នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្តេជ្ញា “​តវ៉ា​” ប្រសិនបើ​ចិន​សងសឹក​ក្រុមហ៊ុន Apple

1041
ចែករម្លែក

​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Huawei លោក រិ​ន ចេង​ហ្វី (Ren Zhengfei) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Bloomberg ថា​ គាត់​នឹង​ក្លាយជា “​មនុស្ស​ដំបូង​គេ​ដែល​ធ្វើការ​តវ៉ា​” ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សងសឹក​ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាម៉េរិក Apple ។​

​អ្នកយកព័ត៌មាន​រប​ស់ Bloomberg បាន​សួរ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei នៅក្នុង​បទសម្ភាសន៍​ថា​ ​តើ​គាត់​នឹង​សងសឹក​ប្រឆាំងនឹង​ក្រុមហ៊ុន Apple ទេ ចំពេល​មានការ​អំពាវនាវ​ឲ្យ​អ្នកខ្លះ​នៅក្នុង​ប្រទេស​ចិន​ឱ្យ​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុមហ៊ុន​អាម៉េរិក​វិញ​។​

​លោ​ករិន​បាន​ប្រាប់ Bloomberg នៅក្នុង​បទសម្ភាសន៍ ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​ថា “​ជាបឋម រឿង​នោះ​នឹងមិន​កើតឡើង​ទេ​។ ទី​ពីរ បើ​រឿង​នោះ​កើតឡើង ខ្ញុំ​នឹង​ក្លាយជា​អ្នក​ទីមួយ​តវ៉ា​មុនគេ​។ Apple គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ប្រសិនបើ​គ្មាន​ក្រុមហ៊ុន Apple ទេ នោះ​នឹង​មិនមាន​អ៊ី​ន​ធឺ​ណេិត​ទូរស័ព្ទ​នោះទេ​។ បើ​គ្មាន Apple ជួយ​បង្ហាញ​ពិភពលោក​ដល់​យើង​ទេ យើង​នឹងមិន​បានឃើញ​ភាពស្រស់​បំព្រង​នៃ​ពិភពលោក​នេះ​ទេ​។ Apple គឺជា​គ្រូ​របស់ខ្ញុំ​។ ក្រុមហ៊ុន​នេះ​កំពុង​បោះជំហាន​ទៅមុខ​រីកចម្រើន​នៅ​ចំពោះមុខ​យើង​។ ក្នុងនាម​ជា​កូនសិស្ស តើ​មាន​មូលហេតុ​អ្វីដែល​ខ្ញុំ​ត្រូវ​ប្រឆាំងនឹង​គ្រូ​របស់ខ្ញុំ​?”​។​

​ក្រុមហ៊ុន Huawei ត្រូវបាន​ចោទប្រកាន់​ដោយ​បណ្តា​ប្រទេសមួយ​ចំនួន​ថា​ត្រូវបាន​ឧបត្ថម្ភ​ដោយ​រដ្ឋ​ចិន​និង​ធ្វើ​ចារកម្ម​ជំនួស​ឱ្យ​រដ្ឋាភិបាល​ចិន​តាមរយៈ​ឧបករណ៍​របស់ខ្លួន​។​

​លោក​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ​កាលពីដើម​ខែឧសភា​ថា ដោយ​បញ្ចូល​ក្រុមហ៊ុន Huawei និង​សាខា​របស់ខ្លួន​ចំនួន ៧០ ទៅក្នុង​បញ្ជីខ្មៅ​នៃ​ពាណិជ្ជកម្ម ដោយ​ហាមឃាត់​សកម្មភាព​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ហេតុ​ដូច្នេះហើយ ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់​ត្រូវតម្រូវ​ឱ្យទទួល​ការអនុញ្ញាត​ជាមុនសិន មុន​ពេលធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស/Ha

លោ​ករិន​នឹង​តវ៉ា បើ​ចិន​ចង់​សងសឹក Apple