នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី: “កម្ពុជា​គ្រោង​បញ្ជូន​កម្លាំង​កង​អាវុធហត្ថ​បន្ថែម​ទៅ​តំបន់​បេសកកម្ម​នៅ​ស៊ូដង់​”

866
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ​: កម្ពុជា​ស្នើ​អង្គការសហប្រជាជាតិ​ព​ន្លឿ​ន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ក្នុងការ​ចល័ត​កម្លាំង​អាវុធហត្ថ​បន្ថែម​៤៦​នាក់ នៅ​ស៊ូដង់​ខាងត្បូង​ទៅលើ​កម្លាំង​ចាស់​ដែលមាន​ស្រាប់​។

​ខាងលើនេះ​ជា​ប្រសាសន៍​លើកឡើង​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ នាឱកាស​ជួប​សវនាការ​និង​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក​នា​សប្តាហ៍​កន្លងទៅនេះ​។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បាន​លើកឡើងថា “​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ​បាន​ប្រជុំពិភាក្សា អំពី​ការបញ្ជូន​កម្លាំង​អាវុធហត្ថ​បន្ថែម ក្នុង​តំបន់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​ជា​ញឹកញាប់​មកហើយ​ដែរ និង​ក៏បាន​យល់ព្រម​ជាមួយគ្នា នៅឡើយ​តែ​ត្រូវ​រង់ចាំ​ធ្វើ​ការចុះ MOU ជាមួយគ្នា​។ អាស្រ័យ​ដោយ​ប្រការ​ខាងលើ​នេះហើយ កម្ពុជា​ស្នើសុំ​ទៅ​ភាគី​អង្គការសហប្រជាជាតិ ធ្វើយ៉ាងណា ព​ន្លឿ​ន​ការងារ​ក្នុង​ការចុះ​អនុស្សរណៈ​នេះ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​បន្ថែមថា ចំពោះ​កម្លាំង​អាវុធហត្ថ​របស់​កម្ពុជា គឺមាន​កម្លាំង​ត្រៀម​រួចជាស្រេច ដែល​ពួកគេ​បានទទួល​ការហ្វឹកហ្វឺន​ត្រឹមត្រូវ ទៅតាម​និយាម​ការ​របស់​អង្គការសហប្រជាជាតិ​៕