នារី​ម្នាក់​ទើប​ចេញពី​ក្លឹប ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​៣​គ្រាប់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

467

(​ភ្នំពេញ​)៖ មាន​ករណី​ខ្មាន់កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់ សម្លាប់​ស្ត្រី​ម្នាក់​ជា​កម្មការិនី កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ ជ្រៃ​កោង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សព​ស្ដ្រី​ដែល​ត្រូវគេ​បាញ់ប្រហារ​នោះ ឈ្មោះ ស៊ីម អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី រោងចក្រ​កាត់ដេរ ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ស្រុកកំណើត​នៅឯ​ខេត្តតាកែវ​។​

​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា ករណីនេះ បើតាម​ការសួរនាំ និង​សន្និដ្ឋាន​ជា​ជំហាន​ដំបូង គឺ​កើតឡើង​ដោយសារតែ​ទំនាស់​ពាក្យសម្ដី នៅ​កន្លែងកើតហេតុ​ផ្ទាល់​តែម្ដង​។ លោក​បញ្ជាក់ថា ពេលនេះ​កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង លើក​ករណី​មួយ​នេះ​បន្ដទៀត​។​

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​មាន​គ្នា​ចំនួន​ប្រាំ​នាក់​ប្រុស​ពី​នាក់​ស្រី​បីនាក់ បាន​ចេញពី​ក្លឹប មី​ត​ណាយ ដោយ​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​ម៉ូតូ​ខូច​មួយគ្រឿង​ក៏​បណ្ដើរ​មក​ធ្វើ​នៅ​ចំណុចកើតហេតុ​។ នៅពេលដែល​ជាង​កំពុង​ធ្វើ​ម៉ូតូ ក៏​ស្រាប់​តែមាន​ម៉ូតូ​ពីរ​គ្រឿង ម៉ាក់​សង់ ពណ៌​ខ្មៅ​មួយគ្រឿង Scopy មួយ​ពណ៌​ស​១​គ្រឿង មាន​គ្នា​ចំនួន​បួន​នាក់ (​ប្រុស​) បាន​ឈប់​ម៉ូតូ​នៅមុខ​តូប​ក្បែរ​កន្លែងកើតហេតុ ហើយ​បាន​ទិញ ទឹក​ស្ទី​ង​មួយ​ដប នៅពេលនោះ​ជនរងគ្រោះ​គ្រាន់តែ​និយាយថា ឈប់​ម៉ូតូ​ខាង​នោះ​មើល​មក​ខាង​នេះ​ធ្វើ​អ្វី បន្ទាប់​ក្រុម​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ រួចហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន ចេញទៅ​ទិញ​ខាងកើត​បាត់​តែម្ដង​៕​L ដោយ៖ លីនណា