នាវា​កងទ័ពជើងទឹក​ចិន​ជាច្រើន​គ្រឿង​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

1513
ចែករម្លែក

​នាវា​កងទ័ពជើងទឹក​ចិន​រាប់សិប​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សប្តាហ៍​នេះ​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​នៅក្នុង​ការបង្ហាញ​កម្លាំង​​ធំ​មួយ​នៅឯនា​យកោះ​ហៃ​ណាន់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នេះ​បើតាម​រូបភាព​ផ្កាយរណប​បានបង្ហាញ​។​

រូបភាពផ្កាយរណបកាលពីថ្ងៃ២៦មីនាបង្ហាញក្បួននាវាចិនក្នុងសមុទ្រចិនខាងត្បូង

​រូបភាព​ផ្តល់​ដោយ​ក្រុមហ៊ុន​Planet Labs Inc​អះអាងថា​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​បាន​ចូលក្នុង​ផ្លូវទឹក​ដ៏​សំខាន់ ជា​ផ្នែក​នៃ​អ្វីដែល​​កងទ័ពជើងទឹក​ចិន​កាលពីពេល​មុននេះ​បាន​ពណ៌នា​ថា​ជាការ​ហ្វឹកហាត់​ប្រយុទ្ធ ដែលជា​ផ្នែក​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ​តាម​ទម្លាប់​។​

​ក្រុម​នាវា​ផ្ទុក​យន្តហោះ​Liaoning​កាលពី​សប្តាហ៍​មុន បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ។

​រូបភាព​ថត​កាលពី​ថ្ងៃ​ចន្ទ បង្ហាញ​អ្វី​ទំនងជា​នាវា​យ៉ាងតិច​៤០​គ្រឿង​និង​នាវាមុជទឹក​បើក​ការពារ​នាវា Liaoning​ក្នុង​អ្វីដែល​ពួក​អ្នក​​វិភាគ​បាន​ពណ៌នា​ថា​ជាការ​បង្ហាញ​អំណាច​កងទ័ពជើងទឹក​ចិន​កាន់តែ​កើនឡើង​។​

​ដោយ​បើក​ជា​ក្បួន​ទំនងជា​សម្រាប់​ការឃោសនា​ផង កង​នាវា​នេះ​ដឹក​នាំមុខ​ដោយ​នាវាមុជទឹក ដោយមាន​យន្តហោះ​ហោះ​ពីលើ​។​

​ជេ​ហ្វ​ហ្វ្រី ឡេ​វី​ស អ្នកជំនាញ​សន្តិសុខ​នៅ​វិទ្យាស្ថាន​ស្តីពី​ការសិក្សា​យុទ្ធសាស្ត្រ Middlebury Institute of Strategic Studies​បាន​​និយាយថា រូបភាព​បានបង្ហាញ​ការអះអាង​ជា​លើកដំបូង​ថា នាវា​ផ្ទុក​យន្តហោះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​។​

​គេ​មិនដឹងថា​តើ​ក្រុម​នាវា​នេះ​តម្រង់​ទៅណា ឬថា​តើ​ប្រតិបត្តិការ​នេះ​ចំណាយពេល​ប៉ុន្មាន​នោះទេ ខណៈ​ក្រសួងការពារជាតិ​ចិន​មិនបាន​​ឆ្លើយតប​ភ្លាម​ចំពោះ​សំណួរ​។​

​ចំណែក​លោក ខូលីន កូ អ្នកជំនាញ​សន្តិសុខ​នៅ​សាលា​ស្តីពី​ការសិក្សា​អន្តរជាតិ​នៅ​សិង្ហ​បុរី បាន​ពណ៌នា​ព្រឹត្តិការណ៍​នេះ​មិនធម្មតា​ដោយ​​សារ​តែ​ទំហំ​និង​ប្រតិបត្តិការ​របស់​វា​។​

​សូមបញ្ជាក់ថា កងកម្លាំង​ទ័ពជើងទឹក​និង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន ត្រូវបាន​ពង្រីក​យ៉ាង​លឿន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​ឥឡូវ​ល្បាត​លើ​ដែន​​ទឹកធំ​ទូលាយ​នៃ​សមុទ្រ​ចិន​ខាងត្បូង តែ​គេ​ដឹង​តិចតួច​អំពី​ការត្រៀមខ្លួន​ប្រយុទ្ធ​និង​កិច្ចសម្របសម្រួល​របស់​កងកម្លាំង​នេះ​។​​កូ បាន​និយាយថា ក្រៅពី​នាវា​ពិឃាត នាវា​ហ្វ្រី​ហ្កា​ត​និង​នាវាមុជទឹក​ដែល​តាម​ធម្មតា​តាម​ការពារ​នាវា​ដឹក​យន្តហោះ កង​នាវា​ចិន​លើក​​នេះ​ទំនងជា​រួមមាន​នាវា​ដឹក​ប្រេង​មួយ សម្រាប់​ចាក់​ប្រេង ព្រមទាំង​នាវា​corvettes​តូច​ជាង​មុន​និង​ទូក​ប្រយុទ្ធ​ធុន​លឿន​។​

​លំ​ហាត់​សមយុទ្ធ​នេះ​កើតឡើង​ចំពេល​មាន​សញ្ញា​ថ្មី​អំពី​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​ដ៏​សំបូរ​ប្រភពធនធាន​ធម្មជាតិ​មួយ​នេះ ជាមួយ​​វៀតណាម ដែល​ទើប​បញ្ឈប់​ការ​ខួង​យក​ប្រេង​នៅឯ​នាយ​ឆ្នេរ​របស់ខ្លួន​ដោយសារតែ​រង​សម្ពាធ​ពី​ចិន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ជំទាស់​នឹង​អ្វីដែល​ហៅថា​សេរីភាព​នៃ​ការ​ល្បាត​នាវាចរណ៍​ដោយ​នាវាចម្បាំង​អាមេរិក​កាលពី​សប្តាហ៍​មុន​នៅ​ជិត​​កោះ​សិប្បនិម្មិត​មួយ​របស់ខ្លួន​នៅ​កម្រង​កោះ​ស្ព្រា​ត​លី​៕​ដោយ​៖​វាសនា​

#