នាយ តាក់ស៊ី ក្រោយ​ធូរ​ពី​ជំងឺ​ប្រចាំកាយ ស្រាប់តែ​ទិញ​រថយន្ត​មួយគ្រឿង​

334
ចែករម្លែក

ភ្នំពេញ​៖ តារា​កំប្លែង​នាយ តាកស៊ី ក្រោយពី​ធូរស្រាល​ពី​ជំងឺ​ប្រចាំកាយ​ហើយ​ស្ងាត់ៗ ស្រាប់តែ​ឃើញ​បង្ហោះ​ទទួល​រថយន្ត ម៉ាក Toyota Corolla មួយគ្រឿង​ថ្មី កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ដោយមាន​ឃើញ​ប្រពន្ធ​នាយ​ក្រូច និង​បងប្អូនមក​អបអរ​ទៀត។

តារា​កំប្លែង ដែល​ល្បី​មាន​ជំងឺ​ប្រចាំកាយ ជំងឺ​ទឹកនោមផ្អែម នៅតែ​តស៊ូ​ខំប្រឹង​រស់ នាយ តាក់ស៊ី ត្រូវបាន​បង្ហោះ​វិ​ឌី​អូ រៀបរាប់​យក​រថយន្ត​មួយគ្រឿង​ចូល​ផ្ទះ និង​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់លោក​ប្រចាំថ្ងៃ​។ លោក​បាន​បកស្រាយ​ថា រថយន្ត​របស់លោក​មួ​យ​នេះ ជា​លុយ​របស់លោក​ខ្លះ មាន​សប្បុរសជន និង​មិត្ត​ភ័ក្ត្រ​របស់លោក នាំ​ប្រមូល​ជួយ​ទិញ​រថយន្ត ឱ្យ​លោក​មួយគ្រឿង​នេះ​។

ប៉ុន្តែ​លោក​បាន​អះអាងថា នៅ​ជំពាក់​គេ​ប្រមាណ ២​ពាន់​ដុល្លារ​ទៀត ហើយក៏​សុំឱ្យ​រថយន្ត​ថ្មី​របស់លោក ជួយ​តាម​រក្សា​លោក ជូនទៅ​ធ្វើការ បាន​លុយ ដើម្បី​រក​សងលុយ​គេ​វិញ​ផង​។ នាយ តាក់ស៊ី បាន​ប្រាប់ទៀតថា ការពិត លោក​គ្មាន​លុយ​ច្រើន​ទៅ​ទិញ នោះទេ ក៏ប៉ុន្តែ​មាន​មិត្ត​ភ័ក្ត្រ និង​សប្បុរសជន រៃ​គ្នា​ផ្ញើមក​ជួយ​លោក ហើយ​លោក​ក៏​សូម​អគុណ​យ៉ាងខ្លាំង ដែល​មិត្ត​ខ្លះ នាំគ្នា​រៃ​ម្នាក់ ១០០, ២០០ ទៅ ៥០០ ដុល្លារ ជួយ​លោក​។ ជាមួយគ្នា​នោះ លោក​ក៏​ប្រាប់​ដែរ​ថា សព្វថ្ងៃនេះ លោក​នៅផ្ទះ​ជាមួយ​តារា​សម្តែង​នាយ ក្រូច ដែលជា​ដៃគូ​កំប្លែង​ជាមួយគ្នា ទាំង​ក្រុមគ្រួសារ​នាយ​ក្រូច បាន​ចាត់ទុកជា​សមាជិក​ម្នាក់ អនុញ្ញាតឱ្យ​រស់នៅ​ជាមួយគ្នា​។

​សូម​រំលឹកថា កាលពី​ខែ​មុន តារា​កំប្លែង​នាយ តាក់ស៊ី បាន​សាង​ផ្នួស​ម្តង​ហើយ ប៉ុន្តែ​មិនអាច​ស៊ូ​បានឡើយ ព្រោះ​ស្ថានភាព​ជំងឺ​ប្រចាំកាយ​របស់លោក គឺ​ជំងឺ​ទឹកនោមផ្អែម ចេះតែធ្វើ​ទុក្ខ រហូត​មិនអាច​ទ្រាំ​នៅ​ជា​ព្រះសង្ឃ​ទៀត​បាន ក៏​សឹក​លាចាក​សិក្ខាបទ​។ ក្រោយ​ស្ថានភាព​ជំងឺ​របស់លោក មាន​ភាពប្រសើរ​ឡើងវិញ មាន​កម្លាំង អាចធ្វើ​ការ​បាន​វិញ នាយ​តាក់ស៊ី ក៏​មិន​នៅ​ស្ងាត់ៗ​ដែរ គឺ​ចេញ​ធ្វើការ​ដូច​មុន ចេញ​ទៅលេង​កំប្លែង ចុះ​តាម​ខេត្ត​តាម​កម្មវិធី​នា​ន​ជាច្រើន បើទោះបីជា​មិនមែនជា​មនុស្ស មាន​សុខភាព​រឹងមាំ​ក៏ដោយ​៕ ដោយ​៖ បូ​រិ​ន​