នាវាចម្បាំង​អាម៉េរិក​បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​ប្រមុខ​ការពារជាតិ​អំពាវនាវ​អោយ​ប្រជាជាតិ​អាស៊ី​ចេញ​តតាំង​

1243
ចែករម្លែក

​នាវាចម្បាំង​អាម៉េរិក បាន​បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ជិត​បណ្តា​កោះ​ដែល​អះអាង​កម្មសិទ្ធិ​ដោយ​ចិន​ចំនួន​២​លើក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ចំ​ពេល​មាន​ភាព​តា​ន​​តឹង​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​។​

​កាល​ពីថ្ថៃ​ពុធ​ទី​២០​វិច្ឆិកា នាវា​ប្រយុទ្ធ​Gabrielle Giffords បាន​ធ្វើដំណើរ​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មី​ស​ឆី​ហ្វ រី​ហ្វ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេ​បញ្ជា​​ការ និង​ជា​អ្នកនាំពាក្យ​កង​នា​វាទី​៧​អាម៉េរិក​លោកស្រី រី​ន ម៉ូ​ម​សេន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នាវា​ពិឃាត Wayne E. Meyer ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោកស្រី​បាន​បន្ថែមថា​«​បេសកកម្ម​ទាំងនេះ​ផ្អែក​លើ​នីតិរដ្ឋ និង​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុងការ​រក្សា​សិទ្ធិ សេរីភាព​និង​ការប្រើប្រាស់​សមុទ្រ​និង​ដែនអាកាស​អោយមាន​​ប្រយោជន៍​សំរាប់​ប្រជាជាតិ​ទាំងអស់​»​។​

ក្នុង​រូបភាព​ថត​កាលពី​ថ្ងៃ​១៥​កញ្ញា ឆ្នាំ​២០១៩ នាវិក​នៃ​កងទ័ពជើងទឹក​អាម៉េរិក ជិះ​លើ​ទូក​ពោង​ចេញពី​នាវា​ពិឃាត​USS Wayne E. Meyer

​ចិន​អះអាង​កម្មសិទ្ធិ​លើ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខា​ត្បូង​ធំធេង ដោយ​ជាន់គ្នា​នឹង​ការអះអាង​កម្មសិទ្ធិ​របស់​ប្រទេស​មួយចំនួន​រួមមាន​វៀ​ត​ណាម ហ្វីលីពីន និង​កោះ​តៃវ៉ាន់​ផងដែរ​។​​ចំណែក​អាម៉េរិក​មិន​មាន​ចំណែក​ទឹកដី​ត្រូវ​អះអាង​អធិបតេយ្យភាព​ទេ តែ​ប្រើ​ទ្រឹស្តី «​សេរីភាព​នាវាចរណ៍ »​ដើម្បី​បង្ហាញ​វត្តមាន​យោធា​របស់​ខ្លួន​ជារឿយៗ​ក្នុង​តំបន់​នេះ​។​

​សូម​រំលឹក​ថា ក្នុងជំនួប​មួយ​នៅ​សប្តាហ៍​នេះ​នៅ​ក្រុង​បាងកក រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក វេ ហ្វុង​ហ្គឿ បាន​ស្នើសុំ​សម​ភាគី​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ អោយ​អាម៉េរិក​ឈប់​​បញ្ចេញ​សាច់ដុំ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កុំ​បង្ក​និង​បង្កើន​ភាព​តានតឹង​នៅ​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នេះ​។​

​តែ​ក្រោយមក​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​កាលពី​ថ្ងៃ​ពុធ ប្រមុខ​ការពារ​ជាតិ​អាម៉េរិក បាន​ចោទប្រកាន់​ចិន​ថា​ប្រើ​ការបង្ខិតបង្ខំ​និង​បំភិតបំភ័យ លើ​ប្រជាជាតិ​អាស៊ី​​តូចៗ ដើម្បី​ដាក់​ឆន្ទៈ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​លោក​បាន​ទទូច​អោយ​វៀតណាម​និង​ប្រជាជាតិ​ឯ​ទៀត​និង​តំបន់​តតាំង​នឹង​ចិន​។​

​លោក​បាន​និយាយថា​« យើង​នឹង​មិន​ទទួលយក​ការប៉ុនប៉ង​ដើម្បី​អះអាង​កម្មសិទ្ធិ​ដែនសមុទ្រ​ដោយ​ខុស​ច្បាប់​លើ​បណ្តា​ប្រទេស​ដែល​គោរព​ច្បាប់​។​អាម៉េរិក​ប្រឆាំង​យ៉ាង​មុតមាំ​​ការបំភិតបំភ័យ​ដោយ​អ្នកអះអាង​កម្មសិទ្ធិ​ណាមួយ​ដើម្បី​អះអាង​កម្មសិទ្ធិ​ទឹកដី ឬ​ដែន​សមុទ្រ ហើយ​យើង​ក៏​អំពាវនាវ​អោយ​បញ្ចប់​សកម្មភាព​គំរាម​បំភិតបំភ័យ​ដោយ​ខុសច្បាប់​»៕​ដោយ​៖​វាសនា​