នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដែល​ឆេះ បាន​រសាត់អណ្តែត​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ជប៉ុន​

279

​អ្នកនាំពាក្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​ដែល​ឃ្លាំមើល​ស្ថានភាព​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​ថា នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ដែល​បុក​ជាមួយ​នាវា​ដឹកទំនិញ​ចិន​ហើយ​ឆេះ​កាលពីដើម​ខែមករា​នេះ បាន​រសាត់​ចូល​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន​។​

​អ្នកនាំពាក្យ​នេះ បាន​និយាយថា “​នាវា​ដឹក​ប្រេង​នេះ​បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​កោះ​អា​ម៉ា​មី អូ​ស៊ី​ម៉ា​។ យន្ដហោះ​ល្បាត​និង​នាវា​របស់​យើង កំពុង​តាមដាន​ស្ថានភាព​នេះ​។ ក្រុម​អ្នក​ពន្លត់ភ្លើង​ចិន កំពុងធ្វើការ​នៅ​កន្លែងកើតហេតុ​ដើម្បី​ពន្លត់ភ្លើង​ឆេះ​។ យើង​កំពុង​តាមដាន​ពិនិត្យមើល​ស្ថានភាព​នេះ​ដើម្បី​ចាត់វិធានការ បើសិន​មាន​សញ្ញា​នៃ​ការ​លេច​ធ្លាយ​ប្រេង ឬ មាន​មនុស្ស​ធ្លាក់​ចូលក្នុង​សមុទ្រ​នោះ​”​។

​កាលពី​ថ្ងៃទី​៦​ខែមករា នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ Sanchi ដែល​បាន​ចុះបញ្ជី​នៅ​ប៉ា​ណា​ម៉ា​និង​នាវា​ដឹកទំនិញ СF Crystal របស់​ក្រុង​ហុងកុង​បាន​បុក​គ្នា​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ចិន​។ យ៉ាងហោចណាស់​មនុស្ស​៣២ នាក់ គឺ​ជនជាតិ​អ៊ីរ៉ង់​៣០​នាក់​និង​ជនជាតិ​បង់​ក្លា​ដែ​ស​២​នាក់ បាន​ស្ថិតនៅលើ​នាវា​ដឹក​ប្រេង​នោះ​។​

​ប្រតិ​ប​ត្ដិ​ការស្វែងរក​និង​ជួយសង្គ្រោះ​មួយ​ត្រូវបាន​ចាប់ផ្តើម​ដើម្បី​រក​សមាជិក​នាវិក​ដែល​បាត់​ខ្លួន​របស់​នាវា​ដឹក​ប្រេង​នេះ​។ ទន្ទឹមនឹង​នេះដែរ សមាជិក​នាវិក​២១ នាក់​នៃ​នាវា​ដឹកទំនិញ​ហុងកុង​នេះ ត្រូវបាន​ជួយសង្គ្រោះ​៕ ដោយ៖ សុខា

​ផ្សែង​និង​ភ្លើង​ត្រូវបាន​គេ​ឃើញ​ចេញពី​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដែល​បាន​បុក​ជាមួយ​នាវា​ដឹកទំនិញ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត កាលពីដើម​ខែមករា​នេះ