នាយក​ហួ​រវេ ឡើង​តុលាការ​កាណាដា ដើម្បី​ប្រយុទ្ធ​នឹង​ការធ្វើ​បត្យាប័ន​ទៅ​អាម៉េរិក​

119
ចែករម្លែក

​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​រវេ​(Huawei)​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា​បាន​ធ្វើដំណើរ​ទៅកាន់​តុលាការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​​ធ្វើ​បត្យាប័ន​(​បញ្ជូន​ខ្លួន​)​លោកស្រី​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​។​

​លោកស្រី​ម៉េង វ៉ាន់ចូ​វ នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ហួរ​វេ​និង​ជា​កូនច្បង​របស់​ស្ថាបនិក​ក្រុមហ៊ុន ត្រូវ​អាជ្ញាធរ​អាម៉េរិក​ត្រូវការ​ចាប់​ខ្លួន​ចំពោះ​ទោសកំហុស​ឆបោក​។​​ដើម្បី​ទទួលបាន​សេរីភាព​មកវិញ ភាគី​របស់​«​ព្រះអង្គម្ចាស់ក្សត្រិយ​ហួ​រវេ​»​រូបនេះ ត្រូវតែ​ពន្យល់​បញ្ចុះបញ្ចូល​អោយ​ចៅក្រម​កាណាដា ជឿថា​ការចោទប្រកាន់​របស់​​អាម៉េរិក ដែល​ថា​ក្រុមហ៊ុន​រំលោភ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ មិន​មាន​តំលៃ​ផ្លូវ​ច្បាប់​នៅ​កាណាដា​និង​ជា​ការចោទប្រកាន់​ក្រោម​ហេតុផល​នយោបាយ​។​

​អាម៉េរិក​ចោទប្រកាន់​លោកស្រី​ម៉េង​ថា​កុហក​ធនាគារ​HSBC​អំពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុនហួ​រវេជាមួយ​ក្រុមហ៊ុន​Skycom​របស់​អ៊ីរ៉ង់ ជាហេតុ​នាំ​អោយ​ធនាគារ​​មួយ​នេះ​ប្រឈម​នឹង​ការរំលោភ​ទណ្ឌកម្ម​របស់​អាម៉េរិក​ទៅ​លើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​តែ​ម៉េង បាន​បដិសេធ​ការចោទប្រកាន់​។​

​លោកស្រី​ម៉េង វ៉ាន់ចូ​វ បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ និង​កំពុង​ស្នាក់នៅ​ក្នុង​ភូមិគ្រិះ​របស់​លោកស្រី​នៅ​ទីក្រុង​វែ​ន​ខូវើ​អស់ពេល​១​ឆ្នាំ​មកនេះ​ដើម្បី​រង់ចាំ​ការ​​ឡើង​តុលាការ​។​

​ការចាប់ខ្លួន​លោក​ស្រី​ម៉េង​កើតឡើង​ចំ​ពេល​លោក​ស្រី​ធ្វើដំណើរ​ពី​ហុងកុង​ទៅ​ម៉ិក​ស៊ិច​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ និង​ឈប់​ត​ជើង​យន្តហោះ​នៅ​កាណាដា​។​ការចាប់​​ខ្លួន​ស្ត្រី​វ័យ​៤៧​ឆ្នាំ​រូប​នេះ បានធ្វើអោយ​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​កាណាដា​ធ្លាក់ចុះ​ខ្លាំង​។​ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​២​រូប​ចំពោះ​បទល្មើស​ផ្សេង​​គ្នា និង​រឹតត្បិត​ការនាំ​ចេញ​កសិផល​កាណាដា​មកកាន់​ចិន​។​

​ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កាណាដា បាន​និយាយថា ការដោះលែង​លោក​ស្រី​ម៉េង ជា​លក្ខខណ្ឌ​ជា​មុន​មួយ​សំរាប់​ការធ្វើអោយ​ល្អប្រសើរ​ឡើងវិញ​​នូវ​ទំនាក់ទំនង​ទ្វេភាគី​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​(​កាណាដា​)​នៅតែ​និយាយ​ថា ខ្លួន​មិន​ជ្រៀតជ្រែក​ដំណើរការ​តុលាការ​ទេ​។​

​សវនាការ​នេះ​ត្រូវធ្វើ​៥​ថ្ងៃ ហើយ​បើសិនជា​រកឃើញថា​ម៉េង​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​នៅ​កាណាដា តុលាការ​នឹង​ដំណើរការ​ដំណាក់កាល​បន្ទាប់​នៅ​ខែមិថុនា ​គឺ​សវនាកា​រលើ​ការចោទប្រកាន់ថា ការចាប់ខ្លួន​លោក​ស្រី​ម៉េង ជាការ​សមគំនិត​មួយ​។​ក្រោយមក​ទៀត​នៅ​ឆ្នាំ​នេះ​តុលាការ​នឹង​ថ្លឹងថ្លែង​ភស្តុតាង​ក្នុងករណី​ចោទ​​ប្រកាន់​ឆបោក​របស់​អាម៉េរិក​។​

​បើ​មាន​ការប្តឹង​ឧទ្ធរណ៍ ក្តីក្តាំ​នេះ​នឹង​អូសបន្លាយ​ពេល​រាប់​ឆ្នាំ​។​

​រេ​ន ហ្សេ​ង​ហ្វេ ស្ថានិ​ក​របស់​ហួ​រវេ និង​ជា​ឪពុក​របស់​លោកស្រី​ម៉េង បាន​និយាយថា ករណី​នេះ​ជា​ផ្នែក​នៃ​ផែនការ​អាក្រក់​របស់​អាម៉េរិក​ដើម្បី​កំទេច​ក្រុមហ៊ុនហួ​រវេ​​ដោយសារ​អាម៉េរិក​មើលឃើញថា​ក្រុមហ៊ុន​ចិន​មួយ​នេះ​ជា​ហានិភ័​ខាង​សន្តិសុ​ខមួយ​។​លោក​បាន​ប្រាប់​សារព័ត៌មាន​CNN​ថា​«​ម៉េង​ប្រៀបដូចជា​កូន​ស្រមោច​មួយ​​ជាប់​ក្នុង​ចន្លោះ​បុក​គ្នា​នៃ​យក្ស​ពីរ​»៕​ប្រែ​សម្រួល​៖​វាសនា​

ម៉េង វ៉ាន់ចូ​វ ចេញពី​រថយន្ត នៅ​ភូមិគ្រិះ​របស់​លោកស្រី​នៅ​ក្រុង​វែ​ន​ខូវើ ក្រោយ​បង្ហាញខ្លួន​នៅ​តុលាការ​