នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅ​ជួប​ដូ​ណា​ល់ ត្រាំ​

1218
ចែករម្លែក

​មេដឹកនាំ​ឥណ្ឌា​បានធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​កាលពី​ចុង​សប្តាហ៍​នេះ សម្រាប់​កិច្ច​ជំនួប​លើកទីមួយ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ស្វះស្វែង​កសាង​ទំនាក់ទំនង​ល្អប្រសើរ​ឡើង​រវាង​ប្រជាធិបតេយ្យ​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក​នេះ និង ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​ជុំវិញ​បម្រែបម្រួល​អាកាសធាតុ​។​

ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​ក្រុង​ញូ​វ​ដេលី និង វ៉ាស៊ីនតោន មាន​ភាពកក់ក្តៅ ក្រោម​អ្នកដឹកនាំ​មុន​របស់​ត្រាំ គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ខណៈដែល​ឥណ្ឌា​ស្វះ​ស្វែងរក​ការវិនិយោគ​បរទេស​ច្រើនឡើង និង ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច​។

​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី បាន​ប្តេជ្ញា​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ត្រាំ ប៉ុន្តែ​ឧបសគ្គ​មិនយូរប៉ុន្មាន​បាន​លេចឡើង អំពី​បញ្ហា​ជាច្រើន ដូចជា បញ្ហា​ពាណិជ្ជកម្ម និង ទិដ្ឋាការ​សម្រាប់​ប្រជាជន​ឥណ្ឌា ដែល​ចង់​ធ្វើការ​ក្នុងប្រទេស​អាមេរិក​។​

បន្ទាប់មក ត្រាំ​បាន​ចោទ​ឥណ្ឌា​ថា​ស្វះស្វែង​កេងចំណេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ខណៈដែល​គាត់​បានប្រកាសថា គាត់​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ខែ​នេះ ដោយ​ញ៉ាំងឱ្យ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​ខកចិត្ត​ជាខ្លាំង​។

ក្រុមមន្ត្រី​បានចេញ​មក​និយាយ​សម្រាល​ការរំពឹងទុក​នៃ​ទស្សនកិច្ច ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ ទី​២៥ មិថុនា​នេះ ដោយ​ពណ៌​នាវា​ថា “​មិន​មានការ​ថ្នាំងថ្នាក់​ចិត្ត​អ្វី​ទេ​” ពោលគឺ​ផ្ទុយ​ពី​ទស្សនកិច្ច​នៅ​អាមេរិក​ដំបូង​របស់លោក​ម៉ូ​ឌី​ក្នុង​ឆ្នាំ ២០១៤ នៅពេល​គាត់​ទទួលបាន​ការស្វាគមន៍​ដូច​តារា​រះ​មួយ​ដួង នៅ​ទីលាន​ម៉ា​ឌី​សុន​ស្គ្វែ​ហ្គា​ឌិន ក្នុង​បុរី​ញូវយ៉ក និង ថ្លែង​ទៅ​អង្គការសហប្រជាជាតិ​។​

មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ម្នាក់​និយាយថា “​ប្រសិនបើ​មានរឿង​មួយ ដែល​យើង​ចង់បាន (​ពី​ទស្សនកិច្ច​នេះ​) វា​គឺ​មកពី​ទំនាក់ទំនង​ជិតស្និទ្ធ​។ ប្រសិនបើ​ទំនាក់ទំនង​មាន​ភាពល្អប្រសើរ នោះ​អ្វីៗ​ផ្សេងទៀត​នឹងត្រូវ​បាន​ដោះស្រាយ​ដោយស្មោះ​ត្រង់​”​។

​អ្នក​អត្ថាធិប្បាយ​មួយចំនួន​បានលើកឡើង​ថា ម៉ូ​ឌី និង​ត្រាំ គួរតែ​យល់ចិត្ត​និង​អធ្យាស្រ័យ​គ្នា ក្នុងនាម​ជា​អ្នកនយោបាយ​មកពី​ខាងក្រៅ​ដូចគ្នា ដែល​បាន​ឡើងកាន់​អំណាច​ដោយ​ការស្តីបន្ទោស​ខ្លាំងៗ​ទៅលើ​ឥស្សរជន​ដឹកនាំ​ចាស់វស្សា​ផ្អែកលើ​ឆន្ទៈ​ជាតិនិយម​។​

មន្ត្រី​អាមេរិក​ម្នាក់​និយាយថា មេដឹកនាំ​ទាំងពីរ “​មាន​ចំណុច​ដូចគ្នា​ច្រើន​” និង​កត់សម្គាល់ថា លោក​ម៉ូ​ឌី​នឹង​ក្លាយជា​ឥស្សរជន​បរទេស​ទីមួយ ដែល​បាន​ទទួលទាន​អាហារ​ការងារ​នៅ​សេត​វិមាន​ក្រោម​រដ្ឋបាល​ថ្មី​នេះ​។

មន្ត្រី​ដែល​សុំ​និយាយ​ក្រោម​លក្ខខណ្ឌ​អនាមិក​និយាយថា “​យើង​ពិតជា​ចង់​ក្រាល​ព្រំ​ក្រហម​ទទួលភ្ញៀវ​មែន​”​។​

ប៉ុន្តែ ចរិត​គាំពារ​និយម​របស់លោក​ត្រាំ គឺ​ផ្ទុយ​ពី​កិច្ចប្រឹងប្រែង​របស់​ឥណ្ឌា ដែល​ចង់​បង្កើន​ការនាំចេញ និង​ជំរុញ​រោងចក្រ​លោកខាងលិច “​ឱ្យ​ផលិត​នៅ​ឥណ្ឌា​” ដែលជា​ផែនការ​គោលនយោបាយ​អាទិភាព​របស់លោក​ម៉ូ​ឌី​។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​បញ្ចេញ​កំហឹង​ចំពោះ “​ការបង្កើន​ឥរិយាបថ​ចិត្តចង្អៀត​ចង្អល់ និង គាំពារ​និយម​” ក្នុង​សុន្ទរកថា​មួយ ដែល​ថ្លែង​ភ្លាមៗ បន្ទាប់ពី​ត្រាំ​ឡើងកាន់​អំណាច ដែល​គេ​បកស្រាយ​យ៉ាង​ទូលំទូលាយ​ថា ជាការ​តិះ​ទៀន ដាក់​ប្រធានាធិបតី​ត្រាំ​។​

សំណើ​លុបចោល​ទិដ្ឋាការ​ប្រភេទ H-1B ដែល​ប្រើប្រាស់​ដោយ​វិស្វករ​សូ​ហ្វ​វែ​ឥណ្ឌា​រាប់ពាន់នាក់​ដើម្បី​ធ្វើការ​នៅ​អាមេរិក ក៏បាន​បង្កក្តី​បារម្ភ​នៅ​ញូ​វ​ដេលី​ដែរ​។

អ្នកវិភាគ​និយាយថា កិច្ចប្រជុំ​របស់លោក​ម៉ូ​ឌី​នៅ​សេត​វិមាន​នឹង​ផ្តល់ឱ្យ​លោក​ម៉ូ​ឌី​នូវ​ឱកាស​ធ្វើឱ្យ​លោក​ត្រាំ​គិតគូរ​ពិចារណា​ហ្មត់ចត់ ព្រោះ​ការផ្តោត​សំខាន់​របស់​ត្រាំ​មកទល់​ឥឡូវ​គឺ​ទៅលើ​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​គូប្រជែង​ក្នុង​តំបន់​របស់​ឥណ្ឌា គឺ​ប្រទេស​ចិន​។

​លោក ស៊ូ​ជី​ត ដា​ត​តា អ្នកឯកទេស​គោលនយោបាយ​បរទេស​នៅ​សាកលវិទ្យាល័យ​ចា​មៀ មី​លលៀ អ៊ី​ស្លា​មៀ របស់​ក្រុង​ញូ​វ​ដេលី និយាយថា “​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​គោលនយោបាយ​របស់​រដ្ឋ​បាល​ថ្មី​ចំពោះ​អាស៊ី និង​ជាពិសេស​ឥណ្ឌា មិនមាន​ភាពច្បាស់លាស់​ទេ​”​។​

លោក​ស៊ូ​ជី​ត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ទំនាក់ទំនង​របស់​ឥណ្ឌា​ជាមួយ​អាមេរិក​មាន​សារៈ​ខ្លាំង ជាពិសេស​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧ​ស្សហកម្ម និង ការពាក់ព័ន្ធ​បែប​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដទៃទៀត ទាក់ទិន​នឹង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​”​។

សន្តិសុខ​តំបន់​ត្រូវគេ​រំពឹងថា​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ​ក្នុង​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ ខណៈដែល​វ៉ាស៊ីនតោន​ពិចារណា​បញ្ជូន​ទ័ព ៥.០០០ នាក់​ទៀត​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ជួយ​កងកម្លាំង​ក្នុងស្រុក​ប្រយុទ្ធ​ជាមួយ​ពួក​តា​លី​បង់ និង ក្រុម​បះបោរ​ផ្សេងទៀត​៕

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិន​ដ្រា ម៉ូ​ឌី
#