នារី​ជនបទ​ដែល​តស៊ូ​នឹង​ជំងឺមហារីក​ឆ្អឹង​ជង្គង់​អស់​ជាង​បី​ឆ្នាំ​ទទួលមរណភាព

1066
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា នាំយក​ថវិកា​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ​ចំនួន​
២​លាន​រៀល​ចូលរួម​បុណ្យសព​និង​រូបភាព​នាង​មិនទាន់​ពិការ​និង​ក្រោយ​ពិការ​(រូបថត ច័ន្ទ​គារ)​

ដោយៈ​ច័ន្ទ​គារ​/​សៀមរាបៈ​នារី​ម្នា​ក់វ័យ​២១​ឆ្នាំ​បានទទួល​មរណភាព​បន្ទាប់ពី​រូបនាង​បាន​តស៊ូ​នឹង​ជំងឺមហារីក​ឆ្អឹង​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ទោះបី​ជើង​របស់​នាង​ត្រូវបាន​កាត់ចោល​ដើម្បីបញ្ចៀស​នៅ​ជំងឺ​នោះ​ក្តី ។​

កញ្ញា យ៉ែម ប៊ុ​ន្នី អាយុ​២១​ឆ្នាំ បានទទួល​មរណភាព​នៅវេលា​ម៉ោង​សូន្យ​និង​៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២​ខែមេសា​ស្ថិតនៅ​ផ្ទះ​របស់​នាង​ក្នុងភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​បន្ទាប់ពី​បញ្ជូន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ព្រោះតែ​មិនអាច​ព្យាបាល​ជំងឺ​ចុងក្រោយ​របស់​នាង​បាន ។​

កញ្ញា យ៉ែម ប៊ុ​ន្នី គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ចំនួន​៥​នាក់ ស្រី​២​នាក់​និង​ប្រុស​៣​នាក់ មានទីលំនៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ។​ឪពុក​នាង​ឈ្មោះ យ៉​ន់ យ៉ែម អាយុ​៤៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ រិ​ន រ៉េត អាយុ​៣៩​ឆ្នាំ ។​

លោក​យ៉​ន់​យ៉ែម​ត្រូវជា​ឪពុក​បាន​រៀបរាប់ថា​កូនស្រី​ច្បង​ឈ្មោះ​យ៉ែម​ប៊ុ​ន្នី​បានកើត​ជំងឺមហារីកចាប់តាំងពី​នាង​អាយុ​ជាង​១៨​ឆ្នាំ​មក​។​ដំបូង​មាន​ជំងឺ​ពក​នៅ​ក្បាលជង្គង់​ខាងឆ្វេង​។​ជំងឺ​នោះ​ចេះតែ​ចុក​អួល​ជាប្រចាំ ប៉ុន្តែ​ឪពុកម្តាយ​មិនបាន​ចាប់អារម្មណ៍​ថា​កន្លែង​ឈឺ​នោះ​មាន​ជំងឺ​អ្វី​កើតឡើង​នោះទេ​។​
លោក​យន់​យ៉ែម​បាន​បន្តទៀតថា​រយៈពេល​២​ឆ្នាំ​ជាង​ដែល​កូនស្រី​របស់គាត់​មានការ​ចុកចាប់​យ៉ាងខ្លាំង​ត្រង់​ក្បាលជង្គង់​ហើយក៏​សម្រេចចិត្ត​នាំមក​ពេទ្យ​ជំនាញ​មួយ​នៅ​ខេត្តសៀមរាប​ទើបដឹងថា​នាង​កើត​ជំងឺមហារីក​។​
ក្នុងដំណាក់កាល​កើត​មហារីក​នោះ​ឪពុកម្តាយ​បាន​នាំ​កូន​ទៅ​ភ្នំពេញ​ដើម្បី​រក​ការព្យាបាល​ជាច្រើន​មន្ទីរពេទ្យ​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ទាំង​ការធ្វើដំណើរ​ទាំង​ការព្យាបាល​ជាការ​ធានា​ខុសត្រូវ​និង​ឧបត្ថម្ភ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ភរិយា​។​

ប៉ុន្តែ​ពី​មន្ទីរពេទ្យ​មួយ​ទៅ​មន្ទីរពេទ្យ​មួយ គេ​តម្រូវ​ឲ្យ​ធ្វើការ​កាត់​ជើង​លើ​ក្បាលជង្គង់ អាចធ្វើ​ឲ្យ​នាង​រួច​ផុតពី​ជំងឺមហារីក​បាន​។ នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៧ កញ្ញា យ៉ែម ប៊ុ​ន្នី ត្រូវបាន​ឪពុកម្តាយ​នាំមកកាត់​ជើង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​និង​មានការ​ឧបត្ថម្ភ​ជួយ​ជ្រោមជ្រែង​ថវិកា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ​និង​ភរិយា​ដដែល​។​ក្រោយពី​ការ​កាត់​ជើង​របស់​នាង​រួចមក ជើង​របស់​នាង​បានជា​សះស្បើយ​និង​មិនមាន​អ្វី​ប្លែក​ចុកចាប់​ដូច​មុន​ទៀត​ទេ​។​

​នៅ​ដំណាក់កាល​បន្ទាប់មកទៀត​ជើង​ពិការ​របស់​នាង​ចាប់ផ្តើម​រើ​ឡើងវិញ​មានន័យថា​ជំងឺមហារីក​មិនអាច​ជាសះស្បើយ​វិញ​បានទេ​ហើយ​ឪពុកម្តាយ​ក៏បាន​ជូន​នាង​មក​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដោយ​ជម្ងឺ​របស់​នាង​ធ្ងន់ធ្ងរ​ពេក នាង​ក៏បាន​លាចាក​លោក​ទៅ​។​

កញ្ញា យ៉ែម ប៊ុ​ន្នី កាលនៅមានជីវិត

​នៅ​ព្រលប់​ថ្ងៃទី​២២​ខែមេសា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​បាន​នាំយក​ថវិកា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ​ចំនួន​២​លាន​រៀល ទៅ​ចូលរួម​បុណ្យសព​ក្រុមគ្រួសារ​កញ្ញា យ៉ែម ប៊ុ​ន្នី នៅ​គេហដ្ឋាន​ផ្ទាល់​។​ក្នុងឱកាស​នោះ​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​ក៏បាន​ស​ម្តែ​ក​ការសោកស្តាយ​យ៉ាងពន់ពេក​ចំពោះ​ការបាត់បង់​ជិវិត​របស់​ក្មួយ​ស្រី ព្រោះថា​រយៈពេល​ជាង​៣​ឆ្នាំនេះ លោក​ឧ​ត្ត​ម​សេនីយ៍ទោ ខេង​រ៉ា​តែងតែ​តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ​បាន​ចុះសាកសួរ​សុខទុក្ខ​និង​ប្រាស្រ័យ​ទាក់ទង ជាមួយ​ក្រុមគ្រួសារ​និង​ក្មេងរងគ្រោះ​ជាប្រចាំ​៕​មន​