នាវា​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ២​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពង្រឹង​ទំនាក់ទំនង​មិ​ត្ដ​ភាព​

326
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ នាវា​ចំនួន ២ គ្រឿង​របស់​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ដែលមាន​ឈ្មោះថា “​សេ​តូ​យុ​គិ​” និង “​ស៊ី​ម៉ា​យុ​គិ​” ដឹកនាំ​ដោយ​វរ​នា​វី​ឯក យ៉ូ​ស៊ី​យូគី ណា​កា​ហ្គា​ម៉ា មេបញ្ជាការ​កងពលធំ​ហ្វឹកហ្វឺន​លេខ ១ នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៥​ដល់​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ហ្វឹកហ្វឺន​លើ​លំហ​សមុទ្រ​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បានឱ្យដឹងថា​៖ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិ​ត្ដ​ភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​ផ្សេងៗ ក៏ដូចជា​ដើម្បី​ផ្ដល់ ឱកាស​ឲ្យ​នាយ​នាវិក​កម្មសិក្សាការី​ចំនួន​១០៩​រូប​ដែល​ទើបបាន​ប​ពា្ច​ប់​ការសិក្សា បាន​ស្វែងយល់​អំពី​វប្បធម៌ និង​វិស័យ​យោធា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា វរ​នា​វី​ឯក យ៉ូ​ស៊ី​យូគី ណា​កា​ហ្គា​ម៉ា នឹង​ធើ្វ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម សាលា​ខេត្ដ​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ហើយ មាន​គំរោង​ធើ្វ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលជួប​សំដែង​ការគួរសម​ជាមួយ​មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​ផងដែរ​។​

​សូមជម្រាបថា​ពិធី​ស្វាគមន៍​ការមកដល់​របស់​នាវា​ទាំងពីរ នឹង​ប្រារឰឡើង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ចាប់ពី​ម៉ោង ១០:៣០ ព្រឹក នៅឯ​ផែ​ចាស់​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​៕ ល​

#