នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ពានរង្វាន់​ណូបែល​អាស៊ី​ឆ្នាំ​២០១៨

2730
ចែករម្លែក
  • 89
    Shares

ដោយៈ សាន ប៊ុន​ស៊ីម អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​លោក ឆាំង​យុ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់ រ៉ា​ម៉ុ​ន ម៉ាក្ស​សេ​យ៍​សេ​យ៍ ឆ្នាំ​២០១៨(Ramon Magsaysay Award )​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ពានរង្វាន់​ណូបែល​សម្រាប់​ទ្វីបអាស៊ី ឆ្នាំ​២០១៨​(ASIA’SNOBELPRIZE2018​។​នេះ​បើ​យោង តាម​ការប្រកាស​របស់​គណៈកម្មការ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​លោក​ឆាំង​យុ​និង​បេក្ខជន​៥​រូប​ផ្សេងទៀត​ក៏បាន​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​រ៉ា​ម៉ុ​ន​ម៉ាក្ស​សៃយ៍​សៃយ៍​ឬ​ណូបែល​អាស៊ី​ឆ្នាំ​២០១៨​លើក​ទី​៦០​កាលពី​រសៀល​ថ្ងៃទី​៣១​ខែសីហា​( ម៉ោង ៣ :៣០,​ម៉ោង​នៅ​កម្ពុជា​) នៅ​ប្រទេស​ហ្វីលីពីន​។​

លោកឆាំងយុនាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ពានរង្វាន់​ណូបែល​អាស៊ី​ឆ្នាំ​២០១៨

​ការជ្រើសរើស​លោក​ឆាំង​យុ​ផ្អែកទៅលើ​ការងារ​របស់លោក​ក្នុងការ​ប្រមូលផ្តុំ​និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ដ៏​សន្ធឹកសន្ធាប់ ដើម្បី​ការផ្សះផ្សា យុត្តិធម៌ និង​ការចងចាំ​ដើម្បី​ការអប់រំ និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​សម្រាប់​កម្ពុ​ជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ។​

​លោក​ឆាំង​យុ​មានប្រសាសន៍ថា​ខ្ញុំ​សូម​អរគុណ​។​ខ្ញុំ​សូម​លំឱនកាយ​ចំពោះ​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​និង​មា​នក​ត្តិ​យស​មួយ​នេះ​។​ក្នុងពេលដែល​ទទួលពាន​រង្វាន់​មួយ​នេះ​សភាវគតិ​របស់ខ្ញុំ​បាន​ក្រើនរម្លឹក​ខ្ញុំ​នូវ​ទស្សនៈ​មួយ​ដែលថា “​ប្រសិនបើ​អ្នក​បាន​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍ អ្នក​គឺជា​មនុស្ស​ដែលមាន​សំណាង​ខ្លាំងណាស់​។ អ្នក​អាច​ចាប់ផ្តើម​ជីវិត​សារជាថ្មី​ម្តងទៀត​។ អ្នក​អាចមាន​ទីជម្រក​មានផ្ទះ​សម្បែង​មានការ​ងារ​ធ្វើ​មាន​មិត្តភក្តិ​និង​ចាប់ផ្តើម​កសាង​គ្រួសារ​ថ្មី​មួយ​។​ប៉ុន្តែ​អ្នកនឹង​មានការ​រំខាន​ដោយសារតែ​រឿងរ៉ាវ​ជាច្រើន​ដែល​បានកើត​ឡើង​មកលើ​ខ្លួនឯង​។​ជីវិត​និង​ផ្លូវចិត្ត​របស់​អ្នក​ទទួលរង​ការបែកបាក់​។​បេះដូង​របស់​អ្នក​ទទួលរង​ការឈឺ​ចាប់ពី​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។​អ្នក​ត្រូវបាន​រំខាន​ដោយ​ការចងចាំ​របស់​អ្នក​។​អ្នកមាន​អារម្មណ៍​ថា​មាន​កំហុស​ដោយសារតែ​អ្នក​អាច​រស់រានមានជីវិត​ខណៈដែល​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​បាន​បាត់បង់​ជីវិត ហើយ​អ្វីដែល​អាក្រក់​ជាងនេះទៀត​នោះ គឺ​អ្នក​អាច​បាត់បង់​ក្តីសង្ឃឹម​។​”

​លោក​បន្តថា​ខ្ញុំ​ក៏​ត្រូវបាន​ក្រើនរម្លឹក​ជា​រៀងរាល់ថ្ងៃ ដោយ​អ្នក​រស់រានមានជីវិត និង​អ្នក​ដទៃទៀត ដែល​បាន​ខិតខំ​តស៊ូ​ធ្វើ​ការងារ​ដើម្បី​ជួយ​អ្នក​រស់រានមានជីវិត​ទាំងអស់នោះ​ថា​កុំ​ឲ្យ​ខ្ញុំ​បោះបង់ចោល​ក្តីសង្ឃឹម​។ ខ្ញុំ​បាន​យក​កំលាំង​ដែល​មិនចេះ​ទ្រុឌទ្រោម វីរភាព​ដ៏​អស្ចារ្យ និង ចិត្តមេត្តា របស់​អ្នក​ដែល​រស់រានមានជីវិត​ទាំងអស់​ដែល​បាន​ជ្រោមជ្រែង​អ្នកដទៃ​មក​ទុក​នៅក្នុង​បេះដូង​របស់ខ្ញុំ​។​

​តំណាង​ឲ្យ​ម្តាយ​ខ្ញុំ​និង​ម្តាយ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​បាន​រួច​រស់​ជីវិត​ពី​អំពើ​ប្រល័យពូជសាសន៍ ពានរង្វាន់​នេះ​គឺជា​ការ​រម្លឹក​មួយទៀត ដល់​ចិត្តមេត្តា​របស់​ប្រជាជន​ហ្វីលីពីន​។​

​នា​អំឡុង​ឆ្នាំ​១៩៨០​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ​ប្រទេស​ហ្វីលីពីន​បាន​ស្វាគមន៍​និង​ទទួលយក​ជន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​។​រដ្ឋាភិបាល​និង​ប្រជាជន​ហ្វីលីពីន​រួមជាមួយ​និង​បណ្តា​ប្រទេស​ឯទៀត​រួមទាំង​សហរដ្ឋ​អាម៉េរិក​បាន​បំពេញ​កាតព្វកិច្ច​ដ៏​មាន​សារសំខាន់​បំផុត​ក្នុង​ការជួយ​យើងទាំងអស់គ្នា​ឲ្យ​រួច​ផុតពី​ស្ថានភាព​យ៉ាង​លំបាក​។

​នៅពេល​កំពុង​ទទួលពាន់​រង្វាន់​មួយ​នេះ​ខ្ញុំ​សូម​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​ប្រទេស​ហ្វីលីពីន​និង​ប្រជាជន​ដែល​ប្រកបដោយ​សណ្តាន​ចិត្តមេត្តា​កាល​គ្រានោះ​។​ការជួយជ្រោមជ្រែង​រប​ស់​ប្រទេស​ហ្វីលីពីន គឺជា​គម្រូ​មួយ​យ៉ាងសំខាន់​ដល់​យើងទាំងអស់គ្នា​គឺ​កុំ​បោះបង់ចោល​ក្តីសង្ឃឹម​។​

​ទន្ទឹមនឹង​នេះដែរ ខ្ញុំ​បាន​យល់​ដែរ​ថា ការចងចាំ​កំហុស​អតីតកាល​គឺជា​រឿង​ចាំបាច់​បំផុត​។ យើង​ត្រូវតែ​ចងចាំ​កំហុស​ឲ្យ​ចេញ​ជា​សកម្មភាព​នៃ​ការសំរេចចិត្ត​ថា​វា​គឺជា​មេរៀន​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​ក្នុងសង្គម​ទាំង​ពលរដ្ឋ​សហគមន៍​និង​រដ្ឋាភិបាល​។​ការចងចាំ​កំហុស​អតីតកាល​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះទេ​ព្រោះ​វា​ទាមទារ​ឲ្យ​យើង​ទទួលស្គាល់​ការឈឺចាប់​បន្ថែម​ដែល​បាន​បន្ត​រហូតដល់​បច្ចុប្បន្ន​នេះ​ក៏​ដើម្បី​ឲ្យ​កូនចៅ​របស់​យើង​ចៀសវាង​កំហុស​ដដែលៗ​តទៅ​ថ្ងៃ​អនាគត​។​ប៉ុន្តែ​នេះហើយ​គឺជា​ផ្លូវ​ទៅរក​យុត្តិធម៌​។​យុត្តិធម៌​តែងតែ​កើត​ឡើង រួច​ក៏​បញ្ចប់​ទៅវិញ ជាមួយនឹង​កាតព្វកិច្ច​ក្នុងការ​ចងចាំ​។​

​គួររំឭកថា​នេះ​ជា​ខួប​លើក​ទី​៦០​នៃ​ការប្រគល់​ពានរង្វាន់​ហើយ​បុគ្គល​ដែលជា​ប់​ចំណាត់ថ្នាក់​សម្រាប់​ពេលនេះ​មាន​សរុប​ប្រាំ​មួយរូប ក្នុងនោះ​រូ​ម​មាន​ប្រទេស​ឥណ្ឌា​ពីររូប វៀតណាម​មួយរូប កម្ពុជា​មួយរូប ហ្វីលីពីន​មួយរូប និង​ទី​ម័​រ​មួយរូប​។ ពិធី​ប្រគល់​ពានរង្វាន់​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣១ សីហា ២០១៨ នៅ​ប្រទេស​ហ្វីលីពីន​។​
​ពានរង្វាន់ រ៉ា​ម៉ុ​ន ម៉ាក្ស​សៃយ៍​សៃយ៍ ជា​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​អ្នកដឹកនាំ​នៅ​អាស៊ី​។ ចាប់តាំងពី​ការ​បង្កើត​​​ពានរង្វាន់​នេះ​តាំងពី​ឆ្នាំ​១៩៥៧​មាន​បុគ្គល​និង​ស្ថាប័ន​ជាង​៣០០​ដែល​ត្រូវបាន​ផ្តល់ជូន​ចំពោះ​ការងារ​បម្រើ​សង្គម​របស់ខ្លួន ថ្នាក់​តំបន់​អាស៊ី និង​ពិភពលោក ដែល​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​មនុស្សជាតិ​។​

.​លោក ឆាំង យុ ជា​នរណា​?

លោក ឆាំងយុនាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ពានរង្វាន់​ណូបែល​អាស៊ី​ឆ្នាំ​២០១៨

​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​កើតឡើង​រវាង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​បាន​បង្ក​ឲ្យ​ប្រជាជន​ប្រមាណ​ជាង​ពីរលាន​នាក់​ស្លាប់បាត់​បង់ជីវិត​។​នេះ​ជា​ផ្នែក​មួយ​នៃ​ជំពូក​ដ៏​រន្ធត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​វែង​អន្លាយ និង​ខ្មៅ​ងងឹត​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

​ការចងចាំ​ជា​សមូហភាព​របស់​អ្នក​រស់រានមានជីវិត​ក៏ដូចជា​ឯកសារ​ដើម​ទាក់ទង​នឹង​របប​ឃោរឃៅ​នេះ ពិត​ជាមាន​សារសំខាន់​យ៉ាង​ក្រៃលែង និង​មិនគួរ​កប់​ចោល​ជាមួយនឹង​អតីតកាល​ទេ​។ លោក​ឆាំង​យុ​ក្នុងនាម​ជា​ជនជាតិខ្មែរ​មួយរូប​បាន​ប្រើប្រាស់​ជីវិត​របស់ខ្លួន​ដើម្បី​បព្វ​ហេតុ​ដ៏​ធំធេង ក្នុងការ​ចងក្រង​ឯកសារ និង​ផ្តល់​តម្លៃ​ដល់​ការចងចាំ និង​កត់ត្រា​ពី​អំពើ​ប្រល័យពូជសាសន៍ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ចំពោះ​ដំណើរការ​សំណង​ផ្លូវច្បាប់​ការផ្សះផ្សារ​ជាតិ​និង​ការធ្វើ​ឲ្យ​សះស្បើយ​របួស​ផ្លូវចិត្ត​។​ទន្ទឹមនឹង​នេះដែរ​ការ​ងារ​របស់លោក​ក៏មាន​តួនាទី​ចម្បង​ក្នុងការ​ធានាថា អតីតកាល​ត្រូវបាន​ថែរក្សា​យ៉ាង​ត្រឹម​ត្រូវជា​និរន្តរ៍​។​

​លោក ឆាំង យុ បានចាប់កំណើត​នៅក្នុង​គ្រួសារ​វណ្ណៈ​កណ្តាល​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ស្ថិតក្នុង​វ័យ ១៤​ឆ្នាំ លោក ព្រមទាំង​ក្រុមគ្រួសារ​របស់លោក ត្រូវបាន​កងកម្លាំង​ខ្មែរក្រហម ដែលជា​ទូទៅ​ជា​យុវជន​វ័យក្មេង​មកពី​ទីជនបទ និង​ទទួល​ការអប់រំ​ក្នុង​សាលារៀន​តិចតួច បង្ខំ​ឲ្យ​ចាកចោល​ផ្ទះសម្បែង និង​សហគមន៍​របស់ខ្លួន​។

​គ្រួសារ​របស់លោក​បាន​រួម​ដំណើរ​ជាមួយនឹង​ប្រជាជន​ដទៃទៀត​ទៅកាន់​តំបន់​ខ្សត់ខ្សោយ​ស្ថិតនៅ​ទីជនបទ​ក្នុងប្រទេស​កម្ពុជា​។​ទីនោះ​គឺជា​ទីកន្លែង​ដែល​កុមារ​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​របស់ខ្លួន​និង​ទទួលរង​ការ​សាប​ព្រួស​មនោគមន៍វិជ្ជា​។​កុមារ​ត្រូវបាន​អប់រំ​ឲ្យ​ប្រកាន់យក​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដោយ​ប្តេជ្ញា​បង្កើតជា​សង្គមជាតិ​ថ្មី​មួយ​តាមរយៈ​ពលកម្ម​ធ្ងន់ធ្ងរ​ផ្អែកលើ​ការអនុវត្ត​ទ្រឹស្តី​កសិកម្ម​ហួសវិស័យ​ដែល​ខុសប្លែក​ទាំងស្រុង​ពី​ចំណេះដឹង​និង​តម្លៃ​បែប​លោកខាងលិច​។

​យុ និង​ក្រុមគ្រួសារ​បាន​ប្រឈម​នឹង​ភាពលំបាក​លំបិន​។ លោក​ក៏ត្រូវ​ទទួលរង​ទារុណកម្ម និង​ការ​ឃុំឃាំង​ខ្លួន នៅពេល​មាន​វ័យ​ជំទង់ ដោយហេតុថា​លោក​បាន​បេះបោច​ផ្សិតព្រៃ ដើម្បី​ផ្គត់ផ្គង់​បងស្រី​ស្រេកឃ្លាន​របស់ខ្លួន​។ មិនតែប៉ុណ្ណោះ លោក​បាន​ទទួលរង​ការឈឺចាប់ ដោយសារ​ការស្លាប់​ដោយ​មិន​សម​ហេតុផល​និង​យ៉ាង​វេទនា​របស់​សាច់ញាតិ​ប្រមាណ​ជាង ៦០​នាក់ ដែល​លោក​មិនមាន​ចេតនា​រំឭក​អំពី​ឈ្មោះ​អ្នក​ដែល​បាត់បង់​ជីវិត​ទាំងនោះ​។

​ម្តាយ​របស់លោក​បាន​ខ្នះខ្នែង​បញ្ជូន​លោក​ឲ្យ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​សេរីភាព ហើយ​បន្ទាប់មកទៀត ដោយ​បំពេញ​តាម​សេចក្តីប្រាថ្នា​របស់​ម្តាយ នៅ​វ័យ​១៧​ឆ្នាំ លោក​បាន​ទៅដល់​ប្រទេស​ហ្វីលីពីន​ជា​ជំរំ​ដែល​លោក​អាច​ស្វែងរក​ច្រកចេញ​នឹង​ផ្ញើខ្លួន​ជា​ជនភៀសខ្លួន​នៅ​សហរដ្ឋអាមេរិក​។ នៅលើ​ទឹកដី​ថ្មី​នេះ លោក​បាន​ក្តា​ប់យក​ឱកាស​ទទួល​ការអប់រំ ព្រមទាំង​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​បំពេញការងារ​នៅក្នុង​អង្គភាព​ការពារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៅក្នុង​ក្រុង​ដា​ឡាស រដ្ឋ​តិច​សាស នាពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​។
​នៅក្នុង​ឆ្នាំ​១៩៩២​បន្ទាប់ពី​សណ្តាប់ធ្នាប់​ក្នុងស្រុក​ត្រូវបាន​ស្តារឡើងវិញ​លោក​បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ហើយ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​និង​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា​។​

​លោក​បាន​រកឃើញ​បេសកម្ម​យូរអង្វែង​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​១៩៩៥​ខណៈពេលដែល​លោក​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អំពើ​ប្រល័យ​ពូ​ជា​សាសន៍​កម្ពុជា របស់​សាកលវិទ្យាល័យ យ៉េ​ល ក្រោម​ការឧបត្ថម្ភ​រប​ស់​សភា​សហរដ្ឋ​អាម៉េរិក​និង​បាន​ដឹកនាំ​គ្រប់គ្រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​លោក​មាន​តួនាទី​ស៊ើបអង្កេត​និង​ប្រមែប្រមូល​ចងក្រង​ឯកសារ​ទាក់ទង​នឹង​អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម​។​នៅក្នុង​ឆ្នាំ​១៩៩៧​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួលបាន​ឋានៈ​ជា​មជ្ឈមណ្ឌល​ឯករាជ្យ ដែល​ស្ថិតក្រោម​ការដឹកនាំ និង​ប្រតិបត្តិ​ការ​ដោយ​ជនជាតិ​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតមកដល់​បច្ចុប្បន្ន ដោយមាន​លោក ឆាំង យុ ជា​នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​ឯកសារ កម្ពុជា បាន​ពង្រីក​បន្ថែម​លើ​ការងារ​ចម្បង​របស់ខ្លួន​ឥតឈប់ឈរ តាមរយៈ​ការរួមបញ្ចូល​ការផ្តួចផ្តើម​ពោរពេញ​ដោយ​ការបង្កើត​ថ្មី ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ អំពី​ជំពូក​ដ៏​សោកសៅ​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេសជាតិ​។ បន្ថែម​លើសពីនេះទៅទៀត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជា​ប្រភពព័ត៌មាន​បឋម​នៃ​ឯកសារ​ភស្តុតាង​នានា​គាំទ្រ​ដល់​ការងារ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ចូលរួម​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​កាត់ទោស និង​វិនិច្ឆ័យ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍​ដ៏​ឃោរឃៅ បង្កឡើង​ដោយ​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម​។

​សវនាការ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០០៦​។​ទន្ទឹមនឹង​នេះដែរ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ដើរតួនាទី​ជា​អ្នកជំរុញ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់ “​ការចងចាំ និង​យុត្តិធម៌ ឲ្យ​ក្លាយជា​មូលដ្ឋានគ្រឹះ​ចាំបាច់ ចំពោះ​នីតិរដ្ឋ និង​ការផ្សះផ្សារ​ជាតិ​យ៉ាងពិត​ប្រាកដ​”​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​មុខងារ​ច្រើន​សណ្ឋាន​របស់លោក​បាន​ជះឥទ្ធិពល​វិជ្ជមាន​ជា​បន្តបន្ទាប់​លើ​ការធ្វើ​អន្តរ​កាលពី​សង្គម​បែកខ្ញែក​មួយ​ទៅជា​សង្គម​រួប​រួមមួយ​តាមរយៈ​ការទទួលយក​ការទទួលខុសត្រូវ​ការ​ទទួល​ស្គាល់​ការឈឺចាប់​របស់​មនុស្ស​ជាតិ​ដែល​បង្កឡើង​ដោយ​កេរដំណែល​នៃ​របប​នេះ​និង​ឆ្ពោះទៅកាន់​ការបង្រួប​បង្រួម​របស់​ប្រជាជន​អម​ជាមួយនឹង​គោលដៅ​រូ​ម​គ្នា​ក្នុង​ការកសាង​វិចារណញាណ​រួម និង​រឹងមាំ​ជាង​មុន​។
​ចាប់តាំងពី​ការកកើត​របស់ខ្លួន​មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រមែប្រមូល​ចងក្រង​លើសពី​មួយ​លាន​ឯកសារ​(​ដោយ​ជាង​ពាក់កណ្តាល​នៃ​ឯកសារ​ទាំងនេះ​បានផ្តល់​ជា​ភស្តុតាង​ដល់​សវនាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​)​ហើយ​ត្រូវបាន​បំប្លែង​ជា​ឯកសារ​អេឡិចត្រូនិក​ដែល​សាធារណៈជន​អាច​ប្រើប្រាស់​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ មជ្ឈមណ្ឌល ក៏​សម្រេចបាន​កិច្ចការ​នានា ដូចជា ក​. ដៅ​ទីតាំង​រណ្តៅ​សាកសព​នៃ​វាលពិឃាត​កម្ពុជា ចំនួន​ជាង​ពីរម៉ឺន នៅលើ​ផែនទី​បែប​ឌីជីថល ,​ខ​. ធ្វើ​កំណាយ​គម្រូ​គ្រោង​ឆ្អឺ​ង​មនុស្ស​ដែល​នៅ​សេសសល់​ដើម្បី​ធ្វើ​កោសល្យវិច័យ​, គ​.​ធ្វើ​បទ​សម្ភាស​ជាង​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​ជាង ១​ម៉ឺន​នាក់ ,​ឃ​. បញ្ចូល​កម្មវិធី​អប់រំ​ទូទាំងប្រទេស​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ យុត្តិធម៌​អន្តរកាល និង​សិទ្ធិមនុស្ស ព្រមទាំង​,​ង​.​លើកកម្ពស់​ការចូលរួម​ជា​សាធារណៈ​នៅក្នុង​ដំណើរការ​ទាំងមូល​។ ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្តោតលើ​ទាំង​អតីតកាល និង​អនាគត​របស់​ប្រទេស​កម្ពុជា​។​

លោក ឆាំង យុ ទទួលស្គាល់ថា ការថែរក្សា​ការចងចាំ និង​កំណត់ត្រា​អំពី​អតីតកាល ប្រៀបបាន​ទៅនឹង​កំពែង​ការពារ​ប្រឆាំងនឹង​អ្នក​ទាំងឡាយណា​ដែល​មានបំណង​បំភ័ន្ត ឬ​លុបបំបាត់​នូវ​អ្វីដែល​បាន​កើតមានឡើង​។​
​សព្វថ្ងៃ ស្ថិតក្នុង​វ័យ ៥៧​ឆ្នាំ លោក ឆាំង យុ កំពុង​ផ្តោតលើ​ការសាងសង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែល​នឹង​រួមបញ្ចូល​នូវ ១.​សារមន្ទីរ ,២. បណ្ណសារដ្ឋាន ,៣.​មជ្ឈមណ្ឌល​ស្រាវជ្រាវ​, ៤. កម្មវិធីសិក្សា​កម្រិត​ឧ​ត្ត​ម​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​, ៥. វិចិត្រសាល​សហ​សម័យ ។ វិទ្យាស្ថាន​ស្លឹករឹត​នឹងមិន​ត្រឹមតែ​បន្ត​និរន្តរភាព​នៃ​ការងារ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្រេចបាន​ប៉ុ​តែ​ណ្ណោះ​ទេ​វិទ្យាស្ថាន​នេះ​ក៏​នឹងមាន​តួនាទី​ជា​មជ្ឈមណ្ឌល​ធនធាន​ស​ម្រា​ប់​ពិភពលោក ដែល​ធ្លាប់​ឆ្លងកាត់ និង​បន្ត​រង​ការគំរាមកំហែង​ពី​សំណាក់​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ និង​អំពើ​ប្រល័យពូជសាសន៍​។​

​ចំពោះ​លោក​ឆាំង​យុ​អ្វីៗ​ទាំងអស់នេះ​មិនមែនជា​បេសកកម្ម​ដែល​កើតមាន​ដោយ​ឯកឯង​នោះទេ ក៏ប៉ុន្តែ​ជាការ​តាំងចិត្ត​ដ៏​មោះមុត​របស់លោក​។​អ្វីៗ​ទាំងនេះ​គឺ​ដើម្បី​ម្តាយ​ដែល​បាន​ខ្ចីប្រាក់​ប្រាំ​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ដើម្បី​អាច​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅពេល​លោក​មាន​វ័យ​ជំទង់ និង​ដើម្បី​អ្នក​រាល់គ្នា​ដែល​លោក​មិនអាច​ជួប​រហូត​ដល់ពេល​លោក​មាន​វ័យ​៣០​ឆ្នាំ​។ លោក​បាន​លើកឡើងថា “​ខ្ញុំ​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ដើម្បី​ម្តាយ​របស់ខ្ញុំ​ដែល​បាន​រងទុក្ខវេទនា​។ ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​មោទនភាព​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ឲ្យ​គាត់​ក្លាយជា​ស្ត្រី​ដ៏​រីករាយ​មួយរូប ដែល​មិនចាំបាច់​ចារ​ទុក​នូវ​សោកនាដកម្ម​ទាំងនេះ​នៅក្នុង​ចិត្ត​ក៏ដូចជា​ជីវិត​របស់គាត់​”​។ នេះ​ជាការ​ប្តេជ្ញា​អស់ពី​ចិត្ត ដែល​លោក​បាន​ពង្រីក​ឲ្យ​ក្លាយទៅជា​បេសកកម្ម​នៃ​ការចងចាំ យុត្តិធម៌ និង​ការ​ជា​សះ​ស្បើយ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។​

​ក្នុងការ​សម្រេច​ជ្រើស​យក​លោក ឆាំង យុ ឲ្យ​ទទួល​ពានរង្វាន់​រ៉ា​ម៉ុ​ន​ម៉ាក្ស​សេ​យ៍​សេ​យ៍​ឆ្នាំ​២០១៨ គណៈកម្មការ​​​បានទទួល​ស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ថ្លៃថ្លា​និង​ធំធេង​របស់លោក​ក្នុងការ​រក្សា​ការចងចាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ក៏ដូចជា​ភាពជា​អ្នកដឹកនាំ​និង​ចក្ខុវិស័យ​របស់លោក​ក្នុងការ​បញ្ជាក់​ឲ្យ​ឃើញថា​ការចងចាំ​អំពី​ភាពរន្ធត់​ដែល​កើតមាន​អាច​ក្លាយជា​គ្រឹះ​សម្រាប់​ការកសាង​ឡើងវិញ​នូវ​សង្គម​មួយ​ដែល​ប្តូរផ្តាច់​ចំពោះ​អនាគត​តាមរយៈ​ការស្វែងរក​ការពិត​និង​ថែរក្សា​យុត្តិធម៌​សម្រាប់​ប្រទេសជាតិ​របស់លោក និង​ពិភពលោក​៕សរន