នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​: “​មិនមែន​បាញ់​គំរាម​ម៉ូតូ​ទេ គឺ​បាញ់​ឡាន​ដែល​បម្រុង​រំដោះ​វត្ថុតាង​”

1197
ចែករម្លែក
  • 340
    Shares

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ​ថា ករណី​ផ្ទុះអាវុធ​កាលពី​យប់ មិនមែនជា​ការបាញ់​គំរាម​ម៉ូតូ​ដឹកឈើ​ទេ គឺជា​ការបាញ់​ទៅលើ​ក្រុម​ឡាន​ដែល​ព្យាយាម​រារាំង​មន្ត្រី​ជំនាញ​ដឹក​វត្ថុតាង ទៅ​រក្សាទុក​នៅ​ស្នាក់ការ​។​

​លោក ឌិន ប៊ុនធឿន នៅ​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ បានឱ្យដឹងថា ករណី​ដែលមាន​ការបាញ់​បំបែក​កង់​រថយន្ត​នោះ គឺ​កើតឡើង​ពីដំបូង​នោះ​ថា ក្រុម​លោក​បាន​បង្ក្រាប​ម៉ូតូ​ដឹកឈើ និង​ឈើ​កកោះ​មួយចំនួន នៅ​ចំណុច​កិន​ថ្ម នា​វេលាយប់​ជ្រៅ​ថ្ងៃទី​០៩​សីហា​។ លោក​បញ្ជាក់ថា “​ក្រុម​កា​ងារ​បាន​រឹបអូស​យក​ម៉ូតូ​២​គ្រឿង រួម​និង​ឈើ​កកោះ​ដោយ​ដឹក​មក​ទុក​នៅ​ស្នាក់ការ​កណ្តាល​របស់​ដែន​ជម្រក​។ នៅវេលា​ម៉ោង​១២​ជាង​ឈានចូល​ថ្ងៃទី​១០​សីហា ខណៈ​កំពុង​ដឹក​វត្ថុតាង ស្រាប់តែ​ក្រុម​វា​មាន​ឡាន​បី​គ្រឿង ម៉ាក​ឆ្លាម​ពណ៌​ខ្មៅ ដឹកជញ្ជូន​បក្ខពួក ឡាន​កា​មេ​រី​ហើម ពណ៌​សំបក​ឪឡឹក​មួយ និង​ពណ៌​ខ្មៅ​មួយ​មក​រាំង​ឡាន​របស់ខ្ញុំ​កំពុង​ដឹក​វត្ថុតាង​មក​ស្នាក់ការ​។ ដោយសារតែ​ក្រុម​គេ​មាន​គ្នីគ្នា​ច្រើន ហើយ​កម្លាំង​លោក​ដេញ​ឲ្យ​ចេញ មិន​ចេញ លោក​ផ្ទាល់​បាន​បញ្ជា​ឲ្យ​មន្ត្រី​បាញ់​បំបែក​កង់ឡាន​ក្រោយ​មួយ រួច​ពួកវា​បើកឡាន​គេចខ្លួនបាត់​។​”

​នាយក​ដែន​ដដែល​បន្តថា ក្រុម​នេះ​ជិះឡាន​ដែល​បម្រើ​ដល់​ការដឹកឈើ ដឹក​បក្ខពួក​មក ដើម្បី​រំដោះ​ឈើ​និង​ម៉ូតូ​វិញ ព្រោះ​ឈើ​ដែល​អារ​រួច​នេះ ជា​ឈើ​ដែល​ក្រុម​របស់គេ​ត្រូវ​ដឹក​ទៅ​លក់​។ តែ​យ៉ាងណា មេខ្លោង នៃ​ការរារាំង​នេះ លោក​បានដឹង​ហើយ និង​កំពុង​ប​ញ្ជួ​ន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី បន្ត​នីតិវិធី​។​

​ដោយឡែក ស្ត្រី​ម្នាក់​នៅក្នុង​ហេតុការណ៍​បាន​ប្រាប់​ទៅ​អ្នកកាសែត​ថា គាត់​បាន​រង​នូវ​ការបាញ់​បំបែក​កង់ឡាន និង​ត្រូវ​រឹបអូស​យក​ម៉ូតូ​មួយគ្រឿង ទាំង​ដែល​ឡាន​គ្មាន​ដឹក​បទល្មើស​អ្វី​ទាំងអស់​។​

​លោក វ៉ាន់ ដា​នី​ន អធិការនគរបាល​ស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ ថា​កំពុង​ស៊ើបអង្កេត​ករណីនេះ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក កែវ សុភ​គ៌ ថា​នេះ​ជាការ​បាញ់​កា​ពារ​ខ្លួន ខណៈដែល​ក្រុម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បម្រុង និង​រំដោះ​វត្ថុតាង​និង​ធ្វើបាប​មកលើ​មន្ត្រី​អនុវត្តន៍​ច្បាប់​។ ក្នុងនោះ ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ថា​កំពុង​ស្រាវជ្រាវ​បន្ទាន់​លើ​ករណី​នេះហើយ​។​

​ទោះជា​យ៉ាងណា​លោក ឌិន ប៊ុនធឿន ក៏​កំពុង​ផ្តល់ព័ត៌មាន​ទាក់ទិន​និង​រឿងនេះ នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ស្រុក​កែវ​សីមា​ផងដែរ នា​ព្រឹក​ថ្ងៃទី​១០​សីហា​ដដែល​នេះ​៕ ល​