នាយ​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ផ្ដាំផ្ញើ​ដល់​កម្លាំងប្រដាប់អាវុធ​និង​ពលរដ្ឋ​ត្រូវការពារ​សន្តិភាព​

1344
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ហ៊ីង​ប៊ុន​ហៀ​ង​នាយករង​ខុទ្ទកាល័យ​និង​ជា​តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ដាំផ្ញើ​ដល់​កម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​ត្រូវការពារ​តម្លៃ​សុខសន្តិភាព​ដែលមាន​នាបច្ចុប្បន្ន​នេះ​ឱ្យបាន​ដាច់ខាត​ទោះបី​ក្នុង​កាលទេស​ណាក៏ដោយ​។​

ក្នុងនោះ​ត្រូវ​ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​និង ចូលរួម​ថែរក្សា សមិទ្ធផល​នានា ក្នុង​សង្គមជាតិ​ការពារ​បូរណភាព​ទឹកដី តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ប្រែ​កា្ល​យ​ឱ្យទៅជា​តំបន់​សន្តិភាព​មិត្តភាព និង​ការអភិវឌ្ឍ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បានបញ្ជាក់​បែបនេះ នៅ​ពិធី​សម្ពោធ​សាលា​ធម្មសភា​ក្នុង​វត្ត​ទួល​អណ្ដែត ស្ថិតនៅ​ក្នុងភូមិ​សង្គម​ថ្មី ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​។​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា សន្តិភាព​នាបច្ចុប្បន្ន​នេះ មានតម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន និង​ជា​គុណបំណាច់​ដ៏​ធំធេង​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។​

​សមិទ្ធផល​សន្តិភាព​ដ៏​ធំធេង​នេះ កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់ នៃ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​រីកចម្រើន និង​ការរស់នៅ​យ៉ាង​សុខសាន្ត​របស់​ប្រជាពលរដ្ឋ នាពេល​បច្ចុប្បន្ននេះ​។​

ដោយសារ​កត្តា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការកសាង​សមិទ្ធផល​នានា​ជាច្រើន សម្រាប់​សង្គមជាតិ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ជាក់ស្ដែង​ផ្លូវ​មកកាន់​ខេត្តព្រះវិហារ បច្ចុប្បន្ន​ងាយស្រួល​ធ្វើដំណើរ​។

​សមិទ្ធផល​នានា​ដែលមាន​នាពេល​សព្វថ្ងៃនេះ​កើតឡើង ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា តាំងពី​បាតដៃ​ទទេរ រហូតដល់​មាន​ធ្វីៗ​គ្រប់បែបយ៉ាង មានការ​រីកចំរើន​ជា​លំដាប់​មាន វត្ត​អារាម​មន្ទីរពេទ្យ​សាលារៀន​ស្ពាន​ផ្លូវលំ​ថ្នល់ មាន​សំណង់​អគារ​ខ្ពស់ៗ ស្ពាន​អាកាស​ខ្វាត់ខ្វែង​ឆ្លងកាត់​ទន្លេ​ត​ភ្ជាប់​ព្រំដែន ជា​សរសៃឈាម​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​។​

ដោយ​មើលឃើញ​កម្ពុជា មាន​សុខសន្តិភាព​សុវត្ថិភាព​ស្ថិរភាព​នយោបាយ​ធ្វើឱ្យមាន​អ្នក​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​វិនិយោគ ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ និង​មាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជំរាបជូន​ពី​សភាពការណ៍​វិវត្តន៍​របស់​ប្រទេសជាតិ និង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូ​ស្រា្ត​លី​។ ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី បានផ្ដល់​ជំនួយ​ដល់​កម្ពុជា​៨៧​លាន​ដុល្លារ សម្រាប់​បន្ត​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។​

ក្នុងឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ បានប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៊ី ដែល​បាន​លួច​ចុះ​កិច្ចព្រមព្រៀង​កាត់ទឹក​ដី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ចំនួន​៤​ខេត្ត ទៅ​ឲ្យ​ជនជាតិភាគតិច​វៀតណាម និង​ប្រកាស​គាំទ្រ​នូវ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជា​រៀងរហូត​។​

លោក ជា គឺ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត បានឱ្យដឹងថា វត្ត​ទួល​អណ្ដែត​មាន​វ័យ​ចំណាស់​ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​ឆ្នាំ​១៨៩០ មាន​អាយុកាល​ប្រមាណ​១២៨​ឆ្នាំ​។ បច្ចុប្បន្ន​វត្តមាន​ការ​រីកចំរើន​គួរកត់សម្គាល់ សមិទ្ធផល​ដែល​បាន​កសាង​តាំងពី​ឆ្នាំ​២០១០ រួមមាន​រូបសំណាក​ព្រះ​ពុទ្ធរូប​បង្គោល​ភ្លើង​អាងទឹក​បង្គន់​អនាម័យ​ជួសជុល​ព្រះវិហារ​និង​សាលា​ធម្មសភា​ចំណាយ​ថវិការ​ជិត​២​ពាន់​លាន​រៀល​។

ថ្មីៗ​នេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានផ្ដល់​សមិទ្ធផល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាំ​ក្សាន្ត​នូវ​អគារសិក្សា​៣​សាលា មាន​៤២​បន្ទប់ អគារ​ទីចាត់ការ​៣​ខ្នង មាន​៩​បន្ទប់ ផ្ទះសំណាក់​គ្រូបង្រៀន​១​ខ្នង​១០​បន្ទប់ ចាក់ដី​បំពេញ​ទីធ្លា​តារាង​បាល់បោះ បាល់ទាត់ ចាក់​ផ្លូវ​បេតុង​កសាង​របង​ជួសជុល សាលារៀន​ចាស់​១​ខ្នង​៦​បន្ទប់​។​

​ក្នុងឱកាស​នោះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិការ​ក្រណាត់ស​ជូន​យាយជី​តាជី ថវិកា ដល់​សាលាស្រុក​លោកគ្រូ អ្នកគ្រូ ក្រុម​កាយ​រិ​ទ្ធិ​យុវជន យុវជន​កាកបាទក្រហម ក្រុមប្រឹក្សាឃុំ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​សឹក​រង​។ ប្រគេន​បច្ច័យ​វត្ត​១០.០០០​ដុល្លារ​។​ឧបត្ថម្ភ​អាយកូម​៣០​គ្រឿង ឲ្យ​ប្រជា​ការពារ​ឃុំ​ទឹក​ក្រហម ឧបត្ថម្ភ​កងពលធំ​លេខ​៣ កងពលតូច​លេខ ៧,៨,៩ និង​សាលាស្រុក​ជាំ​ក្សាន្ត នូវ​កុំព្យូទ័រ​មួយគ្រឿង​និង​ព្រី​ន​ធើ​មួយគ្រឿង​៕S/

​នាយ​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ផ្ដាំផ្ញើ​ដល់​កម្លាំងប្រដាប់អាវុធ​និង​ពលរដ្ឋ​ត្រូវការពារ​សន្តិភាព​