ឥណ្ឌានិង ជប៉ុន ចាប់ផ្តើម​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​លឿន​ឥណ្ឌា​ខណៈដែល​ចំណងទាក់ទង​កាន់តែ​ល្អប្រសើរ​

227

​លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា និង លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ត្រៀម​ចាប់ផ្តើម​ឱ្យ​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​លឿន​លើក​ទីមួយ​របស់​ឥណ្ឌា នៅ​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ទី​១៤​ខែកញ្ញា​។​

ខ្សែ​រថភ្លើង​ឥណ្ឌា​ ដឹក​អ្នកដំណើរ​ប្រហែល​២២​លាន​នាក់​រាល់ថ្ងៃ ដែលនាំឱ្យ​ខ្សែ​រថភ្លើង​នេះ មានការ​មមាញឹក​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។​

​លោក​ម៉ូ​ឌី បាន​សន្យា​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើឱ្យ​ផ្លូវ​រថភ្លើង​និង​រថភ្លើង​របស់​ប្រទេស​នេះ កាន់តែ​ទំនើប​ឡើង​។​

​នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី និង រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ស្វែងរក​ការបង្កើន​ចំណងទាក់ទង​កាន់​ជិតស្និទ្ធ​ក្នុងការ​ទប់ទល់​ឥទ្ធិពល​ក្នុង​តំបន់​កើនឡើង​របស់​ចិន​នោះ គម្រោង​នេះ​ផ្តល់​ការលូតលាស់​សេដ្ឋកិច្ច​និង​ភាពល្អប្រសើរ​ចំណងទាក់ទង​ការទូត​។​

​នាយករដ្ឋមន្ត្រី​ទាំង​២​នេះ នឹងដាក់​ឱ្យ​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​លឿ​នេះ​នៅ​ទីក្រុង​អា​មេ​ដា​បាត (Ahmedabad​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា ដោយ​ត​ភ្ជាប់​រដ្ឋ​គូ​ចា​រ៉ាត់ ជាមួយនឹង​ទីក្រុង​មុំ​បៃ ។​

​រថភ្លើង​ថ្មី​ដែលមាន​ល្បឿន​៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ គឺមាន​ល្បឿន​លឿន​ជាង​២​ដង​នៃ​រថភ្លើង​លឿន​ដែល​ប្រតិបត្តិការ​នៅ​ប្រទេស​ឥណ្ឌាបច្ចុប្បន្ន ហើយ​វា​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​៧៥០​នាក់​។​

​ជប៉ុន ជា​ប្រទេស​ទីមួយ ដែល​ផលិត​រថភ្លើង​ដ៏​លឿន គឺ​រថភ្លើង​Shinkansen​របស់ខ្លួន ដែល​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​រថភ្លើង​ដែល​លឿង​ជាងគេ​នៅលើ​ពិភពលោក​៕ ដោយ ៖ សុខា

​លោក ណារិន​ដ្រា ម៉ូ​ឌី និង លោក ស៊ិន​ហ្សូ អា​បេ ចាប់ដៃ​ស្វាគមន៍​នៅ​ពីមុខ​រថភ្លើង Shinkansen ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​រថភ្លើង​នៅ​ទីក្រុង​កូ​បេ ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០១៦