នាយក​សាជីវកម្ម​មី​តស៊ូ​ប៊ី​ស្សី​នៅ​កម្ពុជា​ជួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

875
ចែករម្លែក
លោក Jun ARII នាយក​គ្រប់គ្រង​ទូទៅ នៃ​សាជីវកម្ម​មី​តស៊ូ​ប៊ី​ស្សី ក្នុងឱកាសចូលជួបពិភាក្សា និងជម្រាបលាលោកបណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨

ដោយ​៖ ស៊ា ថាំង / ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា លោក Jun ARII នាយក​គ្រប់គ្រង​ទូទៅ នៃ​សាជីវកម្ម​មី​តស៊ូ​ប៊ី​ស្សី (Mitsubishi Corporation) នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ជួបពិភាក្សា​ជាមួយ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងឱកាស​ដែល​លោក​មក​ជម្រាបលា ព្រោះ​បេសកកម្ម​ការងារ​របស់​លោក នឹងត្រូវ​បញ្ចប់​នា​ដើមខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ​។

​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​សរសើរ​ថា លោក JunARII ក្នុង​អាណត្តិ​ការងារ​រយៈពេល​បួន​ឆ្នាំ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ទំនាក់ទំនង និង​កិច្ចដំណើរការ នៃ​សាជីវកម្ម​មី​តស៊ូ​ប៊ី​ស្សី​នៅ​កម្ពុជា បានទទួល​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់ ដែលជា​កត្តា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏ដូចជា​ការវិនិយោគ​នៅ​កម្ពុជា​។​

​ចំណែក​លោក Jun ARII បាន​ជម្រាប​បណ្ឌិត​សភាចា​រ្យ ទេសរដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​បួន​ឆ្នាំ ដែល​លោក​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ក្រសួង​-​ស្ថាប័ន ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានផ្ដល់​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ល្អប្រសើរ រៀបចំ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរឡើង ដែល​បាន​ជំរុញ​ឲ្យ​បេសកកម្ម​ការងារ​របស់​លោក ពិសេស​សាជីវកម្ម​មី​តស៊ូ​ប៊ី​ស្សី ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​មកដល់​ថ្ងៃនេះ​៕L​