នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា សម្តែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស៊ីម៉ាក់​

752
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប : ក្នុងឱកាស​ដែល​អញ្ជើញ​ទស្សនកិច្ច នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​កំចាត់មីន ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០១៨​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម កងយោធពល​ខេមរភូមិន្ទ បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ស៊ីម៉ាក់​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត សម្រាប់​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា រួច​ផុតពី​ការរង​គ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ការ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ គឺជា​ការលះបង់​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​បែងចែក​ស្ថានភាព​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជា​៤​ផ្នែក គឺ​ទី​១. គ្រាប់មីន​គ្រប់​ប្រភេទ ភាគច្រើន​មាន​ច្រើន​នៅតាម​បណ្ដា​ស្រុក​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ , ទី​២. គ្រាប់បែក​ទម្លាក់​ពីលើ​យន្ដហោះ​មាននៅ​សល់​ច្រើន​នៅ​ព្រំដែន​ភាគ​ខាងកើត ដូចជា​ខេត្ដ​រតនគីរី និង​មណ្ឌល​គី​រី ស្វាយរៀង​ព្រៃវែង ជាដើម , ទី​៣. គ្រាប់បែកដៃ គ្រាប់កាំភ្លើង​ផ្សេងៗ​មាននៅ​គ្រប់​ទីកន្លែង និង​ទី​៤. គឺ​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​។​

​លោក ហេង រតនា បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​២៥​ឆ្នាំ មកនេះ​កម្ពុជា​សម្រេចបាន​នូវ​ការ​បោសសំអាត​ផ្ទៃដី​មីន បាន​ចំនួន​ជាង​១.០០០​គីឡូម៉ែត្រ​ក្រឡា និង​បាន​បំផ្លាញចោល​នូវ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​ជាង​២​លា​នន​៧​សែន​គ្រាប់ ដែល​ការងារ​នេះ​គឺជា​ភាពជោគជ័យ​ដ៍​ធំធេង ដែល​បាន​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ហើយ​កម្ពុជា​គ្រោង​នឹងមាន​ផែនការ​បោសសំអាត​មីន​ឲ្យ​បាន​ជាង​១.២០០​គីឡូម៉ែត្រ​ក្រឡា​ដល់​ឆ្នាំ​២០២៥ នៅលើ​ផ្ទៃដី​ដែល​នៅសល់​៦០​ភាគរយ ព្រោះ​បច្ចេកវិទ្យា និង​ចំណេះដឹង​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​លើ​វិស័យ​កំចាត់មីន​៕B