នាយករដ្ឋមន្ត្រី​ឥណ្ឌា​សង្ឃឹមថា ឥណ្ឌា​និង​អាម៉េរិក​នឹង​ជួប​គ្នា​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​

210
ចែករម្លែក

​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​ខែសីហា​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ប្រាប់​ប្រធានាធិបតី​អាម៉េរិក​​លោក ដូ​ណា​ល់ ត្រាំ​ថា លោក សង្ឃឹមថា ក្រុម​អ្នកតំណាង​មកពី ប្រទេស​ទាំង​២​នឹង​ជួប​គ្នា​ម្តងទៀត​នៅពេល​ឆាប់ៗ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​សម្តែង​ក្តីសង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​និង​ក្រុម​អ្នកតំណាង​ពាណិជ្ជកម្ម​អាម៉េរិក​នឹង​ជួប​គ្នា​ឆាប់ៗ​នេះ​​ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​ថា មេដឹកនាំ​ទាំង​២​នេះ បាន​និយាយ​ដូចនេះ កាលពី​ថ្ងៃ​ចន្ទ​។​

​សេត​វិមាន​បាន​និយាយថា ” មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​បន្ថែមទៀត អំពី​វិធី​ដែល​ពួកគេ​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាម៉េរិក​និង​ឥណ្ឌា​តាមរយៈ​ការបង្កើន​​ពាណិជ្ជកម្ម ហើយ​ពួកគេ​ទន្ទឹង​រង់ចាំ​ជួបគ្នា​ម្តងទៀត​នៅពេល​ឆាប់ៗ​នេះ​”​។​

​ក្រុមមន្ត្រី​បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា ក្រុម​អ្នក​ចរចា​ពាណិជ្ជកម្ម​អាម៉េរិក និង​ឥណ្ឌា​បានបញ្ចប់​ការចរចា​កាលពី​ខែ​កក្កដា​ដោយ​មិន​មាន​ភាពជឿនលឿន​ច្រើន​លើ​ជម្លោះ​ ជាច្រើន​ដែល​ទាក់ទង​នឹង​ពន្ធ​និង​វិធានការណ៍​គាំពារ​និយម​ផ្សេងទៀត​ដែល​ត្រូវបាន​ដាក់​ដោយ​ភាគី​ទាំង​២​ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

​ភាគី​ទាំង​២​បានចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ និង​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ជួបគ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 កាលពី​ខែ​មិថុនា ​ហើយ​បាន​ព្រមព្រៀង​ស្វះស្វែង​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​២​នេះ​៕​ដោយ​៖​សុខា​/sn

​​លោក ដូ​ណា​ល់ ត្រាំ និង លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ជួបគ្នា​នៅ ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 កាលពី​ខែ​មិថុនា