នាយ ហ្វ័​រ​ជី និង​ពិធីករ ជី​ណា មិន​ខ្លាច​លំបាក​ស៊ូ​ចែក​អំណោយ​ដល់​អា​រ៉ែ​ង​

1112
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ទឹកដី​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ហើយ​ស្ថានភាព​ផ្លូវ​មហា​សែន​លំបាក​នៃ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង ប៉ុន្តែ​ក្រុម​តារាៗ នាយ ហ្វ័​រ​ជី (4G) និង ពិធីករ ជី​ណា មិន​ខ្លាច​លំបាក​ស៊ូ​ចែក​អំណោយ​ដល់​សិស្សានុសិស្ស ដែលមាន​ជីវភាព​ក្រីក្រ និង​លោកគ្រូ​អ្នកគ្រូ​ដែល​កំពុង​ប​ង្រៀ​ង នៅ​សាលាបឋមសិក្សា​ចំនួន​៣​នា​តំបន់​នោះ​។

​នាយ ហ្វ័​រ​ជី និង​ក្រុម​សប្បុរសជន​មួយក្រុម បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ ពោលគឺ​តំបន់​អា​រ៉ែ​ង នៃ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។ លោក ហ្វ័​រ​ជី បាន​បញ្ជាក់ថា នេះ​គឺជា​កម្មវិធី​សិល្បៈ នៃ​ការចែករំលែក ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ខុន​សណ្តាប់ KSD ពុះ​ដី​ឡូ​តិ៍ និង​ផ្ទះល្វែង​។ សកម្មភាព​លើក​នេះ ជា​ទឹកចិត្ត​អាណិត​ស្រលាញ់​ក្មេង និង​គោរព​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​លះបង់​ក្នុង​ការបង្រៀន​ពួកគាត់ ទោះជា​លំបាក​បន្តិច​ក៏​នៅតែ​ជម្នះ​។ លោក​បញ្ជាក់ថា តំបន់​ខ្លះ​កំ​ថាឡើយ​ឡាន​ម៉ូតូ​ជិះ​ទៅដល់ សូម្បីតែ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក៏​ពិបាក​ដែរ ហើយ​ថែមទាំង​មាន​ភ្លៀង​ធ្លាក់​ទៀតផង​។​

​លោក ហ្វ័​រ​ជី បាន​និយាយថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​បុគ្គលិក​ជិត​៣០​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ទឹក​ន​ដី​នោះ​ដោយផ្ទាល់​ដើម្បី​ចែកជា​សម្ភារៈ​សិក្សា​ដល់​ប្អូនៗ និង​ផ្តល់​ជា​គ្រឿង​ឧ​ភោគ​បរិភោគ និង​ថវិការ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ​៤០​ម៉ឺន​រៀល​ផងដែរ​។ ដើមឆ្នាំ​សិក្សា​ថ្មី ទើប​ជួយ​សម្រួល​ដល់​ពួកគាត់​ខ្លះ ដែល​សរុប​នៃ​ការចំណាយ គឺ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាម៉េរិក​ជា​បន្ទុករ​បស់​ក្រុមហ៊ុន និង​មាន​ការជួយ​ចែករំលែក​ជួយ​ពី​ក្រុម​បុគ្គលិក​ផងដែរ​។ ទោះ​ឆ្លងកាត់​ការលំបាក​ក៏​ក្រុមការងារ​ថ្នាក់ដឹកនាំ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ដែល​បានរួម​ចំណែក​ជួយ​ដល់​កិច្ចការងារ​សង្គម បើទោះបីជា​ចំ​នួ​នេះ​មិន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ការជួយ​គ្នា​ទៅវិញទៅមក និង​បណ្តុះ​ស្មារតី និង​សិល្បៈ​នៃ​ការចែករំលែក​។

​ពិធីករ ជី​ណា បាន​ប្រាប់ថា លោក​ជាមួយ នាយ ហ្វ័​រ​ជី កន្លងមក​ព្រមទាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក៏​ធ្លាប់ធ្វើ​សកម្មភាព​សប្បុរសធម៌​បែបនេះ នៅលើ​ទឹកដី​នៃ​ខេត្តក្រចេះ​ផងដែរ ហើយ​គឺជា​សកម្ម​ភាពចុះ​ផ្ទាល់ សួរសុខទុក្ខ ចែករំលែក​ក្តី​ស្រលាញ់​ចំពោះ​ក្មេងៗ​។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ក្រុមហ៊ុន​នឹង​បន្ត​ចេញទៅ​សាលាបឋមសិក្សា​មួយ​នៅ​ខេត្តក្រចេះ​នោះ​ជាថ្មី​ក្រោយពី​មើលឃើញ​ពី​ភាពខ្វះខាត​សម្ភារៈ​សិក្សា អណ្តូងទឹក​នៅ​សាលា​មួយ​នោះ​។ ក្រុមការងារ​ទាំងអស់ និង លោក ក៏​រំពឹងថា​ការចែក​ក្តី​ស្រលាញ់ ថវិកា​នេះ​នឹង​ក្លាយជា​ទៅជា​កម្លាំងចិត្ត​សម្រាប់​ប្អូនៗ​បន្ត​ការខិតខំ​តស៊ូ​សិក្សា​រៀនសូត្រ និង​បន្ត​យកចំណេះ​ដឹង​នោះ​ជួយ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​នៅ​ថ្ងៃ​អនាគត​៕