នាយក​តូ​តា​ល់​៖ អាជីវកម្ម​ដឹកជញ្ជូន​មាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​គ្រោះថ្នាក់​ចរាចរណ៍​

176
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: លោក Asif IQBAL អគ្គនាយក តូ​តា​ល់ បាន​លើកឡើងថា “ ចំនួន​យានយន្ត និង​គ្រោះថ្នាក់​ដែល​កើនឡើង​គួរឱ្យកត់សម្គាល់ បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅលើ​ដងផ្លូវ ហើយ​វា​ក៏​ជា​ទំនួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ ដែលមាន​អាជីវកម្ម​នៅក្នុង​នៅក្នុង​ឧស្សាហកម្ម​ប្រភេទ​នេះ ។ ចូរ​យើង​ពង្រឹង​ការអនុវត្ត​ល្អៗ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន និង​ណែនាំ​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍ និង​នីតិវិធី​សុវត្ថិភាព​ស្តង់ដារ​ខ្ពស់ ដើម្បី ជំរុញ​ការកែលំអ​សុវត្ថិភាព​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​។ ចូរ​យើង​បង្កើត បេសកកម្ម​ដែល​អាចធ្វើ​ទៅបាន ដោយមាន​គោលដៅ​ទម្លាក់​មក​នៅត្រឹម​កម្រិត​សូន្យ នូវ​ឪ​កាស​ដែល​អាច​កើតឡើង​នៃ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​“​។​

លោក Asif IQBAL អគ្គនាយក តូ​តា​ល់

​លោក Asif IQBAL ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង សិក្ខាសាលា​ស្តីពី​ការដឹកជញ្ជូន​ក្រោម​ប្រធានបទ “​យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​” នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ដែល​សិក្ខាសាលា​នេះ​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​មនុ​ស្សទាំង​អស់​នៅលើ​ដងផ្លូវ ដែល​សិក្ខាសាលា​នេះ​ត្រូវបាន​បែង​ចែកជា​វគ្គ​ដាច់ដោយឡែក​ពីគ្នា និង​ចូលរួម​ដោយ​សិក្ខាកាម​ប្រមាណ ១០០​នាក់ រួមមាន សហគ្រិន​សាជីវកម្ម ក្រុមហ៊ុន​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​បរិក្ខា​សុវត្ថិភាព តំណាង​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ វគ្គ​នីមួយៗ​នៃ​សិក្ខាសាលា​នេះ បានអនុញ្ញាត​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ជាច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន ផ្ដល់​បទ​បង្ហាញ​ពី​បច្ចេកវិទ្យា ប្រព័ន្ធ​ការងារ និង​វិធីសាស្ត្រ​របស់​ពួកគេ​ដើម្បី​ជាការ​ផ្លាស់ប្តូរ​ចំណេះដឹង​និង​បទពិសោធន៍​នៅក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។​

​គប្បី​រំឭកថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បុព្វហេតុ​នាំមុខគេ​នៃ​ការស្លាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​អ្នក​ចំនួន​អ្នករងគ្រោះ​ទូទាំងប្រទេស​មាន​ប្រមាណ ៤.៧០០​នាក់ ដែល​ក្នុងនោះ ១.៨០០​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ក្នុង​ឆ្នាំ​២០១៨​។ នេះ​មិនទាន់​គិតដល់​ការខូចខាត​ទ្រ​ព​សម្បត្តិ​ផ្សេងៗ​ដូចជា​យានជំនិះ និង ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​ផង​ទេ ហើយ​ប្រសិនបើ​គ្រោះថ្នាក់​របួស​ធ្ងន់ធ្ងរ​នោះ វា​អា​បណ្តាលឱ្យ​ធ្លាក់ខ្លួន​ពិការភាព វា​នឹង​កាន់តែ​ប៉ះពាល់​ដល់​គុណភាព និង ផលិតភាព​ជីវិត​របស់​បុគ្គល​ដែល​គ្រោះថ្នាក់ គ្រួសារ​របស់​ពួកគេ សហគមន៍ និង ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​៕ ល​