នាវា​ដឹក​ប្រេង​២​ទំនង​ជា​រង​ការវាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​

242
ចែករម្លែក

​នាវា​ដឹក​ប្រេង​ចំនួន​២​ទំនង​ជា​រង​ការវាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ តែ​នាវិក​ត្រូវបាន​ជម្លៀស នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​សមុទ្រ​បាន​ប្រកាស​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មិថុនា នៅ​មួយខែ​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​ដែល​បណ្តាល​អោយ​ខូចខាត​នាវា​ដឹក​ប្រេង​ចំនួន​៤​នៅក្នុង​តំបន់​។​

​នាវា​ដឹក​ប្រេង​ពីរ​គឺ Front Altair និង Kokuka Courageous​ត្រូវបាន​ជម្លៀស​និង​នាវិក​របស់​វា​មាន​សុវត្ថិភាព​។​

​ក្រុម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​សមុទ្រ​របស់​អង់គ្លេស ដែល​ជា​ផ្នែក​មួយ​នៃ​កងទ័ពជើងទឹក​អង់គ្លេស បាន​និយាយ​មុន​នេះ​ថា ខ្លួន​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នៅ​ឈូង​សមុទ្រ​​អូ​ម៉ង់​នេះ​។​«​អង់គ្លេស​និង​ដៃគូ​របស់​ខ្លួន​កំពុង​ស៊ើបអង្កេត​»​។​

​ចំណែក​កងទ័ពជើងទឹក​អាម៉េរិក​បាន​អះអាង​ថា​ខ្លួន​កំពុង​ជួយ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​ក្រោយពី​ទទួល​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​។​

​ថ្លៃ​ប្រេង​បាន​កើនឡើង​៤​ភាគរយ ក្រោយពី​មាន​របាយការណ៍​អំពី​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ ដែល​រំលេច​អោយឃើញ​អំពី​ជម្លោះ​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​។​

​សូមបញ្ជាក់​ថា តំបន់​នៅ​ជិត​ច្រក​សមុទ្រហ័​រ​មូសនេះ ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​ធំ​មួយ​ដោយ​ប្រេង​ប្រើប្រាស់​ក្នុង​លោក​១​ភាគ​៥​ត្រូវ​ដឹក​ពី​បណ្តា​ប្រទេស​ផលិត​ប្រេង​នៅ​មជ្ឈិមបូព៌ា​កាត់​ផ្លូវ​​ទឹក​នេះ​។​

​នៅ​មិនទាន់​មាន​ការបញ្ជាក់​អះអាង​ភ្លាមៗ​ណាមួយ​ពី​ការី​នាវា​ឬ​អាជ្ញាធរ​នៅ​អូ​ម៉ង់​នៅឡើយ​ទេ​។​

​កាសែត​Tradewinds បាន​រាយការណ៍​ថា នាវា​ដឹក​ប្រេង​មួយ​ជា​របស់​ក្រុមហ៊ុនន័រ​វេស្ស​Frontline បាន​ត្រូវ​គ្រាប់​មីន​នៅ​ឯនាយ​ឆ្នេរ​កោះ​ហ្វ៊ុយ​ចាយ​រ៉ា​។​កាសែត​បាន​និយាយ​​តាម​ប្រភព​ព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​។​

​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​មួយ​បាន​និយាយថា​មានការ​ផ្ទុះ​មួយ ដោយ​«​សង្ស័យថា​ការវាយប្រហារ​មកពី​ខាងក្រៅ​នាវា​»​ដែល​អាច​ជា​គ្រាប់​មីន​ឆក់​លើ​នាវា​Kokuka​។​ចំណែក​ប្រភពព័ត៌​មាន​មួយទៀត​បាន​និយាយថា នាវា​Front Altair​បាន​រាយការណ៍​អំពី​អគ្គិភ័យ​បង្កឡើង​ពី​ការវាយប្រហារ​មួយ និង​ថា​ពួក​នាវិក​ត្រូវបាន​នាវា​ជិត​នោះ​ជួយ​យកចេញ​។​

​សូម​រំលឹក​ថា អារ៉ាប់​រួម​អេ​មី​រេត បាន​និយាយថា​ការវាយប្រហារ​កាលពី​ថ្ងៃ​១២​ឧសភា​លើ​នាវា​ដឹក​ប្រេង​៤​គ្រឿង ទំនង​ជា​បង្កឡើង​ដោយ​មីន ហើយ​អា​រ៉ាប៊ីសាអូឌីត​បាន​​បន្ទោស​លើ​អ៊ីរ៉ង់ តែ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាន​បដិសេធ​៕​ដោយ​៖​វាសនា​

រូបភាព​បង្ហាញ​នាវា​Front Altair​រង​អគ្គិភ័យ​នៅ​កណ្តាល​សមុទ្រ