(ភ្នំពេញ) ៖ ក្រោយពីទទួលបានដំណឹងមរណភាពរបស់ភរិយារបស់នាយ ឆ្លាំង កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ដោយសារជំងឺទាចទឹក ភ្លាមៗនោះបានធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរ ជាមួយការចូលរួមរំលែកទុក្ខនេះដ៏សោកសៅដល់គ្រួសារនាយ ឆ្លាំង ផងដែរ។
យ៉ាងណាម៉េញ ប្រធានក្រុមកំប្លែងរួមក្រុម គឺនាយ ក្រឹម ក៏បានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះនាយ ឆ្លាំង ដើម្បីចូលរួមរំលែកទុក្ខ និងនាំយកថវិកាមួយចំនួន ដើម្បីឧបត្ថម្ភចូលរួមបុណ្យសពប្រពន្ធនាយ ឆ្លាំង ផងដែរ ខណៈតារាចម្រៀងលោក ហេង ពិទូក៏បានចូលបុណ្យសពប្រពន្ធនាយឆ្លាំង ចំនួន២០ម៉ឺនរៀលផងនោះ។
ប្រភពពីអ្នកសិល្បៈរួមអាជីពជាមួយនាយ ឆ្លាំង បានបង្ហើបថា ខណៈពេលដែលប្រពន្ធចាប់ផ្តើមធ្លាក់ខ្លួនឈឺជំងឺទាចទឹកដំណាក់កាលដំបូង ដោយសារមានជីវភាពខ្វះខាត់នោះ នាយ ឆ្លាំង ពុំមានលទ្ធភាពបញ្ជូនប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យឡើយពោលគឺត្រឹមតែសម្រាកព្យាបាលនៅផ្ទះតាមរយៈគ្រូខ្មែរប៉ុណ្ណោះ(ទឹកថ្នាំខ្មែរ)។ លើសពីនេះទៀត ពេលដែលភរិយារបស់នាយ ឆ្លាំង ស្លាប់នេះដែរគឺនាយស្ទើររកប្រាក់ធ្វើបុណ្យឲ្យភរិយាគ្មានផង ដោយហេតុថា បច្ចុប្បន្ននាយ ឆ្លាំង សឹងតែរកអង្ករច្រកឆ្នាំងក៏គ្មាន។ប៉ុន្តែដោយមានក្តីអាណិតអាសូរ ក៏មានប្រជាពលរដ្ឋអ្នករស់នៅក្នុងភូមិជាមួយនាំគ្នា ជួយម្នាក់បន្តិចៗដើម្បីបានប្រាក់ធ្វើបុណ្យឱ្យប្រពន្ធ។
ពេលនេះសពប្រពន្ធរបស់តារាកំប្លែងនាយ ឆ្លាំង បច្ចុប្បន្ន គឺកំពុងតម្កល់ទុកធ្វើបុណ្យស្ថិតនៅទឹកដីឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្រោយទទួលព័ត៌មានមរណភាពនេះ លោក សុះ ម៉ាច តំណាតឲ្យមូលនិធិសិល្បៈចាស់ជរា កាលពីថ្ងៃ២២មិថុនាក៏បាននាំយកថវិការ១លានរៀល អង្កវីតាមីន៥កេះ និង ភេសជ្ជៈទឹកសំរង មកចូលបុណ្យសពប្រពន្ធរបស់នាយឆ្លាំងផងដែរ។
បើបងប្អូន សប្បុរសជន សម្តេចឯកឧត្តម មានបំណងចូលបុណ្យសូមទាក់ទង់តាមលេខទូស័ព្ទ 077762626/ 017990332។
សូមបញ្ជាក់ថា ភរិយានាយ ឆ្លាំង បានធ្លាក់ខ្លួនឈឺជំងឺទាចទឹក គឺមានរយៈពេលយូរឆ្នាំមកហើយ ក្នុងនោះដោយទ្រាំទ្រនឹងជំងឺពុំបាន ភរិយានាយ ឆ្លាំង ក៏បានលាចាកលោក ដោយលបន្សល់ទុកកូនប្រុស-ស្រីកំព្រាចំនួន២នាក់ នារសៀលថ្ងៃទី២១ ខែ មិថុនា កន្លងមកនេះ៕
