នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ អះអាងថា ក្នុង​មន្ទីរពេទ្យ​កំពុង​បង្កើន​បន្ថែម​នូវ​គុណភាព​ផ្នែក​សង្គ្រោះបន្ទាន់​និង​ជំងឺ​ធ្ងន់ ដើម្បី​ធ្វើការ​សង្គ្រោះ​កុមារឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

872
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ លោកនាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប បាន​អះអាងថា ក្នុង​មន្ទីរពេទ្យ​កំពុង​បង្កើន​បន្ថែម​នូវ​គុណភាព​ផ្នែក​សង្គ្រោះបន្ទាន់​និង​ជំងឺ​ធ្ងន់ ដើម្បី​ធ្វើការ​សង្គ្រោះ​កុមារ​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ និង​ចូលរួម​កាត់បន្ថយ​អត្រា​មរណៈភាព​ទារក​និង​កុមារឲ្យនៅ​កម្រិត​ទាប ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល​។​ នេះ​ជាការ​បញ្ជាក់​របស់លោក វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា បានបញ្ជាក់​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ស្ដីពី​សុខភាព​កុមារ​ក្រោម​ប្រធានបទ​“​ការសង្គ្រោះ​បន្ទាន់​និង​ជំងឺ​ធ្ងន់​”​នៅ​ខេត្តសៀមរាប​។​

ក្រុង​សៀមរាបលោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ

លោកនាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បានអះអាងថា បច្ចុប្បន្ននេះ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​នឹង​កំពុង​បង្កើន​បន្ថែម​នូវ​គុណភាព​ផ្នែក​សង្គ្រោះបន្ទាន់​និង​ជំងឺ​ធ្ងន់ ដើម្បី​ធ្វើការ​សង្គ្រោះ​កុមារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​ទារក​និង​កុមារឲ្យនៅ​កម្រិត​ទាប ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល ខណៈ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ មន្ទីរពេទ្យបានទទួល​ព្យាបាល​កុមារ​ផ្នែក​ជំងឺ​សង្គ្រោះបន្ទាន់ និង​ជំងឺ​ធ្ងន់​មាន​ជិត១​ម៉ឺន​៨​ពាន់​នាក់ ។​

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា បានបញ្ជាក់​ទៀតថា មន្ទីរពេទ្យ​កុមារ​អង្គរបាន​បង្កើតឡើង​នូវ​ផ្នែក​សង្គ្រោះ​បន្ទាន់និង​ជំងឺ​ធ្ងន់ នៅក្នុង​ឆ្នាំ​២០០៤ និង​ត្រូវបានជួសជុល​កែលម្អ​នៅក្នុង​ឆ្នាំ​២០១៥ ដើម្បី​លើកកម្ពស់​គុណភាព​​នៃ​ការបង្ការ និង​ការត្រួតពិនិត្យ​ការចម្លង​រោគ និង​ផាសុកភាព​របស់​អ្នកជំងឺ ខណៈដែល​ផ្នែក​នេះ ត្រូវបាន​ដំណើការ​ដោយ​អនុលោម​តាម​បទដ្ឋាន​អន្ដរជាតិ​ស្ដីពី​ការបង្ការ និង​ការត្រួតពិនិត្យ​ការចម្លង​រោគ និង​ភាព​សមាមាត្រ​រវាង​ចំនួន​បុគ្គលិក និង​ចំនួន​អ្នកជំងឺ ៕B