នាយ​ចឺម​សន្យា​ជាមួយ​អ្នក​កំពង់ឆ្នាំង​ថា ឆ្នាំក្រោយ​មកលេង​បុណ្យ​ភូមិ​ទៀត និង​ច្រៀង​ជូន​១០​បទ​ដោយ​មិន​គិតលុយ​

1810
ចែករម្លែក
  • 393
    Shares

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នាយ​ចឺម​ដែលជា​តារាចម្រៀង​កំពុង​ពេញនិយម​របស់​ផលិតកម្ម​សាន់​ដេ បាន​សន្យាថា នៅ​ឆ្នាំក្រោយ​លោក​នឹង​មកលេង​បុណ្យ​ភូមិ នៅ​ខេត្តកំពង់ឆ្នាំង​ម្តងទៀត ហើយ​នៅពេលនោះ លោក​នឹង​ច្រៀង​ជូន​១០​បទ ដោយ​មិន​យកលុយ​។​

​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នាយ​ចឺម ដែលជា​តារាចម្រៀង​កំពុង​ពេញនិយម​របស់​ផលិតកម្ម​សាន់​ដេ បានមក​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ភូមិ ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​វត្ត​សន្ទូច ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង តាម​ការអញ្ជើញ​ពី​តំណាង​ក្រុមការងារ​ស្ម័គ្រចិត្ត ដែលជា​អ្នករៀបចំ​កម្មវិធី​បុណ្យ​ភូមិ​នេះ​។​

​ពេល​នោះគេ​សង្កេតឃើញ​នាយ​ចឺម​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ ពិធី​ស្រង់​ព្រះ​ជាមួយ​លោកស្រី​ឈឹម ស្រីមុំ ជា​ភរិយា​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកស្រី​បាល់ យឿន ដែលជា​អភិបាលរង​ខេត្ត​ផងដែរ​។ បន្ទាប់មក​នាយ​ចឺម បាន​ឡើង​ច្រៀង​នៅលើ​វេទិការ​ប្រគុំ​ដ​ន្ត្រី​ចំនួន​៤​បទ ដែលជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​និង កំពុង​ពេញនិយម​ពី​ស្រទាប់​យុ​វ័យ​។

​ក្រោយពី​ច្រៀង​ចប់ នាយ​ចឺម​បានប្រកាស​ពីលើ​វេទិការ​ប្រគុំ​ដ​ន្ត្រី​នោះ​ថា នៅ​ឆ្នាំក្រោយ​លោក​នឹង​មកលេង​បុណ្យ​ភូមិ​នៅ​ខេត្តកំពង់ឆ្នាំង​ម្តងទៀត ហើយ​ច្រៀង​ជូន​១០​បទ​ដោយ​មិន​យកលុយ​ពី​អ្នករៀបចំ​កម្មវិធី​ឡើយ​។

​វត្តមាន​នាយ​ចឺម ក្នុង​ពិធីបុណ្យ​ភូមិ​នៅ​ខេត្តកំពង់ឆ្នាំង មានការ​គាំទ្រ​យ៉ាងខ្លាំង​។ គ្រប់​បទ​ដែល​នាយ​ចឺម​ច្រៀង​អ្នក​ចូលរួមបាន​ទះដៃ​អបអរសាទរ​និង​ស្រែ​ហោក​ញ្ជៀ​វ​យ៉ាង​ទ្រហឹង​អើ​ង​កង​។​

​លោក​ជិន រិទ្ធី ប្រធាន​ក្រុមការងារ​ស្ម័គ្រចិត្ត​ខេត្ត​កំពង់​ឆ្នាំ បុណ្យ​ភូមិ​នេះ​ធ្វើឡើង ដើម្បី​ពង្រឹង​សាមគ្គីភាព និង​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ឆ្នាំង ស្រប​ពេលដែល​ពិធីបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខិតជិត​ម​ក​ដល់​។​

​លោក​បានអោយដឹងថា​នៅ​ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ស្ម័គ្រចិត្ត ខេត្តកំពង់ឆ្នាំង ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នឹង​រៀបចំ​ព្រឹត្តិការណ៍ កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង ដែលមាន​លក្ខណៈ​រឹតតែ​ពិសេស​និង​អស្ចារ្យ​ប្លែក​ពី​ឆ្នាំមុន​។ នៅក្នុង​ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍ កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង នឹង​រៀបចំ​លើ ៣​ទីតាំង​ផ្សេងៗ​គ្នា​។ ដោយ​ក្នុងនោះ​៖ ទីតាំង​ទី​១ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៤ និង ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៨ នៅ​បរិវេន​វត្ត​គិរី​សុវណ្ណ ហៅ​វត្ត​ត្រងិល ស្ថិតនៅក្នុង ឃុំ​ត្រងិល ស្រុក​កំពង់លែង​។ ទីតាំង​ទី​២ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ៣១ ខែមីនា និង​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០១៨ នៅ​បរិវេណ វត្ត​កំពង់ព្រះ ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​។ ទីតាំង​ទី​៣ ប្រារព្ធ​ធ្វើ​ថ្ងៃទី ៦ ,៧ និង ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០១៨ នៅ​បរិវេន វត្ត​ព​លិ​បុព្វ​តា​រាម ហៅ​វត្ត​សន្ទូច ស្ថិតនៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​សូមជម្រាបថា សំរាប់​ព្រឹត្តិការណ៍ កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង ក៏មាន​ការប្រគំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ ការបង្ហាញ​ក្បាច់គុន​ល្បុកតោ ការដាក់​តាំង​បង្ហាញ ផលិតផល​របស់​ខេត្ត ការសម្តែង​របាំ​ប្រពៃណី និង​ការ​រាំលេង​កម្សាន្ត ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​៕ ល​

#