំងRafaleដើម្បីជំនួសកងយន្តហោះចាស់ៗរបស់រុស្ស៊ី។កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនDassaultត្រូវរំពឹងថានឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងជាមួយបារាំងនិងក្រុមហ៊ុនខ្លួនឯងក៏សង្ឃឹមថាវានឹងនាំដល់ការបញ្ជាទិញយន្តហោះប្រយុទ្ធក្នុងចំនួនច្រើនថែមទៀតដែលកងទ័ពអាកាសឥណ្ឌានិយាយថាខ្លួនត្រូវការដើម្បីទប់នឹងការគំរាមទ្វេ គឺពីចិននិងប៉ាគីស្ថាន៕ដោយ៖វាសនា

ពួកអ្នកគាំទ្របក្សប្រឆាំងឥណ្ឌា នាំគ្នាស្រែកពាក្យស្លោកក្នុងអំឡុងការតវ៉ាទាមទារនៅក្រុងមុំបៃ កាលពីថ្ងៃ​៣០កក្កដា ឆ្នាំ២០១៨ដើម្បីអោយរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងទិញយន្តហោះ Rafale