នាវា​កាណាដា​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

491
ចែករម្លែក

​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​ថា​នាវា​កាណាដា​ច្រើន​គ្រឿង​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​បែងចែក​តៃវ៉ាន់​ពី​ចិន​នោះ ជា​ទង្វើ​មួយ​ដែល​អាច​បង្ក​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ដែល​អាក្រក់​ស្រាប់​នោះ​កាន់តែ​អាក្រក់​ឡើង​។​

​ការបើក​ឆ្លងកាត់​បែប​នេះ​ធ្វើឱ្យ​ចិន​ខឹងសម្បា ដែល​អះអាង​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​។​

​កាលពី​ខែ​មេសា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​បារាំង​ក្នុង​ការបញ្ជូន​នាវាចម្បាំង​មួយ​ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ ថា​ជា​ការខុសច្បាប់​។​

​ចិន​នៅ​សប្តាហ៍​នេះ​បាន​រាំងខ្ទប់​រាល់​ការនាំ​ចូល​សាច់​កាណាដា ខណៈ​ដែល​ជម្លោះ​ការទូត​និង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​(​កាណាដា​)​នេះ គឺ​កាន់តែ​ធ្ងន់ធ្ងរ​។​

​ចិន​កំពុង​ទាមទារ​ឱ្យ​កាណាដា​ដោះលែង នាយក​ប្រតិបត្តិ​ម្នាក់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​តាម​ដីកា​របស់​សហរដ្ឋ​អាម៉េរិក​។​

​ក្រសួង​ការពារជាតិ​កាណាដា​បាន​ទទួលស្គាល់ថា នាវា​២​គ្រឿង​ក្នុងចំណោម​នាវា​ច្រើន​គ្រឿង​របស់​ខ្លួន​បាន​ប្រើប្រាស់​ផ្លូវ​ច្រក​សមុទ្រ​នេះ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​បាន​បដិសេធ​​ថា​កាណាដា​មិន​បាន​ព្យាយាម​ធ្វើ​វា​ជា​បញ្ហា​នយោបាយ​ណាមួយ​នោះទេ​។​

​ក្រសួង​ការពារជាតិ​កាណាដា​បាន​និយាយថា ផ្លូវទឹក​ដែល​ត្រូវបាន​បើក​ឆ្លងកាត់​ដោយ​នាវា​ទាំងនេះ​គឺជា​ផ្លូវទឹក​ខ្លី​បំផុត​រវាង​វៀតណាម ជា​ទី​ដែល​នាវា​ទាំងនេះ​បាន​ធ្វើ​ទស្សនកិច្ច​​ហើយ​សមុទ្រ​នៅ​ក្បែរ​ប្រទេស​កូរ៉េខាងជើង​ជា​ទី​ដែល​កាណាដា​កំពុង​ជួយ​កម្ចាត់​ការរត់ពន្ធ​តាម​សមុទ្រ​។​

​លោកស្រី Ashley Lemire អ្នកនាំពាក្យ​នៃ​ក្រសួង​ការពារជាតិ​កាណាដា បាន​និយាយ​នៅក្នុង​អ៊ី​ម៉ែ​ល​ថា “​ការឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ មិន​ទាក់ទង​នឹង​ការធ្វើ​សេចក្តី​​បញ្ជាក់ប្រាប់​ណាមួយ​ឡើយ​” ។​លោកស្រី​បាន​ថ្លែង​កត់សម្គាល់ថា កាលពី​ខែ​តុលា​ឆ្នាំ​២០១៨ នាវា​យោធា​កា​ណាមួយ​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ ផងដែរ​។​

​ក្រសួង​ការពារជាតិ​កាណាដា​បាន​និយាយថា នៅ​ចំណុច​មួយ ដែល​យន្តហោះ​ចម្បាំង​ចិន​២​គ្រឿង​បាន​ហោះ​កាត់​ក្នុង​កម្រិត​ទាប​ក្នុង​ចម្ងាយ​៣០០​ម៉ែត្រ​ពី​នាវា​មួយ​ក្នុងចំណោម​​នាវា​ទាំង​២​នោះ​នៅ​ពេល​វា​បាន​កំពុង​ស្ថិត​នៅក្នុង​ដែនទឹក​អន្តរជាតិ​។​

​ដោយ​បាន​ថ្លែង​កត់សម្គាល់ថា នាវា​នេះ​បាន​បើក​ទៅជិត​ដែនទឹក​ចិនោះ ក្រសួង​ការពារជាតិ​កាណាដា​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការហោះហើរ​កាត់​​ពិសេស​នេះ មិនមែន​ជា​ការ​បង្កហេតុ បង្កឱ្យមាន​គ្រោះថ្នាក់​ឬ មិន​បាន​រំពឹងទុក នោះទេ ៕ដោយ៖សុខា/sn

នាវា​កាណាដា​មួយ បើក​នៅ​ជិត​កំពុងផែ​សមុទ្រ​ខ្មៅ​នៃ​ក្រុង​Odessa ប្រទេស​អ៊ុ​យក្រែន កាលពី​ខែ​មេសា​ឆ្នាំ​២០១៩