នាវាចម្បាំង​វៀតណាម​បញ្ចប់​ការចូលរួម​របស់​ខ្លួន​ក្នុងការ​ធ្វើ​សមយុទ្ធ​សមុទ្រ​អាម៉េរិក​-​អាស៊ាន​

297
ចែករម្លែក

​នាវាចម្បាំង​No.18​របស់​កងទ័ពជើងទឹក​វៀតណាម​បាន​បញ្ចប់​ការចូលរួម​របស់​ខ្លួន​នៅក្នុង​ធ្វើ​សមយុទ្ធ​សមុទ្រ​រួម​អាម៉េរិក​-​អាស៊ាន​លើកដំបូង​នៅ​ឈូង​សមុទ្រ​ថៃ​កាលពី​ថ្ងៃ​សុក្រ​​ទី​៦​កញ្ញា​។​

​សមយុទ្ធ​តាម​សមុទ្រ​អាម៉េរិក​-​អាស៊ាន​(AUMX)​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​Sattahip នៅ​ប្រទេស​ថៃ ហើយ​បិទ​បញ្ចប់​នៅ​សិង្ហ​បុរី​។​

​ក្រុម​សមាជិក​នាវិក​នៃ​នាវា​វៀតណាម​នេះ ជា​ផ្នែក​មួយ​នៃ​ក្រុម​ទ័ព​ចម្រុះ​ជាមួយនឹង​កងទ័ពជើងទឹក BRP Ramon Alcaraz របស់​ហ្វីលីពីន និង​កងទ័ពជើងទឹក​KDB Darulaman​របស់​ព្រុយ​ណេ​។​

​នៅក្រោម​ការបញ្ជា​នៃ​កងទ័ព​ហ្វីលីពីន​និង​ព្រុយ​ណេ ដែល​ដឹកនាំ​ដោយ​ប្រធាន​នាវា លោក​Hilarion Cesista នោះ នាវា​វៀតណាម​នេះ បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​​ដោយ​រួមទាំង ការបញ្ជូន​និង​ទទួល​សារ​អេឡិចត្រូនិច (PUBEX) និង ការប្រាស្រ័យ​ទាក់ទង​តាម​ភ្លើង​សញ្ញា (FLASHEX) និង​លំ​ហាត់​ហ្វឹកហាត់​ថតរូប​តាម​អាកាស និង​ការ​​ធ្វើ​នាវាចរណ៍​នៅពេល​យប់ (PHOTOEX) ព្រមទាំង​ការហ្វឹកហាត់​ផ្សេងៗ​ទៀត​ជាមួយ​នាវា​ហ្វីលីពីន ព្រុយ​ណេ និង អាម៉េរិក​។​

​សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុងពេល​ដែល​មាន​ការចូល​ពាក់ព័ន្ធ​ច្រើន​ឡើង​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​ហើយ​កើត​ឡើង​ស្រប​ពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​​ក្រុម​ប្រទេស​អាស៊ី​អាគ្នេយ៍​អំពី​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​

​សមយុទ្ធ​AUMX​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​លោក Jim Mattis អតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាម៉េរិក​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​អាស៊ាន​១០​ប្រទេស​នៅ​ខាងក្រៅ​​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​កាលពី​ខែតុលា​ឆ្នាំ ២០១៧ នៅ​ប្រទេស​ហ្វីលីពីន​។​

​នាវាចម្បាំង​៨​គ្រឿង យន្តហោះ​៤​គ្រឿង​និង​កងទ័ព​ជាង​មួយ​ពាន់​នាក់​មក​ពី​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​១០​ប្រទេស បាន​ចូលរួម​សមយុទ្ធ​សមុទ្រ​រួម​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

នាវាចម្បាំង​No.18 របស់​កងទ័ពជើងទឹក​វៀតណាម​ដែល​បាន​ចូលរួមរ​ធ្វើ​សមយុទ្ធ​សមុទ្រ​រួម​អាម៉េរិក​-​អាស៊ាន​លើកដំបូង​នៅ​ឈូង​សមុទ្រ​ថៃ​កាលពី​ថ្ងៃ​សុក្រ​

#