នាយទាហាន​កងទ័ពជើងទឹក​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ចិន ចំពេល​ភាព​តានតឹង​កើនឡើង​

148

​កងទ័ពជើងទឹក​បាន​និយាយថា មន្ត្រីជាន់ខ្ពស់​កងទ័ព​ជើង​ទឹក​អាមេរិក នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ​ទី​១៣​មករា​ចំពេល​ភាព​តានតឹង​កើនឡើង​នៅ​​សមុទ្រ​ចិន​ខាងត្បូង​និង​ភាព​តានតឹង​ផ្សេងទៀត​ដែល​បង្ហាញ​អំពី​ភាព​ប្រជែង​របស់​ពួកគេ​ក្នុង​ការចង់​កាន់កាប់​នៅ​ទ្វីបអាស៊ី​។​

​លោក​ច​ន រី​ឆាត​សុន​( John Richardson) ឧ​ត្ត​មនា​វី​អាមេរិក​នេះ នឹង​ជួប​ជាមួយ​លោក​សេន ជីន​តុង​( Shen Jinlong)​ឧ​ត្ត​មនា​វី​រង​ចិន​និង​ក្រុម​មេដឹកនាំ​គណៈកម្មាធិការ​​យោធា​មជ្ឈិម​របស់​ប្រទេស​ចិន​ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​ណាន​ជី​ង​ដែលមាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ពុធ​។​

​កងទ័ពជើងទឹក​បាន​និយាយថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ដែលជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់លោក John Richardson គឺ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​​និង​ទប់ស្កាត់​ហានិភ័យ​ដែល​អាច​កើតឡើង តាមរយៈ​ជំនួប​ចរចា​រវាង​កងទ័ព​ទាំង​២​។​

​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ដកស្រង់​សម្តី​របស់លោក John Richardson បាន​និយាយថា “​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនៈ​ជាធម្មតា​គឺមាន​សារៈសំខាន់​ជាពិសេស​​នៅពេល​មាន​ភាព​តានតឹង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​និង​ជៀសវាង​ការវាយតម្លៃ​ខុស ។ ការសន្ទនា​ដោយស្មោះ​ត្រង់​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ក្នុងន័យ​​ស្ថាបនា​ដែល​យើង​ចែករំលែក​ផលប្រយោជន៍​រួម​និង​ធ្វើការ​រួមគ្នា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​និង​ការខ្វែងគំនិត​គ្នា ” ។​

​លោក John Richardson និង លោក Shen Jinlong ធ្លាប់បាន​ជួបគ្នា​នៅ​កិច្ចប្រជុំ​មួយ​អំពី​សន្តិសុខ​សមុទ្រ​អន្តរជាតិ នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៨​។​

​ចិន​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​កងទ័ពជើងទឹក​អាមេរិក​នៅក្នុង​តំបន់​របស់ខ្លួន​ដែល​ចាត់ទុក​តំបន់​នោះ​ថា​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ទប់ស្កាត់​ការ​​អភិវឌ្ឍ​និង​ឥទ្ធិពល​របស់ខ្លួន​៕​ដោយ​:​សុខា​/sn