នាវា​កម្សាន្ត​ដ៏​ប្រណីត​តម្លៃ ៩ លាន​ដុល្លារ​មាន​កញ្ចក់​បង្អួច​អាច​រូត​ពី​ពិ​ដាន​ចុះ​ដល់​ក្រោម​មើលឃើញ​ទេសភាព​សមុទ្រ​យ៉ាង​ធំ​ទូលាយ​

347
ចែករម្លែក

​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​នាវា​កម្សាន្ត ដែលមាន​ទេសភាព​សមុទ្រ​មើលឃើញ​ពេញភ្នែក​បំផុត​នោះ កំពូល​នាវា​នេះ​អាច​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូច​ជិះទូក​អណ្តែត​លើ​មេឃ​យ៉ាង​អ៊ីចឹង​។​

​នាវា​កម្សាន្ត​ដ៏​រលើបរលោង​ឈ្មោះ Arcadia A105 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីតាលី Arcadia និង​មានតម្លៃ ៩ លាន​ដុល្លារ​នេះ មាន​បង្អួច​កញ្ចក់​អាច​រូត​ពី​ពិ​ដាន​ចុះ​ដល់​ក្រោម​និង​មាន​កម្រាល​ឥដ្ឋ​កញ្ចក់​សុទ្ធ ដែល​ផ្តល់​ឱ្យនូវ​អារម្មណ៍​ភ្លឺរលោង​អស្ចារ្យ​បំផុត​។​

​អ្នក​រចនា​ម៉ូត​នាវា​នេះ​និយាយថា លក្ខណៈពិសេស​នេះ​កាត់បន្ថយ​តម្រូវការ​ម៉ាស៊ីនត្រជាក់ ហើយ​នាវា​នេះ​បាន​បំពាក់​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល ដែល​រឹត​បង្កើន​បន្ថែមទៀត​នូវ​អត្តសញ្ញាណ​ការពារ​បរិស្ថាន​របស់​វា​។​

​លោក ចាន​លូ​កា ពូ​អឺ​រី​អូ (Gianluca Poerio) អ្នកឯកទេស​ផ្នែក​ទីផ្សារ​នាវា​ប្រណីត​បាន​ប្រាប់ MailOnline Travel ថា បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​បាន​ជួយ​ធ្វើឱ្យ​នាវា​នេះ​កាន់​តែមាន​សំឡេង​ស្ងាត់ ហើយ​ពួកវា​ត្រូវបាន​រួមបញ្ចូល​ក្នុង​របៀប​មួយ​ជាទី​គាប់ចិត្ដ​បំផុត​។​

​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ផ្តល់នូវ​ថាមពល​គ្រប់គ្រាន់​ដល់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ដូចជា​ទូទឹកកក ម៉ាស៊ីនបូមទឹក បង្គន់ និង​អំពូល​ភ្លើង ខណៈដែល​អាគុយ​សំខាន់ៗ​កំពុង​បញ្ចូល​ថ្ម​។​

​នាវា​ប្រណីត​នេះ​អាច​មើល​ទេសភាព​សមុទ្រ​បាន​ធំ​ទូលាយ ដោយសារ​បង្អួច​កញ្ចក់​អាច​រូត​ពី​ពិ​ដាន​ចុះក្រោម​។​

​ក៏មាន​យ៉រ​អាច​ពន្លៀន​ចេញទៅ​ខាងក្រៅ​ដើម្បី​បង្កើត​រានហាល​រំលង​ពីលើ​ផ្ទៃ​ទឹកសមុទ្រ​ផងដែរ​។​

​តំបន់​បរិភោគ​អាហារ​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​អាចដាក់​មនុស្ស​បាន​១០​នាក់ ឬ​កន្លែង​ទទួលភ្ញៀវ​អាច​ប្រែ​ទៅជា​កន្លែង​ទទួលទាន​អាហារ​សម្រាប់​ដាក់​មនុស្ស​បាន​២០​នាក់​។​

​អំពី​កន្លែង​ស្នាក់នៅ​របស់​ភ្ញៀវ​វិញ នាវា​នេះ​មាន​គ្រែ​ភ្ញៀវ​ចំនួន ៨ ពាសពេញ​ជាន់​ទាំង ៤ របស់​វា​។​

​សម្រាប់​នាវិក គឺមាន​គ្រែ​ដេក​ចំនួន​៥​នៅក្នុង​ជាន់​ចំនួន​៣​។​

​ក៏មាន​កាប៊ីន VIP ធំៗ​ចំនួន​២​ផងដែរ​នៅលើ​នាវា​នេះ ដែលមាន​គ្រែ​ដេក​អាច​បត់​ចេញ​តែ​១​ក៏បាន និង​បត់​ចេញ​ជា​២​ក៏បាន និង​មាន​កាប៊ីន​ភ្ញៀវ​សា​គួ​មួយ​ថែមទៀត​ផងដែរ​។​

​នាវា Arcadia A105 ដំណើរការ​ដោយ​ម៉ាស៊ីន V8 កម្លាំង ១០០០ សេះ អាច​បើក​ក្នុង​ល្បឿន ៣២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស