នាវាមុជទឹក​ជប៉ុន​ស្ថិតនៅ​កំពង់ផែ​វៀតណាម​

730
ចែករម្លែក

នាវាមុជទឹកមួយគ្រឿងរបស់ជប៉ុនបានមកដល់កំពង់ផែCam Ranh របស់វៀតណាមកាលពីថ្ងៃចន្ទទី១៧កញ្ញា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ។

នេះគឺជាលើកទីមួយហើយដែល នាវាមុជទឹកKuroshio របស់ជប៉ុននេះ ចូលចតនៅដែនសមុទ្រវៀតណាម។នាវាមុជទឹករបស់កងទ័ពជើងទឹកជប៉ុន ដែលមានប្រវែង៨២ម៉ែត្រនេះ ដឹកក្រុមនាវិកចំនួន៨០នាក់។

លោក Duong Nam Khanh អនុប្រធាននៃនាយកដ្ឋានទំនាក់ទំនងបរទេសនៃខេត្តKhanh Hoa ដែលមានកំពង់ផែCam Ranh នេះ បាននិយាយថា ” ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពជើងគោកនិងកងទ័ពជើងទឹកនៃប្រទេសទាំង២ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២នេះ “។

ក្រុមនាវិកនៃនាវាមុជទឹកនេះនឹងលេងកីឡាមិត្តភាពនិងផ្លាស់ប្តូរជំនាញនិងបទពិសោធន៍ជាមួយកងទ័ពជើងទឹកវៀតណាម ដែលការពារកោះ Spratly។ ក្រុមនាវិកជប៉ុននេះ បានគ្រោងទៅកាន់រមណីយដ្ឋានមួយនៃទីក្រុងNha Trang នៅភាគខាងជើងនៃកំពង់ផែCam Ranh នេះ។

សារព័ត៌មានReuters បានរាយការណ៍កាលពីថ្ងៃចន្ទថា នាវាKuroshioនេះ ក៏បានក្លាយជានាវាមុជទឹកជប៉ុនដំបូងគេដែលចូលរួមសមយុទ្ធកងទ័ពជើងទឹកមួយ នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រទេសវៀតណាមហៅសមុទ្រនេះថាសមុទ្រខាងកើត៕

នាវាមុជទឹកជប៉ុនKuroshio ចតនៅកំពង់ផែCam Ranh នៅប្រទេសវៀតណាម