នារី​ជើង​ខ្លាំង​វ៉ៃ​អ្នករត់​សំបុត្រ​ទក់​សាច់ ហើយ​ចុងក្រោយ​ដោះសា​រថា​មកពី​នាង​មក​រដូវ​

858

បុរស​រត់​សំបុត្រ​ម្នាក់ ជួប​រឿង​អាក្រក់​ដោយ​ត្រូវ​នារី​ជើង​ខ្លាំង​ម្នាក់​វ៉ៃ​ទក់​សាច់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយសារតែ​គាត់​ប្រគល់ កញ្ចប់​សំបុត្រ​ឱ្យ​នាង​យឺតយ៉ាវ​តែ​ប៉ុន្មាន​នាទី​។

​នៅក្នុង​វីដេអូ​កា​មេ​រា​សុវត្ថិភាព ដែល​ត្រូវបាន​បង្ហោះ​សុសសាយ​ពេញ បណ្តាញ​អ៊ិន​ធឺ​ណិ​ត គេ​ឃើញ​នារី​ជើង​ខ្លាំង​ម្នាក់ នៅក្នុង​ទីក្រុង​ជូ​ចូ​វ (Zhuzhou) ខេត្ត​ហឺ​ណាន ប្រទេស​ចិន ឈ្លោះ​គ្នា​ជាមួយ​អ្នករត់​សំបុត្រ​ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​របស់​ចិន ZTO Express ដែល​បានប្រគល់​កញ្ចប់​សំបុត្រ​ឱ្យ​នាង​យឺតយ៉ាវ​តែ ៥ នាទី​។ ការ​ប្រកែក​គ្នា​កាន់តែ​តឹងសរសៃក ហើយ​ទីបំផុត​ស្ត្រី​ជើង​ខ្លាំង បាន​យក​ឆត្រ វាយ​ក្បាល​បុរស​រត់​សំបុត្រ និង​អុក​ពីរ​បី​កែង​ទៀត​។

​ដោយសារតែ​ខ្លួន​អ្នករត់​សំបុត្រ បុរស​កំសត់​ឈ្មោះ គ័​រ ជុន​លាំង (Guo Junliang) បាន​ព្យាយាម​ចាកចេញ​ពី​កន្លែងកើតហេតុ​ដោយ​អត់ធ្មត់ ប៉ុន្តែ​បែរជា​ត្រូវ​បុរស​ម្នាក់​ដែលជា​បក្ខពួក​របស់​ស្ត្រី​ជើង​ខ្លាំង​ខាងលើ វាយ​ទាត់​ធាក់​ដើមទ្រូង និង​ក្បាលពោះ​បន្ថែមទៀត បណ្តាលឱ្យ​គាត់ រងរបួស​គ្រាំ​ក្នុង និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​ក្រោយពី​បែកធ្លាយ​ករណីនេះ​ដល់​សារព័ត៌មាន នាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នាង​សោកស្តាយ​ចំពោះ​ទង្វើ​ហិង្សា​របស់ខ្លួន​ដែល​នោះ ដោយសារតែ​នាង​មក​រដូវ​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ឆេវឆាវ​ហើយ​អះអាងថា នាង​មិន​ស្គាល់​បុរស​ជនដៃដល់​ម្នាក់ទៀត​ទេ​។

ទោះជា​បកស្រាយ​យ៉ាងណាក៏ដោយ ក៏​ពេលនេះ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕ ​ប្រែ​សម្រួលៈ​ខុម​