នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ត្រៀម​ខ្លួន​សម្រាប់​ការ​ចោទសួរ​

278
ចែករម្លែក

​លោក Tewan Liptapallop មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា​នាយក​រដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រៀម​ខ្លួន​សម្រាប់​ការ​ចោទសួរ​របស់​ក្រុម​​បក្ស​ប្រឆាំង​ចំពោះ​ការស្បថ​មិន​ពេញលេញ​របស់​លោក នៅក្នុង​ការសួរដេញដោល​នៅ​សភា​នៅ​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​។​

​លោក Tewan Liptapallop បាន​និយាយថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ប្រាប់​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ នៅពេល​ដែល​ការជជែក​ដេញដោល​ដែល​​នឹង​ដំណើរការ​ដោយ​គ្មាន​ការបោះឆ្នោត​នោះ​នឹង​សំដៅ​ផ្ទាល់​គណៈរដ្ឋមន្ត្រី​ទាំងមូល​។​

​លោក​បន្ថែម​បាន​និយាយថា ក្រុម​ប្រឆាំង​ក៏​នឹង​ចោទ សួរ​នាយករដ្ឋមន្ត្រី​នេះ ចំពោះ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការកំណត់​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​ដល់​ការចំណាយ​​ថវិកា​របស់​រដ្ឋាភិបាល​ក្នុងអំឡុងពេល​ប្រជុំ​សភា​មួយ​កាលពី​ខែ​កក្កដា ដែល​នៅក្នុង​កិច្ចប្រជុំ​កាល​នោះ​រដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​គោលនយោបាយ​របស់​ខ្លួន​។​

​លោក​បាន​និយាយថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ណែនាំ ភ្នាក់ងារ​ផ្សេងៗ​ដូច​ជា​ការិយាល័យ​ថវិកា​ជាដើម​ឱ្យ​រៀបចំ​ព័ត៌មាន​ឱ្យ​លោក​ឆ្លើយតប​នឹង​ក្រុម​ប្រឆាំង​។​លោក ប្រា​យុទ្ធ​ ចាន់​អូ​ចា នឹងចូលរួម​កិច្ចប្រជុំសភា​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​តើ​នាយករដ្ឋមន្ត្រី​នឹង​ឆ្លើយ​សំនួរ​របស់​ក្រុមប្រឆាំង​ដោយ​ខ្លួនឯង​ឬ​ចាត់​ឱ្យ​តំណាំង​ឆ្លើយ​ជំនួស​លោក​​ឬទេ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ដឹកនាំ​រដ្ឋ​មន្ត្រី​គណៈរដ្ឋមន្ត្រី​របស់​លោក​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ចំពោះមុខ​ស្តេច កាលពី​ថ្ងៃទី ១៦ ខែកក្កដា​។ នាយករដ្ឋមន្ត្រី​នេះ​បាន​​មិន បាន​ធ្វើ​សច្ចាប្រណិធាន​ទេ​នៅ​ពេល​លោក​បាន​លុបចោល​ប្រយោគ​ចុងក្រោយ​ស្តី​ពី​ការគោរព​ដើរ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ថៃ​ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រិះគន់​ប្រឆាំង​​លោក មានការ​ខឹងសម្បារ​និង​ចោទប្រកាន់ថា គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​មិន​ស្របច្បាប់​៕​ដោយ​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា