នាវាចម្បាំងអាម៉េរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់អំឡុងពេលឈ្លោះគ្នារឿងមេរោគកូរ៉ូណា

98
ចែករម្លែក

នាវាចម្បាំងអាម៉េរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ក្នុងសកម្មភាពមួយដែលធ្វើឱ្យរបបក្រុងប៉េកាំងខឹងយ៉ាងខ្លាំង ខណៈប្រទេសទាំងពីរកំពុងមានជម្លោះនឹងគ្នាជុំវិញជំងឺកូវីដ១៩។

កងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកបានផ្ញើសារលើ Twitter នៅថ្ងៃព្រហស្បតិ៍ទី២៦មីនានេះ ដោយបញ្ជាក់ថា នាវាពិឃាតបំពាក់មីស៊ីលបញ្ជាទិស USS McCampbell បានបើកឆ្លងកាត់ច្រកសមុទ្រនេះកាលពីមួយថ្ងៃមុន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវានេះកំពុងបំពេញ “បេសកកម្មធម្មតា” តាមរយៈផ្លូវទឹកដែលខ័ណ្ឌចែករវាងកោះស្វ័យគ្រប់គ្រងនេះនិងចិនដីគោក។

ការបើកឆ្លងកាត់របស់នាវានេះកើតឡើងនៅពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងចិន និងបន្ទាប់ពីប៉េកាំងបានបន្លាចកោះតៃវ៉ាន់ម្តងហើយម្តងទៀតជាមួយការសម្ញែងយន្តហោះយោធានិងនាវាចម្បាំង បើទោះជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

ប៉េកាំងនិងវ៉ាស៊ីនតោនបានចោទគ្នាទៅវិញទៅមកអំពីប្រភពដើមនៃវីរុសកូរ៉ូណា ដោយប្រធានាធិបតីដូណាល់ត្រាំបានធ្វើឱ្យប៉េកាំងខឹងជាខ្លាំង ដោយហៅមេរោគកូរ៉ូណាថា “វីរុសចិន”។

ក្រុមមន្ត្រីជាន់ខ្ពស់ចិនក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមតបវិញដែរអំពីប្រភពដើមនៃមេរោគនេះថាវាចេញពីយោធាអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

នាវា USS McCampbell ​បើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ