នារី​ឆ្នើម ៥៦​រូប ទទួលបាន​ជ័យលាភី​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៩

159
ចែករម្លែក

ដោយ​មូល​សម្បត្តិ​៖(​ភ្នំពេញ​)៖ លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​លោកស្រី អ៉ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​អបអរ​សារ​ទរ និង​កោតសរសើរ​ដល់​នារី​ឆ្នើម ៥៦​រូប ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ដណ្តើមយក​ជ័យលាភី​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​។​

​មានប្រសាសន៍​រួមគ្នា​នា​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុង​កម្មវិធី​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​នារី​ឆ្នើម​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រាជធានី​ភ្នំពេញ រដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​ផ្តាំផ្ញើ​ដល់​នារី​ឆ្នើម​ទាំងអស់​ដែល​បានទទួល​ជ័យលាភី សូម​បន្ត​ខិតខំ​អភិវឌ្ឍ​ខ្លួន និង​ចូលរួម​ចែករំលែក​បទពិសោធន៍ ភាពជោគជ័យ​របស់ខ្លួន​ទៅកាន់​នារី​ដទៃទៀត ក្នុងន័យ​រួមគ្នា​ពង្រឹង​សាមគ្គីភាព និង​បណ្តាញ​នារី ព្រមទាំង​បង្កើន​ន​វា​នុ​វត្ត​ថ្មីៗ ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក ថោង ខុន បាន​រំពឹងថា​សិក្ខាសាលា​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​នារី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​កម្មវិធី​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​នារី​ឆ្នើម​ផ្នែក​ឯកជន​ក្នុង​វិ​ស​យ័​ទេសចរណ៍​ថ្ងៃនេះ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​នារី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ ភាពជោគជ័យ​នៃ​ការងារ​របស់ខ្លួន ពិសេស​រួមចំណែក​លើកកម្ពស់ និង​ផ្ដល់​គុណ​តម្លៃ​ចំពោះ​ស្ត្រី កំពុង​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​»​។​

​លោក​រដ្ឋមន្ត្រី​មាន​សុ​ទិ​ដិ្ឋ​និយម​ថា ក្រុម​នារី​នេះ​នឹង​ក្លាយទៅជា​បណ្តាញ​ដ៏​ល្អ​សម្រាប់​ទំនាក់ទំនង ចែករំលែក​នូវ​បទពិសោធន៍ ព័ត៌មាន និង​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ក្នុងករណី​ដែលមាន​ការរំលោភបំពាន ឬ​អំពើហិង្សា​កើតឡើង​។ អ្វីដែល​លោក​កាន់តែ​រំពឹងទុក​នោះ គឺ​ការ​ផ្តើមចេញពី​ក្រុម​នារី​ឯកជន ដោយ​ឈានទៅ​ចាប់យក​ភាពលេច​ធ្លោ​ជា​វិជ្ជមាន​ក្នុងនាម​ជា «​នារី​ឆ្នើម​» ដែល​ប្រកបទៅដោយ​គុណវុឌ្ឍិ​ក្នុង​វិជ្ជាជីវៈ និង​ជំនាញ​។​

​លោក ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​យេនឌ័រ​ក្រសួងទេសចរណ៍ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ធនធាន​ស្ត្រី ជាពិសេស​ជំរុញ​ការលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃ​ស្ដ្រី និង​បង្កើន​ភាព​អង់អាច ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា សំដៅ​ធ្វើឱ្យ​កម្ពុជា ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅក្នុង​តំបន់​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ​។​

​ខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដែល​សម្រេច​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កិច្ចការនារី ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ ឆ្លើយតប​ទៅនឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​” ដែល​ផ្តល់ឱកាស​ការងារ​ដល់​ស្ត្រី​សំដៅ​ពង្រឹង​ភាពជា​ម្ចាស់ រួមចំណែក​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា នារី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ បាននិងកំពុង​ដើរតួនាទី សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យមាន​និរន្ត​ភាព និង​បរិ​យា​ប័ន្ន​»​។​

​ជាមួយគ្នានេះ លោកស្រី អ៉ឹ​ង កន្ថាផាវី បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រសួងទេសចរណ៍​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​។ នាង​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​ពេញចិត្ត​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​ក្នុង​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​នារី​ឆ្នើម ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​ស្ត្រី ដែល​បាន​ខិតខំ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​អង្គសិក្ខាសាលា​នា​ថ្ងៃនេះ ក៏​ជា​ឱកាស​មួយ​ដើម្បីឱ្យ​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍ អាច​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍ ចំណេះដឹង បញ្ហា​ប្រឈម និង​ដំណោះស្រាយ សំដៅ​ពង្រឹង​ការលើកកម្ពស់ គុណភាព និង​គុណ​តម្លៃ​របស់​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​កម្ពុ​ជាមាន​សន្តិភាព ស្ថេរភាព និង​មាន​ការរីក ចម្រើន​លើ​គ្រប់​វិស័យ ទាំង​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ការទូត ដែលជា​ហេតុ​នាំ ឱ្យ​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​សកលលោក មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រសួងទេសចរណ៍​ដែល​បាន​ផ្តួចផ្តើម​គំនិត និង​រៀបចំ​ឱ្យ​មានការ​ចងក្រង​បណ្តាញ​នារី​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បណ្តាញ​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការផ្តល់​ប្រឹក្សា​យោបល់​ឱ្យ​គ្នា​ទៅវិញទៅមក ក្នុងន័យ​កសាង និង​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ស្ត្រី ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​។​ស្ត្រី​បាន​បំពេញ​តួនាទី​បំរើ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​ជាង​60%​នៃ​ការងារ​លើ​វិស័យនេះ​៕

លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍
លោកស្រី អ៊ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី