នាយក​CIA​ថ្មី ធ្លាប់​គ្រប់គ្រង​មណ្ឌល​ឃុំឃាំង​ធ្វើ​ទារុណកម្ម​អ្នកទោស​នៅ​ថៃ​

3618
ចែករម្លែក

​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ទទួលបាន​នាយ​ជា​ស្ត្រី​ថ្មី​លើកដំបូង​របស់ខ្លួន គឺ​លោកស្រី​ហ្គី​ណា ហេស​ផេ​ល​(Gina Haspel)​ដែល​ធ្លាប់​​គ្រប់គ្រង​ជំរំ​ឃុំឃាំង​ដ៏​សម្ងាត់​នៅ​ថៃ ដែល​តាម​ព័ត៌មាន​គឺ​ជំរំ​នេះ​មាន​ការធ្វើ​ទារុណកម្ម​អ្នកទោស​ដោយ​ចង​ព្យួរ​ជើង​ឡើងលើ​រួច​ទម្លាក់​​ក្បាល​ក្នុង​ធុង​ទឹក ដើម្បី​សួរចម្លើយ​។​

Gina Haspel​ដែល​ទើប​ត្រូវបាន​ប្រធានាធិបតី​តែងតាំង​ជំនួស​តំណែង​ប្រធាន​ចាស់​ដែល​ត្រូវ​ទៅកាន់​តំណែង​រដ្ឋមន្ត្រីការបរទេស​កាល​​ពីថ្ងៃ​អង្គារ​ទី ១២​មីនា ជា​បុគ្គល​ចំរូងចម្រាស​ម្នាក់​។​ទោះជា​មានការ​គាំទ្រ​ជាច្រើន​ក្នុងចំណោម​សហគមន៍​ចារកម្ម​អាមេរិក លោកស្រី​ត្រូវ​​បាន​អ្នកដទៃ​សង្ស័យថា​មាន​ពាក់ព័ន្ធ​នឹង​ទីតាំង​ឃុំឃាំង​លាក់កំបាំង​របស់​CIA​។​

​នៅក្រោម​រដ្ឋការ​លោក​ប្រធានាធិបតី ច​ច ដាប​បឹ​ល​យូ ប៊ូ​ស Haspel​បាន​គ្រប់គ្រង​ជំរំ​ឃុំឃាំង​សម្ងាត់​របស់​CIA​នៅក្នុង​ប្រទេស​ថៃ​​ដោយ​ដាក់ឈ្មោះ​សម្ងាត់​ថា​«​ភ្នែកឆ្មា​-Cat’s Eye»​ឬ ជំរុំ​Detention Site Green​។​ជនសង្ស័យ​ពីរ​នាក់​ជា​សមាជិក​ក្រុម​ភេរវកម្ម​​អាល់​កៃ​ដា ត្រូវបាន​គេ​និយាយថា​ត្រូវបានធ្វើ​ទា​រុ​ណ្ម​កម្ម​សួរចម្លើយ​ដោយ​ចាប់​ក្បាល​ជ្រមុជ​ទឹក​នៅក្នុង​ជំរំ​នេះ​។​នេះ​បើតាម​ការផ្សាយ​​របស់​កាសែត​បាងកក​ប៉ុស្តិ៍​នៅថ្ងៃនេះ​។​

​កាសែត​បាន​បន្ត​អោយដឹងថា បី​ឆ្នាំក្រោយ ស្ថិតនៅក្នុង​អាណត្តិ​លោក​ប៊ូ​ស​ដដែល​លោកស្រី​បាន​ជួយ​អនុវត្ត​បទបញ្ជា​មួយ​ដើម្បី​បំផ្លាញ​​ចោល​វិ​ដេ​អូ​អំពី​ការចាប់​ក្បាល​ជ្រមុជ​ទឹក​សួរចម្លើយ​នៅ​ជំរំ​ថៃ​នេះ​។​ការចាប់​ក្បាល​ជ្រមុជ​ទឹក​អោយ​ឈ្លួ​ក​ដើម្បី​សួរចម្លើយ​នេះ​ត្រូវបាន​​ចាត់ទុកជា​ប្រភេទ​នៃ​ការធ្វើ​ទារុណកម្ម​មួយ​ដោយ​ប្រទេស​ជាច្រើន​។​នៅ​ឆ្នាំ​២០០៦​អាមេរិក​ចាប់ផ្តើម​ហាម​ការអនុវត្ត​បែបនេះ​។​

​ជំរំ​ដូចជា​Detention Site Green​ត្រូវបាន​គេ​ហៅថា «​ទីតាំង​ងងឹត​» ដោយសារតែ​វត្តមាន​របស់​វា​មិន​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​​ទទួលស្គាល់​។​គ្រប់​រដ្ឋាភិបាល​និង​មេបញ្ជាការ​យោធា​ថៃ​ចាប់តាំងពី​ឆ្នាំ​២០០២​មក​តែងតែ​បដិសេធថា​មិន​ដែលមាន​ទីតាំង​ដូច្នេះ​ទេ​នៅ​​ក្នុង​ទឹកដី​ថៃ ដូច្នេះ​ទីតាំង​ពិតប្រាកដ​នៃ​ជំរំ​Cat’s Eye​នៅតែ​ជា​អាថ៌កំបាំង​ទោះជា​អ្នកសារព័ត៌មាន​ថៃ​ក៏៏​ដូចជា​បរទេស​បាន​ព្យាយាម​​ស្វែង​រកក្តី​។​

Haspel​អាយុ​៦១​ឆ្នាំ មានបទពិសោធន៍​ក្រៅប្រទេស​ច្រើន​គួរសម និង​ធ្លាប់​ត្រូវបានតែងតាំង​សំរាប់​មុខតំណែង​សម្ងាត់​ជាច្រើន​។​លោកស្រី​​បាន​បំរើការ​នៅក្នុង​មុខតំណែង​បង្កប់​នៅក្រៅ​ប្រទេស​ជាច្រើន បន្ថែម​លើ​ការងារ​នៅ​ថៃ រួមមាន​នាយក​ស្ថានីយ​CIA​នៅ​ក្រុង​ឡុង​ដ៍​​និង​នៅ​មូលដ្ឋាន​របស់​ទីភ្នាក់ងារ​នេះ​នៅ​ក្រុង​ញូវយ៉ក​។​

​មុខតំណែង​របស់លោក​ស្រី​នៅ​ក្រុង​វ៉ាស៊ីនតោន​រួមមាន អនុប្រធាន​សេវា​សម្ងាត់​ជាតិ​និង​នាយសេនាធិការ​សំរាប់​នាយក​សេវា​សម្ងាត់​​ជាតិ​។​ឆ្លងកាត់​មុខតំណែង​ទាំងនេះ លោកស្រី​ត្រូវបានតែងតាំង​ដោយ​លោក​ផ​ម​ផេ​វ ជា​នាយករង​CIA​កាលពី​ឆ្នាំទៅ​៕​ដោយ​៖​វាសនា​

​ការតែងតាំង​លោកស្រី​Haspel​បង្ក​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​និង​ពី​លោក​Edward Snowden​ដែលជា​អ្នក​ទម្លាយ​ឯកសារ​​សម្ងាត់​អាមេរិក​

#