ដោយ:ចាន់តូ/ភ្នំពេញ ៖ យុវតីម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីលិចទូកនៅក្នុងបឹងមួយកន្លែង និងយុវជន២នាក់ទៀតបានហែលរួច បានទៅប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែត្រី ក្នុងភូមិតាគរ សង្កាត់សំរោងកណ្តាល ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញមានមនុស្សប្រុស២នាក់ និងស្រីម្នាក់បាននាំគ្នាជិះទូក លេងតាមទឹកបឹងខាងលើបានមួយសន្ទុះក៏លិចទូកចូលទៅក្នុងទឹកបាត់ដោយមិនដឹងមូលហេតុ។
ខណៈពេលនោះក៏ឃើញមនុស្សប្រុស២នាក់ដែលជិះទូកជាមួយបានហែលទឹកមកដល់គោក តែមិនឃើញនារីរងគ្រោះខាងលើហែលមក ក៏ស្រែកប្រាប់គេឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍រាវរកយុវតីខាងលើមិនឃើញ បានទាក់ទងទៅក្រុមគ្រួសារឲ្យមកកន្លែងកើតហេតុជួយរុករក។ រហូតដល់ម៉ោង៥ជាងល្ងាចនៅថ្ងៃខែឆ្នាំដដែលទើបឃើញសាកសពទាំងអាក្រាតកាយ។ ក្រុមគ្រួសារដោយឃើញបែបនេះសង្ស័យគេរំលោភសម្លាប់ ក៏នាំគ្នាយកទៅមណ្ឌលសុខភាពឫស្សីកែវ ដើម្បីឲ្យលោកគ្រូអ្នកគ្រូពេទ្យពិនិត្យមើល។
ក្រោយមកខាងមន្ទីរពេទ្យបានប្រាប់ថា នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកស្លាប់ ។ទោះជាយ៉ាងណាខាងសមត្ថកិច្ចនៅបន្តស្រាវជ្រាវបន្ថែមទៀត ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួលអស់លោក ដើម្បីធ្វើបុណ្យតាមប្រពៃណី៕B/Ha