នារី​ស្រស់ស្អាត​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​យកទៅ​បាត់​

220
ចែករម្លែក

ដោយៈ​ប​.​ជ័យ​
បន្ទាយ​មាន​ជ័​យៈ​
នារី​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ​ត្រូវ​ជន​មិន​ស្គាល់ មុខ​ចាប់​ឡើង​រថយន្ត​នៅវេលា​ម៉ោងជាង​៦​យប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ រហូតមក ទល់​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នេះ នៅ​មិនទាន់​ដឹង​ដំណឹង​នៅឡើយ​។​នេះ​បើ​យោងតាម​គេហទំព័រ​នគរបាលជាតិ​នា​ល្ងា​ថ្ងៃទី​១៤​ខែមីនា​។​

​ប្រភព​ដដែល ​បាន​ស្រង់​សម្តី​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ មក​បញ្ជាក់ថា នារី​ដែល​ត្រូវ​ចាប់​យកទៅ​បាត់​នោះ​ឈ្មោះ អឿន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​សព្វថ្ងៃ​បម្រើការ​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​

លោក​វរសេនីយ៍ទោ​ បញ្ជាក់ថា ក្រោយពី​មាន​ករណី​ចាប់​នារី​រងគ្រោះ ​ឈ្មោះ អឿន ស្រី​និ​ច កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ និងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​អូរ​បី​ជាន់ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ​ជុំវិញ​ករណីនេះ ។

ឈ្មោះ អឿន ស្រី​និ​ច អាយុ​២៤​ឆ្នាំ (​រូប​ប៉ូលិស​)​

ប្រភព​ដដែល ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៣ ខែមីនា ​គឺ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ​១០​ឆ្នាំ យក​ឡេ​ទៅ​ឲ្យ​គេ​នៅ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ ពេល​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ក្តាប់​អត្តសញ្ញាណ​មិនបាន បើករថយន្ត​កាមរី ​ពណ៌​ខ្មៅ មិន​ចាំ​ផ្លាកលេខ​ បាន​ហៅ​ម៉ូតូ​ឲ្យ​ឈប់ ចម្ងាយ​ ៣០​ ម៉ែត្រ ដើម្បី​និយាយ​គ្នា​។ ពេលនោះ ​នារី​រងគ្រោះ ​និយាយថា យើង​មិនដែល​ស្គាល់គ្នា​ផង ហើយ​ជនសង្ស័យ​ម្នាក់​ បាន​ចុះ​ពីលើ​រថយន្ត​ ចាប់​នារី​រង​គ្រោះ​ដោយនិយាយ​ថា អូន​ឯង​ធ្វើបាប​ចិត្ត​បង​ណាស់ រួច​ទាញ​ចូល ក្នុង​រថយន្ត​បើក​ចេញទៅ​បាត់ ។​

លោក​អធិការ​ បាន​បញ្ជាក់ថា ឆ្លងតាម​ការស្រាវជ្រាវ នារី​រងគ្រោះ​ធ្លាប់មាន​សង្សារ ហើយ​បាន​ភ្ជាប់ពាក្យ ​ជាមួយ​បុរស​ម្នាក់ ​ឈ្មោះ​ គុណ សារ៉ាក អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​ មកម្ល៉េះ​ នឹង​រៀបការ​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នេះ​។ បើទោះបីជា​បាន​ភ្ជាប់ពាក្យ​ ជាមួយ​បុរស​ឈ្មោះ គុណ សារ៉ាក់ រួចហើយ​ក្តី តែ​សង្សារ​ចាស់ ​ឈ្មោះ សៀន ភា​រ័ត្ន នៅតែ​ឧស្សាហ៍​ឆាត​មករ​កនាង ។

ទាក់ទិន​នឹង​ករណី​ចាប់​នារី​រងគ្រោះ​ ឈ្មោះ អឿន ស្រី​និ​ច នេះ គឺជា​ករណី​នាំពង្រត់ ឬក៏​ជា​ករណី​រត់តាម​សង្សារ​ចាស់ ដែលមាន​ឈ្មោះ សៀន ភា​រ័ត្ន​នោះ ​យ៉ាងណាទេ ព្រោះ​កំពុង​ធ្វើ​តែ​ស្រាវជ្រាវ​ ឲ្យ​បានច្បាស់លាស់​៕v