នាយកសាលាកម្ពុជបុត្ត សង៣លានរៀល ក្រោយវាយសិស្សជាំគូថច្រើនកន្លែង

490
ចែករម្លែក
  • 124
    Shares

ដោយ:សុផានីតា/កោះកុង៖ លោកនាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេម​រ​ភូមិន្ទ បានចេញមុខសំុទោស និងសងជម្ងឺចិត្តជាថវិកាចំនួន៣លានរៀល បន្ទាប់ពីវាយកុមារីជាកូនសិស្សជាំគូថជា ច្រើនកន្លែង កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅ។

ទីបំផុតទៅ ម្តាយឪពុកកុមារីឈ្មោះ ឡេង​ លីហ្សា អាយុ៨ឆ្នាំ រៀននៅថ្នាក់ទី២«ក» បានយល់​ព្រម​ថវិកាចំនួន​៣​លាន​រៀលត្រឹមការប្តឹង​ផ្តល់​នៅ​ប៉ុស្តិ៍នគរ​បាល​​សង្កាត់​ពីលោក ឡេង សារិន នាយក​សាលា​ចំណេះដឹងកម្ពុជបុត្ត ដើម្បី​​បញ្ចប់​រឿងរ៉ាវ។

អ្នកស្រី ផាន់ អ្នកស្រី ផាន់ លាងហ៊ីម និងលោក  ងួន ប៊ុនឡេង ដែលម្តាយឪពុកកុមារី រងគ្រោះ បានឱ្យដឹង​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា នេះថា មូលហេតុដែលពួកគាត់ព្រមព្រៀង ទទួលយកការសុំទោស និងថវិកា ក៏ព្រោះតែមាន​ការ​អង្វេរ​ក​ពី​លោក ឡេង សារិន ជាច្រើនលើកច្រើនសារពេលដឹងកំហុសឆ្គងប្រព្រឹត្តទៅលើកុមារី លីហ្សា។

បើតាមអាណាព្យាបាលកុមារីរងគ្រោះ ពួកគាត់មិនចង់អោយកើតរឿងវែងឆ្ងាយ ដូច្នេះទើបដោះស្រាយ​ត្រឹមអាជ្ញា​ធរ​មូល​ដ្ឋាន ហើយក៏ដកពាក្យបណ្តឹងចេញវិញ មិនប្តឹងបន្តទៀតដែរ។ ចំពោះថវិកាសងជាជម្ងឺចិត្តនោះ ពួកគាត់​ទុក​ចំណាយ​​លើ​​ការ​ព្យាបាល​​របួស​​កូនស្រី បង់ថ្លៃការរៀនសូត្រ និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ចាប់​ពីថ្ងៃ​នេះ​តទៅ នឹង​បញ្ចូន​កូន​ទៅ​សាលារៀន​ផ្សេង​​វិញ​។

អ្នកស្រី ផាន់ លាងហ៊ីម និងស្វាមី កាលពីថ្ងៃទី២៣ ខែមីនា បានដាក់ពាក្យប្តឹង រក យុត្តិធម៌ និងសងជម្ងឺ​ពី​លោក ឡេង សារិន នាយកសាលាចំណេះដឹងទូទៅកម្ពុជបុត្ត ទៅនគរបាលប៉ុស្តិ៍​សង្កាត់ដងទង់ ក្រោយពិនិត្យឃើញស្លាក​ស្នាម​ជាំ និង​ត្អូញ​ត្អែរពី ការឈឺចាប់របស់កូនស្រីខ្លួន ព្រោះគ្រូប្រចាំថ្នាក់អវត្តមាន ដោយលោកនាយកបង្រៀន​ជំនួស​តាម​រយៈ​​ដាក់​លំហាត់​គុណមេលេខមិនចេះចាំ។ ក្រៅពីកុមារីរងគ្រោះ មានសិស្សចំនួន៨នាក់ផ្សេងទៀត​រងការវាយនឹង​រំ​ពាត់​​ដូច​​​គ្នាដែរ តែមិនមានសភាពធ្ងន់ធ្ងរខ្លាំង។

ស្រ្តីជាកុមារីរងគ្រោះដដែល បានឱ្យដឹងទៀតថា មុននឹងពួកគាត់មកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ គឺមាន​ភរិយានាយក​សាលា​​ចំណេះដឹងទូទៅកម្ពុជបុត្ត ធ្វើដំណើរ​មកផ្ទះ។ ​ហើយសុំសម្របសម្រួលជាទឹកប្រាក់ចំនួន៣០០​ដុល្លារបញ្ចប់​រឿ​ង​រ៉ាវ ប៉ុន្តែអ្នកស្រី និងប្តីមិនព្រម ក៏ដូចជាស្នើសុំ​ដល់លោកគ្រូ អ្នកគ្រូ ឬនាយកសា​លាដ៏ទៃទៀត​កុំយកវិធី​សាស្រ្ត​បង្រៀន​​បែបហិង្សាធ្ងន់ធ្ងរលើកុមារ។

រីឯលោក ឡេង សារិន នាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត សុំមិនបកស្រាយ អ្វីច្រើនជាមួយ​អ្នកសារ​ព័ត៌​មាន​ទេ ដោយលោកអះអាងថា រូបលោក និងភាគី អាណា ព្យាបាលកុមារីរងគ្រោះបានឯកភាពដោះស្រាយអស់ហើយ។ ទោះ​បីជាសម្របសម្រួល សមត្ថកិច្ចមូលដ្ឋានក៏ដោយ ក៏លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងខេត្តកោះកុង ពន្យល់ ថា ការសងសំណងរដ្ឋប្បវេណីជារឿងមួយដោយឡែក ជាក់ស្តែងប្តឹងអាជ្ញា នៅតែ បន្តនីតិវិធីច្បាប់ ខណៈសមត្ថ​កិច្ចកំ​ពុង​កសាងសំណុំរឿងបញ្ចូនមករូបលោក ដោយ ពុំមែនសម្របសម្រួលគ្នាហើយចប់រឿងនោះទេ ។

ពាក់ព័ន្ធអំពើហិង្សារបស់នាយកសាលាឯកជនទៅលើសិស្សនេះដែរ ត្រូវបានលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លើកឡើងថា លោក ចាត់មន្រ្តីការិយាល័យជំនាញចុះពិនិត្យស្រាវជ្រាវ និងធ្វើកំណត់​បន្ថែម​ពីកំហុស ឆ្គងដែលនាយកសាលាឯកជននេះប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងបទបញ្ជាផ្ទៃ​ក្នុង​ក្រសួង​អប់រំ តាមរយៈធ្វើកិច្ច​សន្យា​ឱ្យបានច្បាស់លាស់​។

វិធានការបន្តរបស់មន្ទីរអប់រំ នឹងតាមដានពិនិត្យមើលលើគុណភាពអប់រំ និងក្រម​សីល​ធម៌​របស់គ្រូបង្រៀន​នៅ​សាលា​ចំណេះដឹងទូទៅ កម្ពុជ​​​​បុត្ត​ ស្របពេល​សាលា​ឯកជន​​មួយនេះ លេចឮថា ព័ត៌មានមិនប្រក្រតីជុំវិញការ​ប្រើ​អំពើ​ហិង្សាលើកូនសិស្ស និង​ពុំបានបន្ត​ស្នើ​សុំ​លិខិត​អនុញ្ញាតដំណើរការបង្រៀន៕B/