នារី​វ័យក្មេង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់៣​ថ្ងៃ​ហើយ​រក​សាច់ញាតិ​មិនឃើញ សមត្ថកិច្ច​សម្រេច​បូជា​

1075
ចែករម្លែក
  • 3.5K
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ សាកសព​នារី​វ័យក្មេង​ម្នាក់ ក្នុងចំណោម​សាកសព​២​នាក់ ស្លាប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ណ៍រ​វាង​រថយន្តបុក​ជាមួយ​ម៉ូតូ​លេ​ត កាលពី​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​កី​«​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ សមត្ថកិច្ច​ស្រាវជ្រាវ​អស់​រយៈពេល​៣​ថ្ងៃ​ហើយ នៅតែ​មិនទាន់​ស្គាល់​អត្ត​សញ្ញា សាច់ញាតិ​របស់​សព​នារី​រងគ្រោះ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩​នេះ ដោយ​សាកសព​មាន​សភាព​ហើម ធំក្លិន សមត្ថកិច្ច​សម្រេច​បង្កើត​គណកម្មការ ដើម្បី​បូជាសព​នៅ​វត្ត​ទឹកថ្លា។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​នារី​វ័យក្មេង មាន​អាយុ​ប្រហែល​១៨​ឆ្នាំ ស្លៀកខោ​ខូវប៊យ ខៀវ​ប្រផេះ ជើងវែង ពាក់​អាវយឺត ពណ៌​ខៀវ វៀល ក បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមជាមួយ យុវជន​ម្នាក់ទៀត ដែល​ស្គាល់​អត្ត​សញ្ញា​មានឈ្មោះ​ស៊ុ សុភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន មាន​ទីលំនៅ ភូមិ​ចាន់​ល្អង ឃុំ ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ដោយឡែក​នារី​វ័យក្មេង​ម្នាក់ រួម​ដំណើរ​ជាមួយ ហើយ​ជួប​គ្រោះថ្នាក់​ជាមួយគ្នា​ដែរនោះ ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ អាយុ​ជាង​១០​ឆ្នាំ មកដល់ពេលនេះ​សភាព​របួស វង្វេង​បាត់​ការចងចាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​នៅឡើយ ។​

​ប្រភព​បន្តទៀតថា ជនរងគ្រោះ​ទាំង​៣​នាក់ ឌុប​គ្នា​វិលត្រឡប់​មកពី​ដើរលេង​វិញ នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ទាំង​៣​នាក់ ប្រុស​ម្នាក់ ស្រី​២​នាក់ ជិះ​ម៉ូតូ ម៉ា​កលេត​មួយគ្រឿង ពណ៌ ស ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HN-7425 បើកបរ​ដោយ​ជនរងគ្រោះ ស៊ុ សុភាព ធ្វើដំណើរតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​កែង​ផ្លូវ​៣០​ម៉ែត្រ បាន​បុក​រថយន្ត បែន កង់​១០មួយគ្រឿង ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ព្រៃវែង3A-0048 ដែល​បើក​តាមផ្លូវ​ជាតិ​លេខ​៣​ពី​ជើង​ទៅ​ត្បូង បត់​ឆ្លងផ្លូវ ទៅតាម​ផ្លូវ​៣០​ម៉ែត្រ ទៅ​កើត បណ្តាល​ឲ្យភាគី​ខាង​ម៉ូតូ​ស្លាប់​២​នាក់ របួស​ស្រី​ម្នាក់ ហើយ​រថយន្ត​មិនបាន​ឈប់ឡើយ នៅ​បន្តដំណើរព្យាយាម​បើក​រត់គេច បាន​ចំងាយ​ជាង​៣​គីឡូម៉ែត្រ ដល់​ចំណុច​ភូមិ​ព្រៃ​ល្ងរ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ អ្នកបើកបរ​ភ័យ​ស្លន់​ពេករេ​ចង្កូត​ទៅ​បំណែក​ផ្លូវ​ម្ខាង ធ្លាក់​ក្រឡាប់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ អ្នកបើកបរលូន​ចេញ​រត់គេច​បាត់ស្រមោល។​

​ក្រោយ​កើតហេតុ សាកសព​យុវជន​ម្នាក់ ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​ខាង​ខេត្តកំពង់ធំ ចំណែក​សាកសព​នារី​ម្នាក់ ត្រូវបាន​ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា អស់​រយៈពេល​៣​ថ្ងៃ​ហើយ សមត្ថកិច្ច​ស្រាវជ្រាវរក​សាច់ញាតិ​មិនទាន់​ឃើញ​ទៀត ហើយ​សព​ក្នុង​សភាព​ហើមធំក្លិន ទើប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា នេះ សមត្ថកិច្ច​បង្កើត​ជាគ​ណ​កម្ម​ការ​មួយ សម្រេច​បូជាសព​នារី​ម្នាក់​ខាងលើ​ហើយ។​

​សមត្ថកិច្ច​អំពាវនាវ​ផងដែរ​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ ដែល​សង្ស័យថា​បាត់ សមាជិកគ្រួសារ សាច់ញាតិ កូន ចៅ ដូច​ភិនភាគ​ខាងលើ មេត្តា​ទំនាក់ទំនង សាកសួរ​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ ឬ​សាកសួរ​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុងភ្នំពេញ៕​B/